ឯកឧត្តម លីវ ជានឆាវ៖ រដ្ឋាភិបាលចិនបន្តគាំទ្រដល់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ឯកឧត្តម លីវ ជានឆាវ (LIU Jianchao) បានបង្ហាញនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់ចិនជាមួយកម្ពុជា ក្នុងការជំរុញការអនុវត្តគំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការគ្រប់រូបភាព ឱ្យទទួលបានផ្លែផ្កា និងជោគជ័យ។ ក្នុងន័យនេះ ឯកឧត្តមបានគូសបញ្ជាក់ថា រដ្ឋាភិបាលចិនបន្តគាំទ្រដល់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ការបញ្ជាក់នេះ ក្នុងជំនួបពិភាក្សាជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

ឯកឧត្តម លីវ ជានឆាវ ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដ៏គ្រប់ជ្រុងជ្រោយ ប្រកបដោយ យុទ្ធសាស្ត្រ និងចក្ខុវិស័យច្បាស់លាស់ ក្នុងរយៈពេលមិនដល់១ខែ នៃការចូលកាន់តំណែងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តម លីវ ជានឆាវ ក៏បានលើកឡើងផងដែរ អំពីការយកចិត្តទុកដាក់ខ្ពស់ចំពោះកម្ពុជា ពីសំណាក់ថ្នាក់ដឹកនាំចិន ជាពិសេសពីសំណាក់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង និងសូមអបអរចំពោះជោគជ័យភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតសកល កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងកមនេះ។ សម្ដេចមហាបវរធិបតី បានសម្តែងនូវការស្វាគមន៍យ៉ាងជ្រាលជ្រៅចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តម លីវ ជានឆាវ ដែលឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងដ៏ជិតស្និទ្ធរវាង បក្ស និងរដ្ឋ នៃប្រទេសទាំងពីរ។

ជាមួយនឹងការថ្លែងអំណរគុណ សម្ដេចមហាបវរធិបតី បានបញ្ជាក់ថា លទ្ធផលដ៏ល្អនេះ បានបង្ហាញអំពីការវាស់ស្ទង់ពីរ គឺ (១).ការគាំទ្ររបស់ប្រជាជនកម្ពុជា ចំពោះសម្ដេចតេជោ ហ៊ុន សែន និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និង (២). ការគាំទ្ររបស់ប្រជាជនកម្ពុជា ចំពោះអ្នកបន្តវេនរបស់កម្ពុជា។ សម្តេចមហាបវរធិបតី ក៏បានគូសបញ្ជាក់បន្ថែមផងដែរថា ការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា គឺ មិនអាចកាត់ផ្តាច់ចេញបានឡើយពីការជួយឧបត្ថម្ភពីសំណាក់រដ្ឋាភិបាល និងប្រជាជនចិន ជាពិសេស ការផ្តល់ជំនួយទាន់ពេលក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យរបស់កម្ពុជា។ សម្តេចមហាបវរធិបតី បានថ្លែងថាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ គណបក្សប្រជាជនកម្ពុជានឹងបន្តគាំទ្រគោលនយោបាយចិនមួយ ហើយសម្ដេចមហាបវរធិបតី ប្តេជ្ញានឹងលើកកម្ពស់សហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត មានដូចជាការបណ្តុះបណ្តាលយុវជន គម្រោងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការដទៃទៀត ដែលគ្រោងនឹងចុះអនុស្សារណៈយោគយល់គ្នា (MOU) នាពេលខាងមុខនេះ ជាសក្ខីភាពស្រាប់។

ឯកឧត្តម លីវ ជានឆាវ បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តអនុវត្តការទូតមេត្រីភាពចំពោះចិន។ នេះ គឺជាឆន្ទៈដ៏មុតមាំនៃការកសាងឱ្យបាននូវសហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨ ដែលប្រទេសទាំងពីរជាមិត្តភ័ក្តិដ៏ស្មោះត្រង់ និងជាបងប្អូនបង្កើត ដែលរួមសុខរួមទុក្ខនឹងគ្នាជាដរាបរៀងមក។ ឯកឧត្តម លីវ ជានឆាវ មានក្តីសង្ឃឹមយ៉ាងមុតមាំចំពោះការអភិវឌ្ឍរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ដែលជាអ្នកនយោបាយវ័យក្មេង ពោរពេញទៅដោយសមត្ថភាព ចក្ខុវិស័យវែងឆ្ងាយ និងមានមនសិការនយោបាយដ៏គួរឱ្យគោរព។ ឯកឧត្តមក៏បានសម្តែងនូវការកោតសរសើរចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាអ្នកយុទ្ធសាស្រ្ត អ្នកបដិវត្តន៍ អ្នកដឹកនាំ និងយោធាដ៏ពិតប្រាកដ និងត្រូវបានចាត់ទុកជាគ្រូបង្រៀនវិស័យនយោបាយដ៏គួរឱ្យគោរពរបស់ថ្នាក់ដឹកនាំចិន។

ជាទីបញ្ចប់ សម្ដេចមហាបវរធិបតី បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះប្រសាសន៍ដ៏មាន អត្ថន័យនេះ និងបានជូនពរឯកឧត្តម លីវ ជានឆាវ ឱ្យទទួលបានជោគជ័យជាផ្លែផ្កានៅក្នុងដំណើរទស្សនកិច្ចនេះ និងសូមធ្វើដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ណែត

ads banner