ក្រសួងប្រៃសណីយ៍ ផ្សព្វផ្សាយ គោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍
(ខេត្តកំពត)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើការផ្សព្វផ្សាយស្តីពី គោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ និងនីតិវិធីទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន បញ្ញើសង្ស័យ និងបញ្ញើហាមឃាតឆ្លងកាត់តាមបញ្ញើប្រៃសណីយ៍ ។

សិក្ខាសាលានេះ ធ្វើឡើងកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារកំពតថ្មី ខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម ហួត ចាន់យ៉ារ៉េត អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានក្រុមការងារទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍ និងមានការអញ្ជើញចូលរួមពីមន្រ្តីជំនាញ អាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីរាជការទាំង៩ខេត្ត ។

ឯកឧត្តម ហួត ចាន់យ៉ារ៉េត បានមានប្រសាសន៍ថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សហការជាមួយនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ រៀបចំសិក្ខាសាលានេះឡើង ដើម្បីបង្ហាញពីនីតិវិធីទប់ស្កាត់ ត្រួតពិនិត្យ បង្ក្រាបគ្រឿងញៀន និងបញ្ញើហាមឃាត់ ព្រមទាំងនីតិវិធីត្រួតពិនិត្យកញ្ចប់បញ្ញើមុនពេលទទួល ឲ្យយល់ដឹងពីបញ្ញើដែលសង្ស័យមានលួចលាក់បង្កប់ វត្ថុដែលច្បាប់ហាមឃាត់ និងជំរុញឲ្យក្រុមហ៊ុនដែលផ្តលសេវាប្រៃសណីយ៍មកចុះបញ្ជីស្របច្បាប់។ ជាមួយគ្នានេះ ឯកឧត្តម បានបន្ថែមថា សិក្ខាសាលានេះ ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការតាមដានវាយតម្លៃ និងអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ក៌ដូចជាការស្វែងរកនូវវិធានការនានាដើម្បីកាត់បន្ថយហានិភ័យជាអតិបរមាក្នុងគោលដៅរក្សានូវស្ថិរភាពសេដ្ឋកិច្ចជាតិ និងសង្គមជាតិ ។

ស្របជាមួយគ្នានោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា វិស័យប្រៃសណីយ៍បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទទួល ប្រមូល ដឹកជញ្ជូន និងចែកចាយបញ្ញើ ស្របតាមយុគ្គសម័យឌីជីថល ដែលសកម្មភាពទាំងនេះជាការជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងសង្គមជាតិនាពេលបច្ចុប្បន្នផងដែរ ៕
ដោយ ង៉ាន់ ទិត្យ

