អង្គការ និង​សហជីពគាំទ្រ ការ​ផ្តួចផ្តើម​រៀបចំ​បង្កើត​ទារក​ដ្ឋាន និងមត្តេយ្យសហគមន៍​តាម​តំបន់​ដែលមាន​រោងចក្រ​

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ប្រធាន​កម្មវិធី​អង្គការហេទ្បែន ខេលល័រ ប្រចាំកម្ពុជា លោក ជុំ សែនវាសនា បាន​ឱ្យ​ដឹង​​ថា ការ​បង្កើត​ទារ​ក​ដ្ឋាន​នៅ​តាម​តំបន់​រោង​ចក្រ​​ជា​ការ​ល្អមួយ​ដែលនឹង​​ជួយ​ដល់​ស្ដ្រី​ដែល​ជា​កម្មការីនី​រោង​ចក្រ ដោយ​​ពួក​គាត់​អាច​ផ្ដល់​ការ​បំបៅ​​​កូនៗដោយទឹកដោះ​​បាន​គ្រប់​គ្រាន់។

លោកបានបន្តថា​ ​​នៅ​​ពេល​ទារក និង​កុមារ​ទាំង​អស់​នោះ​​ទទួល​បាន​ទឹក​ដោះ​ពី​ម្ដាយ​បាន​គ្រប់​គ្រាន់ នោះ​នឹង​ធ្វើ​ឱ្យ​សុខភាព​របស់​ទារក​មាន​ភាព​រឹង​មាំ និង​មិន​ងាយ​ប្រឈម​នឹង​ជំងឺ​ឡើយ​។

លោក ជុំ សែនវាសនា បាន​លើកឡើងដូចនេះ បន្ទាប់ពីឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ​បានថ្លែង​​ស្នើ​ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​​សហការជាមួយ​ក្រសួងកិច្ច​ការ​នារី, ក្រសួងអប់រំ​ តំណាង​​និយោជក និ​ង​​ភាគី​កម្មករ​និយោជិត ​​សិក្សា​ពី​លទ្ធភាព​បង្កើត​ទារក​ដ្ឋាន និងមត្តេយ្យសហគមន៍​តាម​តំបន់​ដែ​លមាន​រោងចក្រ​ សហគ្រាស​។​

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងដូចនេះ ​នាឱកាសលោកបានចុះជួបសំណេះសំណាលជាមួយនឹង​​កម្មករ កម្មការិនី ប្រមាណជិតពីរម៉ឺននាក់ នៅ​ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពី​ថ្ងៃ​ទី២៩ ខែសីហា ឆ្នាំ​២០២៣។

ឯកឧត្តមបណ្ឌិតមានប្រសាសន៍ថា ៖ «​រាជរដ្ឋាភិបាល​បាន​គិតគូរជាជំហានៗ​ ដើម្បីជួយ​សម្រួលដល់​កម្មករ​កម្មការិនីដែល​មក​ធ្វើ​ការ​ជួប​ការលំបាកមិន​មាន​អ្នកថែទាំកូន ដោយ​ខ្លះ​អាច​យកកូន​ទៅផ្ញើ​អ្នកជិតខាង ឬជួលអ្នកថែទាំ។ ដូចនេះ សុំឱ្យ​បង្កើតទារកដ្ឋាន ឬមត្តេយ្យសហគមន៍ នៅ​ក្នុងប​រិវេណរោងចក្រនោះ ​ប៉ុន្តែកុំយកទារកដ្ឋានទៅដាក់ជាប់រោងចក្រ ​ដែលអាចប៉ះពាល់សុខភាពដល់ទារក ឬកុមារ​ដូចជាផ្សែងចេញពីរោងចក្រជាដើម»។

