របបយោធាមីយ៉ាន់ម៉ាទំនងជានឹងរៀបចំការបោះឆ្នោត នៅឆ្នាំ២០២៥
យុំាងហ្គូន៖ មន្ត្រីមកពីគណបក្សនយោបាយ នៅប្រទេសមីយ៉ាន់ម៉ា បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអង្គារ សប្តាហ៍នេះថា របបយោធាមីយ៉ាន់ម៉ាទំនង ជានឹងរៀបចំការបោះឆ្នោត នៅឆ្នាំ ២០២៥។
សមាជិកជាន់ខ្ពស់នៃគណបក្សសម្ព័ន្ធភាព និងអភិវឌ្ឍន៍ ដែលគាំទ្រដោយយោធាបានប្រាប់ AFP ថា «ការបោះឆ្នោតទំនងជានឹងធ្វើឡើង នៅឆ្នាំ ២០២៥»។ សមាជិកនៃគណបក្សមួយទៀតដែលទទួលបានការអនុញ្ញាត ដោយរបបយោធាផងដែរ ក៏បានបញ្ជាក់ព័ត៌មានបែបនេះ ដូចគ្នា។
គណកម្មាធិការរៀបចំការបោះឆ្នោត ដែលជាប់គាំងដោយរបបយោធា បាននិយាយ កាលពីថ្ងៃអង្គារ សប្តាហ៍នេះ ថា គណបក្សនយោបាយចំនួន ៣៦ បានទទួលការអនុញ្ញាតឱ្យចូលរួម ក្នុងការបោះឆ្នោត នាពេលខាងមុខ ដោយមិនបានផ្តល់កាលបរិច្ឆេទថា តើពួកគេនឹងរៀបចំនៅពេលណានោះទេ។
ទីភ្នាក់ងារសារព័ត៌មាន Global New Light of Myanmar បានរាយការណ៍ កាលពីថ្ងៃសៅរ៍ សប្តាហ៍មុនថា ប្រមុខរដ្ឋាភិបាល លោក Min Aung Hlaing បានអំពាវនាវឱ្យមាន «ការត្រៀមលក្ខណៈចាំបាច់» ដែលត្រូវបញ្ចប់ មុនពេលជំរឿនជាតិ នៅឆ្នាំ ២០២៤ ហើយ
ការបោះឆ្នោតអាចធ្វើឡើង បន្ទាប់ពីការធ្វើជំរឿន ត្រូវបានបញ្ចប់ប៉ុណ្ណោះ។
យោធាបានធ្វើរដ្ឋប្រហារ កាលពីខែកុម្ភៈឆ្នាំ ២០២១ ដោយចោទថា មានការក្លែងបន្លំ នៅក្នុងការបោះឆ្នោតឆ្នាំ ២០២០ ដែលពេលនោះ បក្សទទួលជ័យជម្នះយ៉ាងខ្លាំង គឺគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី Aung San Suu Kyi ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត