ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េនឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េឯកឧត្តម គឹម ជីនព្យូ និងគណៈ ប្រតិភូជាន់ខ្ពស់រដ្ឋសភាកូរ៉េ នឹងអញ្ជើញ មកបំពេញ ទស្សនកិច្ច ជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ឆាប់ៗខាងមុខនេះ។

អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី ៤ ខែកញ្ញាបានជូនដំណឹងថា តបតាម ការអញ្ជើញរបស់ សម្តេចមហារដ្ឋសភាធិការ ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាឯកឧត្តម គឹម ជីន លូ (Kim Jin Pyo) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នឹងដឹកនាំគណៈ ប្រតិភូ ជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា។

នៅក្នុងកំលុងពេលនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ គ្រោងនឹងមានកម្មវិធីជួបជាមួយថ្នាក់ដឹកនាំ ជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា ជាអាទិ៍៖

  • ចូលជួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី
  • ចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
  • ចូលជួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី
  • ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ។

សេចក្តីជូនដំណឹងដដែលបានឱ្យដឹងទៀតថានៅក្នុងដំណើរទស្សនកិច្ចនេះដែរគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ នឹងអញ្ជើញដាក់ កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងមណ្ឌលព្រះបរមរូប ព្រះករុណា “ព្រះបរមរតនកោដ្ឋ”៕

ដោយ៖ ពិសិដ្ឋ

ads banner