របបយោធានីហ្សេ បញ្ជាឱ្យប៉ូលិសបណ្ដេញឯកអគ្គរដ្ឋទូតបារាំងចេញ

នីហ្សេ៖របបយោធាដែលកំពុងដឹកនាំប្រទេសនីហ្សេរីយ៉ា បានលុបចោលទិដ្ឋាការរបស់ឯកអគ្គរដ្ឋទូតបារាំងនិងបានបញ្ជាឱ្យក្រុមប៉ូលិស បណ្តេញឯកអគ្គរដ្ឋទូតបារាំងចេញ។​ វិធានការនេះបានធ្វើឡើងបន្ទាប់ពីពួកយោធាបានបញ្ជាឱ្យអ្នកការទូតរូបនេះ ចាកចេញពីប្រទេសនីហ្សេកាលពីសប្តាហ៍មុន។


កាលពីថ្ងៃព្រហស្បតិ៍លិខិតមួយត្រូវបានចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនីហ្សេ ដែលត្រូវបានគេជឿថាជាលិខិតបង្គាប់បញ្ជាទៅកាន់ក្រសួងការបរទេសនីហ្សេ ដោយរបបយោធាថា «នីហ្សេត្រូវលុបចោលប័ណ្ណសម្គាល់ការទូត និងទិដ្ឋាការរបស់មនុស្សពាក់ព័ន្ធ រួមទាំងសមាជិកគ្រួសាររបស់អ្នកការទូតទាំងអស់នោះផងដែរ ហើយក្រុមប៉ូលិស​ត្រូវទទួលបញ្ជា​ ​និងអនុវត្តន៍​វិធានការបណ្ដេញ​ចេញមួយនេះ»។

កាលពីសប្តាហ៍មុន ក្រសួងការបរទេសនីហ្សេ បានឱ្យដឹងថា របបយោធាបានប្រកាសប្រាប់បេសកជនបារាំង លោក ស៊ីលវ៉េន អ៊ីតេ (Sylvain Itte) ឱ្យចាកចេញពីប្រទេសនីហ្សេ ដោយសារតែលោកបានបដិសេធមិនចូលរួមក្នុងកិច្ចប្រជុំដែលបានគ្រោងទុកជាមួយរដ្ឋមន្ត្រីការបរទេសនីហ្សេ រួមទាំងសកម្មភាពផ្សេងៗទៀតរបស់រដ្ឋាភិបាលបារាំង ដែលនេះគឺជាការប្រឆាំងនឹងផលប្រយោជន៍របស់នីហ្សេ។

របបយោធាក៏បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ផងដែរថា «ឯកអគ្គរដ្ឋទូតបារាំងលែងទទួលបានបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិ ដែលភ្ជាប់ជាមួយឋានៈជាសមាជិកនៃបុគ្គលិកការទូតរបស់ស្ថានទូតបារាំងទៀតហើយ»។ ប៉ុន្តែ អ្នកនាំពាក្យរបស់ប្រធានាធិបតីបារាំងបានប្រាប់អ្នកកាសែតកាលពីថ្ងៃព្រហស្បតិ៍ថា ​ឯកអគ្គរដ្ឋទូត​នៅ​តែ​ស្ថិត​ក្នុង​មុខ​តំណែង​ដដែល ដោយ​មិន​គោរព​តាម​សំណើ​របស់​របប​យោធានោះទេ។

ទន្ទឹមនឹងនេះផងដែរ ទូរទស្សន៍ CNN បានទាក់ទងទៅកាន់ក្រសួងការបរទេសបារាំង ដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះ។ ក្រសួងការបរទេសបារាំងក៏បានរំឭកឡើងវិញនូវសេចក្តីថ្លែងការណ៍របស់ពួកគេកាលពីថ្ងៃទី២៥ ខែសីហា ដោយសង្កត់ធ្ងន់ថា «ក្រុមក្បត់ទាំងអស់នោះ មិនមានសិទ្ធិអំណាចក្នុងការទាមទារឱ្យយើងចេញពីប្រទេសនោះទេ»។ សេចក្តីថ្លែងការណ៍របស់ក្រសួងបានបន្ថែមថា «ឯកអគ្គរដ្ឋទូតទទួលបានការទទួលស្គាល់ពីសំណាក់អាជ្ញាធរជាប់ឆ្នោតស្របច្បាប់ក្នុងប្រទេសនីហ្សេ មិនមែនរបបយោធានោះទេ»។

គួរដឹងដែរថា រដ្ឋាភិបាលបារាំង​មិន​ទទួល​ស្គាល់​របប​យោធា​របស់​នីហ្សេនោះទេ ហើយតែងតែបាន​ទទូច​ថា លោក​ប្រធានាធិបតី ម៉ូហាំ បាហ្សោម (Mohamed Bazoum) ដែលត្រូវបាន​ផ្តួល​រំលំដោយ​រដ្ឋប្រហារ​កាល​ពី​ខែ​មុន ​នៅ​តែ​ជាមេដឹកនាំ​ស្រប​ច្បាប់​តែ​មួយ​គត់​របស់​ប្រទេស​នេះ។

កាលពីថ្ងៃចន្ទ ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុន (Emmanuel Macron) បាននិយាយថា លោក អ៊ីតេ នឹងមិនចាកចេញពីប្រទេសនីហ្សេឡើយ បើទោះបីជាផុតថ្ងៃកំណត់របស់របបយោធាដែលបានកំណត់ថ្ងៃឱ្យលោកចាកចេញពីប្រទេសនីហ្សេក៏ដោយ។ គួរបញ្ជាក់ថា ទាហាន​បារាំង​រហូត​ដល់​ទៅ​ ១៥០០​នាក់ ​កំពុង​ឈរជើង​នៅក្នុង​ប្រទេស​នីហ្សេ ហើយប្រទេសនេះផងដែរគឺធ្លាប់ជាដៃគូដ៏​សំខាន់​របស់​បារាំងនៅ​ក្នុង​តំបន់សាហែល (Sahel)៕

ប្រែសម្រួលដោយ៖ ធា សុណា

ប្រភពព័ត៌មាន៖ CNN

ads banner