សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមក្នុងកិច្ចប្រជុំ កំពូល អាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅឥណ្ឌូនេស៊ី
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជា ណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញ ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅរដ្ឋធានីហ្សាការតា ពីថ្ងៃទី ០៤ ដល់ទី០៧ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រធា នប្តូរវេន អាស៊ានឆ្នាំនេះ។
ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់អ្នកយកព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញឲ្យដឹងថា កិច្ចប្រជុំនេះ ផ្ដោតលើការជំរុញចក្ខុវិស័យអាស៊ាន ឆ្នាំ២០២៥ ដែលជាផែនទីចង្អុលផ្លូវមួយដ៏មានសារៈសំខាន់សម្រាប់ការពង្រឹងឥទ្ធិពលអាស៊ាន តាមរយៈការបង្កើនប្រសិទ្ធភាពស្ថាប័ន ក្នុងគោលដៅស្វែងរកផលប្រយោជន៍សម្រាប់ប្រជាជនរបស់ខ្លួននៅលើឆាកអន្តរជាតិ។
បន្ថែមពីនេះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក៏មានការពិភាក្សាដែលផ្ដោតការយកចិត្តទុកដាក់ទៅលើការពូនជ្រុំសហគមន៍អាស៊ានប្រកបដោយបរិយាប័ន ចក្ខុវិស័យវែងឆ្ងាយ នឹងយកប្រជាជនជាស្នូល ដែលជាកម្លាំងដ៏សំខាន់ ដើម្បីសម្រេចបាននៅអាស៊ាន ឆ្នាំ២០៤៥ ផងដែរ ។
នៅក្នុងកិច្ចប្រជុំនេះក៏មានរបៀបវារៈសំខាន់ៗមួយចំនួនរួមមាន៖ កិច្ចព្រមព្រៀងជាឯកឆ័ន ៥ ចំណុចស្ដីពីមីយ៉ាន់ម៉ា, សេចក្ដីសម្រេចផ្សេងៗទៀតរបស់ថ្នាក់ដឹកនាំអាស៊ាន ហើយថ្នាក់ដឹកនាំអាស៊ាន ក៏នឹងពិភាក្សាទៅលើទស្សនៈវិស័យអាស៊ានស្ដីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងផ្លាស់ប្ដូរទស្សនៈស្ដីពីបញ្ហាតំបន់ និងបញ្ហាអន្តរជាតិ ដែលជាក្ដីបារម្ភរួមរបស់អាស៊ានផងដែរ។
គណៈប្រតិភូអមដំណើរសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមមាន ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសកម្ពុជា, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម ស្រ៊ី ថាមរ៉ុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, ឯកឧត្តម សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស្វ័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត រួមទាំងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាដែលដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ផងដែរ។
ក្រៅពីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាការតា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតី ចូកូ វីដូដូ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងមានកម្មវិធីជំនួបសម្ដែងការគួរសម និងជំនួបទ្វេរភាគី ជាមួយនឹងបណ្ដាថ្នាក់ដឹកនាំនៃបណ្ដាប្រទេសនានាមួយចំនួនផងដែរ ។
ដំណើរចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ី ពេលនេះ គឺជាការបង្ហាញមុខលើកដំបូងក្នុងឆាកអន្តរជាតិរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា។
ឯកឧត្តម តាន់ ហ្សង់-ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញការកត់សម្គាល់ថា សម្តេច ហ៊ុន ម៉ាណែត គឺជាមេដឹកនាំកំពូលវ័យក្មេងជាងគេ ក្នុងជំនួបកំពូលអាស៊ាន។
ឯកឧត្តម តាន់ ហ្សង់-ហ្វ្រង់ស័រ បានលើកឡើងដែរថា សម្តេច ហ៊ុន ម៉ាណែត ត្រៀមរួចរាល់អស់ហើយទាំងកម្លាំងប្រាជ្ញា ទាំងកម្លាំងកាយ និងទាំងកម្លាំងចិត្ត ដើម្បីការពារឧត្តមប្រយោជន៍ជាតិនៅចំពោះមុខសមាជិកអាស៊ាន៩ដទៃផ្សេងទៀត និងដើម្បីការពារផលប្រយោជន៍រួមរបស់អាស៊ាន នៅចំពោះមុខបណ្តាប្រទេសដៃគូសន្ទនារបស់អាស៊ាន។ បញ្ហាតំបន់ និងបញ្ហាអន្តរជាតិដែលប្រមុខរាជរដ្ឋាភិបាលវ័យក្មេង ត្រូវចូលរួមដោះស្រាយ មានច្រើនណាស់, ជាអាទិ៍ វិបត្តិរ៉ាំរ៉ៃនៅមីយ៉ាន់ម៉ា, ការប្រជែងឥទ្ធិពលគ្នារវាងកំពូលមហាអំណាចពិភពលោក និងរវាងមហាអំណាចតំបន់ នៅក្នុងលំហនៃដែនអាស៊ី-ប៉ាស៊ីហ្វិក, និងជាពិសេស វិបត្តិសេដ្ឋកិច្ចសកលដែលបាននិងកំពុងបន្តជះផលអវិជ្ជមានមកលើជាតិមាតុភូមិ។
បើយោងតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា, រហូតមកទល់ពេលនេះ មានមេដឹកនាំ ដែលជាប្រធានាធិបតី នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់ មកពីជាង ៤០ ប្រទេស និងមកពីគ្រប់ជ្រុងជ្រោយនៃពិភពលោកបានផ្ញើសារអបអរសាទរជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់កម្ពុជា។ មានប្រទេសខ្លះ បានផ្ញើរសារអបអរសាទររហូតដល់ពីរឬបីក៏មានពោលគឺសារអបអរសាទរពីនាយករដ្ឋមន្ត្រីឬប្រធានាធិបតីផង រដ្ឋមន្ត្រីការបរទេសផង និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតផង។ នេះសបញ្ជាក់អំពីសន្តានចិត្តនិងមនោសញ្ចេតនាគាំទ្រដ៏ជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងនោះមកលើសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានក្លាយជានាយករដ្ឋមន្ត្រីបន្តវេនរបស់កម្ពុជាតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ






