អូស្ត្រាលីបញ្ជូនគណៈប្រតិភូទៅកាន់ប្រទេសចិនដើម្បី ធ្វើឱ្យទំនាក់ទំនងមានស្ថិរភាព

កង់បេរ៉ា៖ក្រសួង​ការ​បរទេស​អូស្រ្តាលី​​ បាន​​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ​​អូស្ត្រាលី​នឹង​បញ្ជូន​គណៈប្រតិភូ​​ពី​វិស័យ​​ឧស្សា​ហកម្ម ​រដ្ឋាភិបាល អប់រំ​ ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ និង​សិល្បៈ​ ទៅ​កាន់​ទីក្រុង​ប៉េកាំង ​ដើម្បី​ពិភាក្សាជាមួយ​សម​ភាគី​ចិន​នៅ​សប្តាហ៍​ក្រោយ ​ដើម្បី​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ស្ថិរភាព​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP។

​ការិយាល័យ​របស់លោក​ស្រី​​រដ្ឋ​មន្ត្រី​ការ​បរទេស​ ​ផេននី​ វ៉ុង​ បាន​និយាយ​ថា​ ​ពាណិជ្ជកម្ម ​ការ​វិនិយោគ​ ទំ​នា​ក់​ទំនង​រវាង​ប្រជាជន​ និង​ប្រជាជន​ ក៏​ដូច​ជា​សន្តិសុខ​ក្នុង​តំបន់ ​និង​អន្តរជាតិ​ ស្ថិត​ក្នុង​ចំណោម​បញ្ហា​ដែល​ត្រូ​វ​ពិភាក្សា​នៅ​ក្នុង​កិច្ច​ពិភាក្សា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​នេះ​។​

​ក្នុង​សេចក្តី​ថ្លែងការណ៍ដដែល​​​ លោក​ស្រី​ វ៉ុង​ បាន​បន្ថែម​ថា​ កិច្ច​ពិភាក្សា​តំណាង​ឱ្យ​ «​ជំហាន​មួយ​ទៀត​ឆ្ពោះ​​ទៅ​រក​ការ​បង្កើន​ការ​ចូល​រួម​ទ្វេ​ភាគី ​និង​ស្ថេរភាព​ទំនាក់​ទំនង​របស់​យើង​ ជាមួយ​ប្រទេស​ចិន​»​។

គួរ​​បញ្ជាក់​ថា​ ​កិច្ច​សន្ទនា​​​ជាន់​​ខ្ពស់​រវាង​​​ចិន​ និង​អូស្រ្តាលី​​ ​ត្រូវ​​បាន​​​ធ្វើ​​ឡើង​​​ជា​​រៀង​​រាល់​​ឆ្នាំ​​ចាប់​​​ពី​​ឆ្នាំ​ ២០១៤ ​រហូត​ផ្អាក​ទៅ​វិញ​​នៅ​​​ឆ្នាំ​ ២០២០​។​

​អតីត​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​អូស្រ្តាលី​ លោក​ Craig Emerson ​នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​អូស្ត្រាលីលើក​នេះ​ ​ដែ​ល​ចូល​រួម​ដោយ​​អតីត​រដ្ឋ​មន្ត្រី​ការ​បរទេស​ លោក​ស្រី​ Julie Bishop។

ជុំវិញ​បញ្ហា​នេះ​ លោក​ Emerson បាន​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​​ថា​​ ចាប់​តាំង​ពី​កិច្ច​សន្ទនា​ជាមួយ​ចិ​ន​ត្រូវ​បាន​បង្កើត​ឡើង​ ​វា​គឺ​ជា​ឱកាស​មួយ​ដើម្បី​ធ្វើ​ឱ្យប្រទេស​ទាំង​២​ មាន​​ការ​យល់​ដឹង​គ្នា​ទៅ​វិញ​ទៅ​មក​កា​ន់​តែ​ស៊ី​ជម្រៅ​។

ភាគី​ចិន​ឯនោះ​វិញ​ ​​អតីត​រដ្ឋ​មន្រ្តី​ការបរទេស​ចិន​ លោក​ លី ហ្សាវជីង(Li Zhaoxing) ​ នឹង​​ដឹក​នាំ​គណៈ​ប្រតិភូ​​របស់​ទី​ក្រុង​ប៉េកាំង​​។

​គួរ​កត់​សម្គាល់​ថា​ ការ​បន្ត​កិច្ច​សន្ទនា​នា​ពេល​នេះ​ ​បង្ហាញ​ពី​ភាព​​​​ប្រសើរ​ឡើង​វិញ​នៃ​​ទំនាក់​ទំនង​រវាង​ទីក្រុង​ប៉េកាំង ​និង​ទីក្រុង​កង់បេរ៉ា​ បន្ទាប់​ពី​មាន​ភាព​តាន​តឹង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​។

កន្លង​មក​ចិន​មាន​ការ​​សម្បារ​ចំពោះ​អូស្រ្តាលី​​លើ​​ការ​ចេញ​​ច្បាប់ ដែល​​​ប្រឆាំង​នឹង​ប្រតិបត្តិការ​បន្សាយ​​​ឥទ្ធិពល​នៅ​បរទេស​ ដោយ​រារាំង​ក្រុម​ហ៊ុន​ចិន​ Huawei ​ពី​កិច្ច​សន្យា​ 5G ​ហើយ​​អំពាវ​​នាវ​​​​ឱ្យ​មាន​ការ​ស៊ើប​អង្កេ​ត​ឯករាជ្យ​លើ​ប្រភព​ដើម​នៃ​ជំងឺ​រាត​ត្បាត​កូវីដ១៩​ជា​ដើម​។  

​ជាមួយគ្នានេះដែរ ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​បីរ ហាក់​ដូច​ជា​មាន​​ការ​ល្អ​ប្រសើរ​ឡើង​វិញ​ ចាប់​តាំង​ពី​រដ្ឋាភិបា​លថ្មី​របស់​​​អូស្រ្តាលី ​បាន​អនុម័តលើ​យុទ្ធ​សាស្រ្ត​យោគ​យល់​ជាមួយ​ចិន​​ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​​កាល​ពី​ឆ្នាំ​មុន​៕​

ប្រែសម្រួល៖ហួន ឌីណា 

ads banner