ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ត្រូវបញ្ចប់ការងារចេញបណ្ណកម្មសិទ្ធិដែលនៅសល់ឱ្យបានលឿន
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍ថា មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ត្រូវបញ្ចប់ការងារចេញបណ្ណកម្មសិទ្ធិដែលនៅសល់ឱ្យបានលឿន ដោយសហការជាមួយអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ពិនិត្យមើលដីណាដែលបានដោះស្រាយហើយ ដើម្បីពន្លឿននីតិវិធីនៃការចេញបណ្ណទាំងនោះ។ ចំពោះបញ្ហាវិវាទដីធ្លីដែលនៅសេសសល់ ត្រូវអញ្ជើញភាគីវិវាទមកដោះស្រាយដើម្បីបញ្ចប់ការងារ។

នេះជាប្រសាសន៍លើកឡើង របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំជីវភាពក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យនិងវាយតម្លៃវឌ្ឍនភាពការងារ និងទិសដៅអនុវត្តការងារបន្ត របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ។

ដើម្បីសម្រួល និងពន្លឿនការងារទាំងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ផ្តល់គោលការណ៍ឱ្យពិនិត្យរើសមន្ត្រីនៅក្រសួង ឬមន្ត្រីសុរិយោដីនៅតាមខណ្ឌនានាដែលបានបំពេញការងារចុះបញ្ជីស្ទើររួចរាល់ហើយ ទៅជួយនៅមន្ទីរខេត្តព្រះសីហនុ ក្នុងរយៈពេលឯកភាពមួយ ឬពិនិត្យលទ្ធភាពជួលក្រុមហ៊ុនឯកជនដែលមានសម្បទាផ្នែកច្បាប់ ដើម្បីចុះធ្វើការងារនេះ ៕
ដោយ / គ្រី សម្បត្តិ
