ចិន អរគុណកម្ពុជាចំពោះការបន្តអនុវត្តការទូតមេត្រីភាព ដែលជាឆន្ទៈដ៏មុតមាំនៃការកសាងឱ្យបាននូវសហគមន៍ជោគវាសនារួម ចិន-កម្ពុជា
ភ្នំពេញ៖ ចិន បានប្រកាសគាំទ្រដល់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងប្តេជ្ញាជំរុញការអនុវត្តគំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការគ្រប់រូបភាព ឱ្យទទួលបានជោគជ័យ។ ជាមួយនេះ ភាគីចិន ក៏សម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការបន្តអនុវត្តការទូតមេត្រីភាពចំពោះចិន ។ នេះគឺជាឆន្ទៈដ៏មុតមាំនៃការកសាងឱ្យបាននូវសហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨ ដែលប្រទេសទាំងពីរជាមិត្តភ័ក្តិដ៏ស្មោះត្រង់ និង ជាបងប្អូនបង្កើត ដែលរួមសុខរួមទុក្ខនឹងគ្នាជាដរាបរៀងមក។
នេះបើយោងតាមខ្លឹមសារជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម លីវ ជានឆាវ (LIU Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នារសៀលថ្ងៃអាទិត្យ ទី៣ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ។
កិច្ចជំនួបនេះ សម្ដេចមហាបវរធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងជ្រាលជ្រៅ ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តម លីវ ជានឆាវ ដែលឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ជិតស្និទ្ធរវាង បក្ស និង រដ្ឋ នៃប្រទេសទាំងពីរ ។ ឯកឧត្តម លីវ ជានឆាវ ក៏បានលើកឡើងអំពីការយកចិត្តទុកដាក់ខ្ពស់ចំពោះកម្ពុជា ពីសំណាក់ថ្នាក់ដឹកនាំចិន ជាពិសេសពីសំណាក់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង និងសូមអបអរចំពោះជោគជ័យភ្លូកទឹកភ្លូកដី របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងកមនេះ ។
ជាមួយនឹងការថ្លែងអំណរគុណ, សម្ដេចមហាបវរធិបតី បានបញ្ជាក់ថា លទ្ធផលដ៏ល្អនេះ បានបង្ហាញអំពីការវាស់ស្ទង់ពីរ គឺ (១). ការគាំទ្ររបស់ប្រជាជនកម្ពុជា ចំពោះ សម្ដេចតេជោ ហ៊ុន សែន និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និង (២). ការគាំទ្ររបស់ប្រជាជនកម្ពុជា ចំពោះអ្នកបន្តវេនរបស់កម្ពុជា ។ សម្តេចមហាបវរធិបតី ក៏បានគូសបញ្ជាក់បន្ថែមផងដែរថា ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា គឺ មិនអាចកាត់ផ្តាច់ចេញបានឡើយ ពីការជួយឧបត្ថម្ភពីសំណាក់រដ្ឋាភិបាល និង ប្រជាជនចិន ជាពិសេស ការផ្តល់ជំនួយទាន់ពេលក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យរបស់កម្ពុជា ។
ឯកឧត្តម លីវ ជានឆាវ បានបង្ហាញនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់ចិន ជាមួយកម្ពុជា ក្នុងការជំរុញការអនុវត្តគំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការគ្រប់រូបភាព ឱ្យទទួលបានផ្លែផ្កា និង ជោគជ័យ ។ ក្នុងន័យនេះ ឯកឧត្តម បានបញ្ជាក់ថា រដ្ឋាភិបាលចិន បន្តគាំទ្រដល់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ។ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដ៏គ្រប់ជ្រុងជ្រោយ ប្រកបដោយ យុទ្ធសាស្ត្រ និង ចក្ខុវិស័យច្បាស់លាស់ ក្នុងរយៈពេលមិនដល់១ខែ នៃការចូលកាន់តំណែងរបស់ សម្ដេចមហាបវរធិបតី។
សម្តេចមហាបវរធិបតី បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, គណបក្សប្រជាជនកម្ពុជា នឹងបន្តគាំទ្រគោលនយោបាយចិនមួយ ហើយសម្ដេចធិបតី ប្តេជ្ញានឹងលើកកម្ពស់សហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត មានដូចជា៖ ការបណ្តុះបណ្តាលយុវជន, គម្រោងផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន, និងកិច្ចសហប្រតិបត្តិការដ៏ទៃទៀត ដែលគ្រោងនឹងចុះអនុស្សារណៈយោគយល់គ្នា (MOU) នាពេលខាងមុខនេះ ជាសក្ខីភាពស្រាប់ ។
ឯកឧត្តម លីវ ជានឆាវ មានក្តីសង្ឃឹមយ៉ាងមុតមាំចំពោះការ អភិវឌ្ឍរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ដែលជាអ្នកនយោបាយវ័យក្មេង, ពោរពេញទៅដោយសមត្ថភាព, ចក្ខុវិស័យវែងឆ្ងាយ និង មានមនសិការនយោបាយដ៏គួរឱ្យគោរព ។ ឯកឧត្តម ក៏ បានសម្តែងនូវការកោតសរសើរចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាអ្នកយុទ្ធសាស្រ្ត អ្នកបដិវត្ត អ្នកដឹកនាំ និង យោធាដ៏ពិត ប្រាកដ និង ត្រូវបានចាត់ទុកជាគ្រូបង្រៀនវិស័យនយោបាយដ៏គួរឱ្យគោរពរបស់ថ្នាក់ដឹកនាំចិន ។
សម្ដេចមហាបវរធិបតី បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះប្រសាសន៍ដ៏មាន អត្ថន័យនេះ និង បានជូនពរឯកឧត្តម លីវ ជានឆាវ ឱ្យទទួលបានជោគជ័យជាផ្លែផ្កានៅក្នុងដំណើរទស្សនកិច្ចនេះ និង សូមធ្វើដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ





