ស្ថាប័នពាក់ព័ន្ធ រៀបចំសិក្ខាសាលា «ផ្សព្វផ្សាយផែនការសកម្មភាពនៃគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់
ភ្នំពេញ៖អង្គការមនុស្សចាស់កម្ពុជា រួមជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) សហការជាមួយរាជរដ្ឋាភិបាល បានរៀបចំសិក្ខាសាលា «ផ្សព្វផ្សាយ និងអនុវត្តផែនការសកម្មភាពនៃគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ ក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់មនុស្សវ័យចាស់នៅកម្ពុជាឱ្យមានភាពប្រសើរឡើង។
លោក ទុំ វីរ៉ា នាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជាបានឱ្យដឹងនៅថ្ងៃទី៣១ ខែសីហានេះថា ក្រោមកិច្ចសហការជាមួយភាគីពាក់ព័ន្ធ បានរៀបចំសិក្ខាសាលាមួយដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៣០ រហូតដល់ថ្ងៃទី៣១ ខែសីហានេះ ដោយមានការបែងចែកសិក្ខាសាលានេះជា ២ផ្នែកធំ។
ទីមួយ ផ្ដោតទៅលើការផ្សព្វផ្សាយ ការអនុវត្តផែនការសកម្មភាព និងលិខិតបទដ្ឋាននៃមណ្ឌលថែទាំមនុស្សចាស់ និងសៀវភៅគោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់ ហើយផ្នែកទីពីរ ផ្ដោតលើការពិភាក្សាគ្នា ដើម្បីប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ សម្រាប់ការធ្វើជាសេចក្ដីព្រាង និងសៀវភៅណែនាំក្នុងការបង្កើត និងគ្រប់គ្រងសមាគមមនុស្សចាស់អន្តរជំនាន់។
លោកបានឱ្យដឹងទៀតថា ការអនុវត្តផែនការសកម្មភាពនៃគោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់ កន្លងមកឃើញថា បញ្ហារាំងស្ទះនោះគឺការទំនាក់ទំនងរវាងក្រសួងពាក់ព័ន្ធនីមួយៗ ដែលបានអនុវត្តផែនការសកម្មភាពទាំងនោះ ស្របពេលដែលមានការផ្លាស់ប្ដូរអ្នកដែលធ្វើការលើតួនាទីនេះ ដូច្នេះនៅពេលដែលពួកគាត់ផ្ទេរមកនេះ វាជារឿងថ្មី ក្នុងការអនុវត្តផែនការសកម្មភាពនៃគោលនយោបាយ។
មួយវិញទៀត បញ្ហាកញ្ចប់ថវិកា ក៏ជាបញ្ហារាំងស្ទះមួយដែរ សម្រាប់យកទៅបែងចែក ក្នុងការអនុវត្តផែនការសកម្មភាពនៃគោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់។ ក្រៅពីនេះ លោកក៏មើលឃើញថា ប្រព័ន្ធនៃការពិនិត្យតាមដាន និងវាយតម្លៃទៅលើការអនុវត្តគោលនយោបាយនេះ គឺនៅមិនទាន់រៀបចំឱ្យបានរៀងរាល់ឆ្នាំ ដើម្បីពិនិត្យមើលវឌ្ឍនភាពពីដំណើរការដែលក្រសួងសាមីបានអនុវត្ត។
លោកបញ្ជាក់ថា ដូច្នេះនៅក្នុងសិក្ខាសាលានេះ ភាគីពាក់ព័ន្ធក៏បានពិនិត្យ និងរកឃើញការអនុវត្តផែនការសកម្មភាពនៃដំណាក់កាលទី២ ក្នុងគោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់ ២០១៧-២០៣០ គឺអត់មានគិតគូរបញ្ជូលទាក់ទងការរៀបចំផ្ទះសម្បែងសម្រាប់សម្រួលដល់មនុស្សវ័យចាស់ ហើយក៏អត់មានប្រព័ន្ធគ្រប់គ្រងទិន្នន័យព័ត៌មាននៃសមាគមមនុស្សចាស់ ឫទិន្នន័យមនុស្សទូទៅក៏មិនទាន់មានច្បាស់លាស់នូវឡើយ៕
យោងតាមការសិក្សាមួយដែលធ្វើឡើងដោយUNDP ក្នុងឆ្នាំ២០២២ ស្តីពីលទ្ធភាពនៃការកសាងប្រព័ន្ធប្រាក់សោធននិវត្តន៍មនុស្សចាស់ទូទៅក្នុងប្រទេសកម្ពុជា បានរកឃើញថា ៥០ភាគរយនៃមនុស្សវ័យចាស់នៅកម្ពុជា មិនមានការងាររកប្រាក់បៀវត្សរ៍ ដែលមានន័យថាមនុស្សចាស់ងាយរងគ្រោះ ដោយសារតែពួកគាត់ពឹងផ្អែកផ្នែកហិរញ្ញវត្ថុលើអ្នកដទៃ។ UNDP បានឱ្យដឹងទៀតថា សម្រាប់មនុស្សចាស់ដែលត្រូវបានគេយល់ឃើញថាជាបន្ទុកផ្នែកហិរញ្ញវត្ថុ គឺពួកគាត់ស្ថិតក្នុងគ្រោះថ្នាក់នៃការមិនរាប់បញ្ចូល ការរើសអើង និងការបំពាន ជាពិសេសមនុស្សចាស់មានពិការភាព។
សូមបញ្ជាក់ថា ក្នុងរបាយការណ៍ជំរឿនឆ្នាំ២០១៩ កម្ពុជាមានប្រជាជនវ័យចំណាស់ចំនួន ១,៣៨លាន នាក់ ឬប្រហែល ៨,៩ភាគរយនៃចំនួនប្រជាជនសរុប។ ចំនួនមនុស្សវ័យចំណាស់នៅកម្ពុជាត្រូវបានព្យាករថា នឹងអាចកើនឡើងដល់ ១៣ភាគរយនៅឆ្នាំ២០៣០ ដល់ ១៦ភាគរយនៅឆ្នាំ២០៤០ និងរហូតដល់ ២៣%នៅឆ្នាំ២០៥០៕
ដោយ៖ ជា សុខនី