ជាមួយគ្នានេះ លោក ជុំ សែនវាសនា ក៏​បាន​ប្រាប់ឱ្យដឹងដែរ​ថា ៖ «​​បើ​កាល​ណា​មាន​កន្លែង​បំបៅ​ដោះ​កូន​ហ្នឹ​ង ខ្ញុំ​គិត​ថា​គឺ​វា​ល្អ ពីព្រោះ​វា​ធ្វើ​​ឱ្យ​ស្ដ្រី​គាត់​អាច​យក​កូន​មក​កន្លែង​ធ្វើ​ការ ទោះ​បី​គាត់​កំពុង​បំពេញ​ការ​ងារ​ក៏​ដោយ​។ អ៊ីចឹង​វា​ធ្វើ​ឱ្យ​សុខភាព​កូន​ល្អ បើ​ស្ដ្រី​គាត់​បាន​បំបៅ​ដោះ​កូន នេះ​យោង​តាម​អនុសាសន៍​ពីអ្ន​ក​ជំនាញ​ជាតិ និង​អង្គការ​សុខភាព​ពិភព​លោក​ផង​ដែរ​»​។

លោក​បន្ត​ថា ​​អនុសាសន៍​ទាំង​នោះ គឺ​តម្រូវ​ឱ្យ​ទារក​ដែល​ទើប​នឹង​កើត រហូត​ទៅ​ដល់ ៦​ខែ គឺ​ពួក​គាត់​ត្រូវ​តែ​​បំបៅ​ទឹក​ដោះ​កូន ខណៈ​ដែល​ច្បាប់​ការ​ងារ​របស់​កម្ពុជា កំណត់​បាន​តែ​រយៈ​ពេល​ ៣​ខែ​នោះ​ទេ​សម្រាប់​ឈ​ប់​សម្រាក​សម្រាល​កូន ស្រប​ពេល​បច្ចុប្បន្ន​នេះ រោង​ចក្រ និង​សហគ្រាស​​ជា​ច្រើន មិន​ទាន់​មាន​កន្លែង​សម្រាប់​ស្ដ្រី​ក្នុង​ការ​បំបៅ​ទឹក​ដោះ​កូន​។

លោក​បន្ថែម​ថា ៖ «ដូច្នេះ​ក្នុង​ករណី​ដែល​មាន​ទារក​ដ្ឋាន​បំបៅដោះ​កូន គឺ​ពួក​គាត់​អាច​យក​កូន​មក​​កន្លែង​ធ្វើ​ការ​បាន ដើម្បី​បំបៅ​ទឹក​ដោះ​កូន​ និង​ជួយ​ឱ្យ​កូន​របស់​ពួក​គាត់​មាន​សុខភាព​ល្អ​»។​

ចំណែក លោក​ស្រី ទូច សើ ប្រធាន​សហព័ន្ធ​សហជីព​សេរី​កម្មករ បាន​ឱ្យ​ដឹងដែរ​​ថា អ្វី​ដែល​រាជ​រដ្ឋាភិបាល​បា​ន​គិត​គូរ​នេះ គឺ​​​ជា​រឿង​ល្អ​មែន​ទែន ប៉ុន្តែ​ការ​រៀប​ចំ​បង្កើត​កន្លែង​ទាំង​នេះ រដ្ឋាភិបាល​ក៏​ត្រូវ​ត្រួត​ពិនិត្យ​ឱ្យ​បា​ន​គ្រប់​ជ្រុង​ជ្រោយ​ដែរ។

យោងតាម​​​ការអង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា (CDHS) បាន​ឱ្យដឹងថា អត្រា​នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​តែ​ ១ ​មុខ​គត់​សម្រាប់​កុមារ​អាយុ​ពី ០ ​ដល់ ​៥ ​ខែ បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ពី​អត្រា ៧៤ភាគរយ ក្នុង​ឆ្នាំ ២០១០ ដល់ ៦៥ភាគរយក្នុង​ឆ្នាំ ២០១៤ និង​មក ៥១ភាគរយ ក្នុង​ឆ្នាំ ២០២១-២០២២​៕​

ដោយ៖ជា សុខនី

ads banner