ក្រសួងមុខងារសាធារណៈ ប្តេជ្ញាគោរពអនុវត្តតាម ទស្សនវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលចាត់ទុក កំណែទម្រង់មុខងារសាធារណៈ គឺជាអាទិភាពចាំបាច់ដែលត្រូវធ្វើ

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រសួងមុខងារសាធារណៈ ប្តេជ្ញាគោរព អនុវត្តតាមទស្សនវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលចាត់ទុក កំណែទម្រង់មុខងារសាធារណៈ គឺជាអាទិភាពចាំបាច់ដែលត្រូវធ្វើ ។ ក្នុងកម្មវិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី តាមរោងចក្រ សហគ្រាស នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២៩ សីហា ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសចាត់ទុកកំណែទម្រង់មុខងាររដ្ឋបាលសាធារណៈ គឺជាអទិភាពចាំបាច់បំផុត ព្រោះត្រូវការមន្រ្តី ដែលមានជំនាញច្បាស់លាស់ពិតប្រាកដ មកជួយរាជរដ្ឋាភិបាល ដូច្នេះចាំបាច់ណាស់ថ្នាកដឹកនាំក្រសួង និងស្ថាប័ននានា ត្រូវជ្រើសរើសមន្រ្តីចូលក្របខណ្ឌ ឱ្យបានត្រឹមត្រូវ ជាពិសេស ត្រូវមានជំនាញច្បាស់លាស់ ដើម្បីធ្វើកិច្ចការងារឱ្យមានប្រសិទ្ធភាព។ ឯកឧត្តមថា ខ្ញុំកាន់ជើងគោក (កងទ័ព) ខ្ញុំកែមុនគេ គឺបុគ្គលិក ទាំងការរើសទ័ព ចឹងក្នុងរដ្ឋាភិបាល អាទិភាពទី១ គឺកំណែទម្រង់មុខងារសាធារណៈ។

ចំណែកឯកឧត្តម ហ៊ុន ម៉ានី ដែលជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងអាណត្តិទី៧ នៃរដ្ឋសភា បានលើកឡើងនៅក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រី ក្រសួងមុខងារសាធារណៈប្រមាណ១ពាន់នាក់ កាលពីថ្ងៃទី២៨សីហា ថា ក្រសួងមុខងារសាធារណៈ ជាក្រសួងតូច ប៉ុន្តែមានតួនាទីស្នូល និងអម្រែកធ្ងន់ដែលធានានិរន្តរភាពរបស់ប្រទេសផងដែរ ។ ឯកឧត្តម ក៏បានប្ដេជ្ញាពង្រឹងភាពស្អាតស្អំនៅក្នុងរដ្ឋបាលសាធារណៈ ដូចមានចែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ។

ឯកឧត្តម បញ្ជាក់ថា ការកែទម្រង់ស្ថាប័ន ការពង្រឹងធនធានមនុស្សឱ្យមានប្រសិទ្ធភាព ការពង្រឹងភាពស្អាតស្អំ នៅក្នុងរដ្ឋបាលសាធារណៈ មិនត្រឹមតែជាចំណុចស្នូលក្នុងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ឡើយ តែក៏ជាចក្ខុវិស័យរបស់ ឯកឧត្តមនាយករដ្ឋមន្ត្រីផងដែរ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់មន្ត្រីក្រោមឱវាទចូលរួមទាំងអស់គ្នា ព្រោះក្រសួងមុខងារសាធារណៈ ត្រូវដើរជាតួនាទីស្នូលនៃកំណែទម្រង់នេះ ។ ឯកឧត្តម ក៏បានស្នើសុំថ្នាក់ដឹកនាំ និងមន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃក្រសួងមុខងារសាធារណៈ សូមផ្តល់ជំនឿទុកចិត្តក្នុងការដឹកនាំរបស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ។

នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំ និងមន្ត្រី ឯកឧត្តម ហ៊ុន ម៉ានី បានអះអាងថា ឋានៈជារដ្ឋមន្ត្រី មិនមែនជាកេររបស់ខ្ញុំទេ។ ខ្ញុំទទួលបេសកកម្មដើម្បីដឹកនាំ និងលើកស្ទួយវិស័យនេះ។ យើងត្រូវខំប្រឹងប្រែង ក្នុងក្របខណ្ឌ នៃនីតិកាលទី៧នេះ ដើម្បីបន្តបេសកកម្មរបស់ឯកឧត្តម ពេជ្រ ប៊ុនធិន, ឯកឧត្តម ព្រុំ សុខា ជាមួយនឹងស្មារតីលើកស្ទួយវិស័យមុខងារសាធារណៈ ដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ និងអ្នកជំនាន់ក្រោយ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner