លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាទទួល ជួប ពិភាក្សា ការងារជាមួយតំណាងវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ
ភ្នំពេញ៖លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយតំណាង វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ (IBF)ដើម្បីពិភាក្សាពីវិធីសហការអភិវឌ្ឍធនធាន មនុស្សក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ កម្ពុជាឱ្យកាន់ តែប្រសើរ។ជំនួបនេះបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៣។
ប្រភពធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ក្នុងជំនួបនោះ តំណាង IBF បានឆ្លៀតឱកាសសម្តែងការ អបអរ សាទរចំពោះលោកជំទាវ បណ្ឌិត ក្នុង តួនាទីជាទេសាភិបាលធនាគារជាតិនៃកម្ពុជា និងបានកោតសសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់លោកជំទាវក្នុងការលើកកម្ពស់ការ យល់ដឹង ផ្នែកហិរញ្ញវត្ថុ បរិយាបន្នហិរញ្ញវត្ថុ និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។

ដោយឡែកក្នុងជំនួបនវដែរលោកជំទាវទេសាភិបាលបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមពង្រឹងកិច្ចសហការដើម្បីឆ្ពោះទៅរកការអភិវឌ្ឍវិស័យធនាគារ និង ហិរញ្ញវត្ថុ នៅកម្ពុជា ព្រមទាំងបានណែនាំដល់ IBF ឱ្យជួយ បណ្តុះបណ្តាលបន្ថែមដល់និស្សិតដែលបាន បញ្ចប់ការសិក្សា ពីមណ្ឌល សិក្សា បច្ចេក ទេសធនាគារ (CBS) ដើម្បីបង្កើនជំនាញនិងការយល់ ដឹង របស់ពួកគេឱ្យកាន់តែខ្លាំងក្លា។
គួរបញ្ជាក់ថា មណ្ឌលសិក្សាបច្ចេកទេសធនាគារ (CBS) គឺជាផ្នែកមួយ នៃ ធនាគារជាតិនៃកម្ពុជា ដែលបង្កើតឡើងសម្រាប់ផ្តល់ការបណ្តុះ បណ្តាលជំនាញផ្នែកធនាគារ និងហិរញ្ញវត្ថុ ដើម្បីឆ្លើយតបតម្រូវការ ធនធានមនុស្សស្របតាមការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ច កម្ពុជា៕


ប្រភពធនាគារជាតិនៃកម្ពុជា