អាមេរិកព្រមានកូរ៉េខាងជើង បើហ៊ានផ្គត់ផ្គង់អាវុធដល់រុស្ស៊ី

អាមេរិក៖ កូរ៉េខាងជើងនឹងប្រឈមមុខនឹងផលវិបាក ប្រសិនបើខ្លួនផ្តល់អាវុធដល់រុស្ស៊ី ដើម្បីប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន នេះបើតាមមន្ត្រីជាន់ខ្ពស់សេតវិមាន លោក Jake Sullivan។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានប្រាប់អ្នកយកព័ត៌មានថា «ពួកគេ (កូរ៉េខាងជើង) នឹងសងការខូចខាត សម្រាប់រឿងនេះ នៅក្នុងសហគមន៍អន្តរជាតិ»។

លោក Sullivan បាននិយាយថា រុស្ស៊ីអាចប្រើប្រាស់អាវុធ ពីប្រទេសកូរ៉េខាងជើង ដើម្បីវាយប្រហារការផ្គត់ផ្គង់ស្បៀងអាហារ និងហេដ្ឋារចនាសម្ព័ន្ធកំដៅ ដែលកំពុងឈានចូលរដូវរងា នៅប្រទេសអ៊ុយក្រែន។

ថ្មីៗនេះ សហរដ្ឋអាមេរិកជឿជាក់ថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un នឹងធ្វើដំណើរដ៏កម្រមួយទៅក្រៅប្រទេស ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin ដែលពួកគេទំនងជាពិភាក្សា អំពីអាវុធសម្រាប់សង្គ្រាម របស់រុស្ស៊ី នៅអ៊ុយក្រែន។ យ៉ាងណាមិញ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា៖ «យើងគ្មានអ្វីត្រូវនិយាយអំពីរឿងនេះទេ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner