អាហ្វ្រិកខាងត្បូងអះអាងថាគ្មានភស្តុតាងនៃការបញ្ជូនអាវុធទៅរុស្ស៊ីទេ បន្ទាប់ពីមានការស៊ើបអង្កេត

អាហ្រ្វិក៖ ប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក សៃរ៉ល រ៉ាម៉ាផូសា (Cyril Ramaphosa) បាននិយាយថា ការស៊ើបអង្កេតឯករាជ្យមួយបានរកឃើញ «គ្មានភស្តុតាង» លើការអះអាងដែលថា ប្រទេសរបស់លោកបានផ្តល់អាវុធទៅឱ្យរុស្ស៊ីនោះទេ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន Al Jazeera។

ការស៊ើបអង្កេតនោះធ្វើឡើងក្រោយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសអាហ្រ្វិកខាងត្បូង លោក Reuben Brigety បានអះអាងថា កប៉ាល់រុស្ស៊ី Lady R បានដឹកអាវុធ និងគ្រាប់រំសេវនៅមូលដ្ឋានទ័ពជើងទឹកក្បែរទីក្រុង Cape Town កាលពីខែធ្នូឆ្នាំមុន។ ប៉ុន្តែការស៊ើបអង្កេតបានរកឃើញថា កប៉ាល់ដឹកទំនិញរុស្ស៊ី បានដឹងសព្វាវុធដែលអាហ្វ្រិកខាងត្បូងទិញសម្រាប់កងកម្លាំងការពារជាតិក្នុងឆ្នាំ ២០១៨។

ក្រោមការស៊ើបអង្កេតនេះ លោក រ៉ាម៉ាផូសា បានថ្លែងកាលពីថ្ងៃអាទិត្យ គ្មានភស្តុតាងណាមួយដែលថា អាវុធណាមួយត្រូវបាននាំចេញទៅរុស្ស៊ីនោះទេ ដោយផ្អែកលើការសម្ភាសន៍មនុស្ស ៥០ នាក់ និងការពិនិត្យឡើងវិញលើឯកសារជាង ១០០ ។

លោក រ៉ាម៉ាផូសា បានបន្តថា ៖ «នៅពេលពិចារណាលើបញ្ហាទាំងអស់ គ្មានការចោទប្រកាន់ណាមួយពីការផ្គត់ផ្គង់អាវុធដល់ប្រទេសរុស្ស៊ី គឺជាការពិតនោះទេ។ គ្មាននរណាម្នាក់ក្នុងចំណោមអ្នកដែលបានធ្វើការចោទប្រកាន់ទាំងនេះ អាចផ្តល់ភស្តុតាងណាមួយដើម្បីគាំទ្រការអះអាងដែលប្រឆាំងនឹងប្រទេសរបស់យើងនោះទេ»។

ជាមួយគ្នានោះទេ មេដឹកនាំអាហ្វ្រិកខាងត្បូងដដែលបានថ្លែងថា ការចោទប្រកាន់បានធ្វើឱ្យប៉ះពាល់ដល់រូបិយប័ណ្ណ សេដ្ឋកិច្ច និងជំហររបស់ប្រទេសនៅក្នុងពិភពលោក ហើយ «ជាក់ស្ដែងធ្វើឱ្យខូចមុខមាត់របស់យើង»។

គួរបញ្ជាក់ថា លោក រ៉ាម៉ាផូសា បានបញ្ជាឱ្យមានការស៊ើបអង្កេតដែលដឹកនាំដោយចៅក្រមចូលនិវត្តន៍ បន្ទាប់ពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានប្រាប់សន្និសីទសារព័ត៌មានកាលពីខែឧសភាថា លោកមានទំនុកចិត្តថា កប៉ាល់រុស្ស៊ីមានដឹកអាវុធ និងគ្រាប់រំសេវចេញទៅរុស្ស៊ី។

ចំណែកក្រសួងការបរទេសអាហ្រ្វិកខាងត្បូងក្រោយមកបាននិយាយថា លោកឯកអគ្គរដ្ឋទូត Brigety បានសុំទោសចំពោះការលើកឡើងរបស់ខ្លួន ហើយអ្នកការទូតរូបនេះ បានសរសេរលើបណ្ដាញសង្គមថា លោកមានអំណរគុណចំពោះឱកាសដើម្បី «កែតម្រូវការបំភាន់ណាមួយ» តាមរយៈការលើកឡើងជាសាធារណៈរបស់លោក។

គួរកត់សម្គាល់ផងដែរថា អាហ្រ្វិកខាងត្បូងដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយសហភាពសូវៀត បានបន្តរក្សាទំនាក់ទំនងមិត្តភាពជាមួយរុស្ស៊ី ចាប់តាំងពីរុស្ស៊ីចាប់ផ្ដើមឈ្លានពានអ៊ុយក្រែនទូទាំងប្រទេសនៅចុងខែកុម្ភៈឆ្នាំមុន ដែលបង្ករឱ្យមានការដាក់ទណ្ឌកម្ម និងថ្កោលទោសពីសហគមន៍អន្តរជាតិ ជាពិសេសលោកខាងលិច។

ក្រោមការការដឹកនាំរបស់លោក រ៉ាម៉ាផូសា អាហ្វ្រិកខាងត្បូងបានរៀបចំសមយុទ្ធជាមួយកងទ័ពជើងទឹករុស្ស៊ី ហើយបានបដិសេធមិនចូលរួមថ្កោលទោស ឬដាក់ទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ី ដូចលោកខាងលិច៕ ដោយ៖ ហួន ឌីណា

ads banner