កូនផ្សោតកើតថ្មីមួយក្បាលដែលមានអាយុកាលប្រមាណម្ភៃថ្ងៃ ត្រូវបានប្រទះឃើញហែលក្នុងក្រុមហ្វូងសត្វផ្សោតពេញវ័យ ដែលមានចំនួនប្រមាណជាប្រាំបីក្បាល
(ភ្នំពេញ)៖ កូនផ្សោតកើតថ្មីមួយក្បាលដែលមានអាយុកាលប្រមាណម្ភៃថ្ងៃ ត្រូវបានប្រទះឃើញហែលក្នុងក្រុមហ្វូងសត្វផ្សោតពេញវ័យ ដែលមានចំនួនប្រមាណជាប្រាំបីក្បាល នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្នុងអន្លង់ត្បូងខ្លា ស្ថិតនៅឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដោយក្រុមការងារស្រាវជ្រាវនិងអភិរក្សជលផលនៃរដ្ឋបាលជលផល និងអង្គការWWF ខណៈកំពុងបំពេញការងារចុះអង្កេតស្ថានភាពសត្វផ្សោតទន្លេមេគង្គ។

បន្ទាប់ពីបានប្រទះឃើញនូវវត្តមាននៃកូនសត្វផ្សោតថ្មីនោះក្រុមការងារក៏បានធ្វើការអង្កេតពីសកម្មភាពក្នុងក្រុមហ្វូងផ្សោតធំដែលមានកូនតូចនៅជាមួយ និងបានថតរូបកូនផ្សោតថ្មីនោះជាមួយមេរបស់វា។ តាមការពិនិត្យអង្កេតជាក់ស្តែងពីក្រុមការងារ ឃើញថាពុំមានការយាយីពីសត្វផ្សោតធំលើកូនផ្សោតឡើយ។ កូនផ្សោតដែលបានប្រទះឃើញថ្មីនេះគឺជាកូនផ្សោតទីប្រាំពីរហើយដែលត្រូវបានកត់ត្រាថាបានកើតនៅក្នុងឆ្នាំ២០២៣ ចាប់ពីខែមករា ដល់ថ្ងៃទី០២ ខែកញ្ញានេះ។

សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ទុកថាជារតនសម្បត្តិជាតិមានជីវិតរបស់កម្ពុជា ហើយជាប្រភេទផ្សោតមួយប្រភេទស្ថិតក្នុងចំណោម៦ប្រភេទនៃសត្វផ្សោតទឹកសាបកម្របំផុតដែលនៅសេសសល់ក្នុងពិភពលោក។ វត្តមានរបស់សត្វផ្សោតនេះជាកត្តាចង្អុលបង្ហាញមួយ អំពីគុណភាពធនធានជលផល និងគុណភាពទន្លេ ក្នុងនោះរាប់បញ្ចូលទាំងជីវៈចម្រុះ ប្រព័ន្ធបរិស្ថាន ធម្មជាតិដែលផ្តល់នូវសេវាកម្មអេកូឡូស៊ីក្នុងការទ្រទ្រង់ជីវិតរបស់មនុស្ស និងជីវភាពរបស់សហគមន៍មូលដ្ឋានតាមរយៈវិស័យទេសចរណ៍ផងដែរ ៕
ដោយ ង៉ាន់ ទិត្យ
ប្រភព AKP
