រូបចម្លាក់លិបធ្វើពីថ្មភក់បាត់ជាង៣០ឆ្នាំ រកឃើញក្នុងប្រទេសបារាំង (Video Inside)

វត្ថុចម្លាក់បុរាណខ្មែរ ដែលត្រូវគេលួចចេញពីប្រទេសប្រមាណជាង៣០ឆ្នាំកន្លងមកនេះ ត្រូវបានរកឃើញក្នុងប្រទេសបារាំង និងត្រូវបានប្រគល់មកកម្ពុជាវិញ។

រូបចម្លាក់លិប ធ្វើពីថ្មភក់ដែលមានសរុបប្រាំបំណែក គឺជាវត្ថុបុរាណខ្មែរ កសាងឡើងនៅសតវត្សរ៍ទី១២ ឬទី១៣ និងមានទម្ងន់ប្រហែល ៣០០ គីឡូក្រាម។ រូបចម្លាក់លិបដែលរកឃើញវិញក្នុងទីតាំងក្រុមហ៊ុនលក់ដេញថ្លៃវត្ថុបុរាណ នៅក្រុងលីយ៉ុង ប្រទេសបារាំង ជារូបចម្លាក់ត្រូវគេលួចចេញពីប្រាសាទព្រះខ័នកំពង់ស្វាយ នៃខេត្តពោធិ៍សាត់ ឬពីប្រាសាទបន្ទាយឆ្មារក្នុងខេត្តបន្ទាយមានជ័យ។

រូបចម្លាក់នេះត្រូវបានគេលួចចេញទៅក្រៅប្រទេសកាលពីដើមទសវត្សរ៍ឆ្នាំ១៩៩០ និងត្រូវបានរឹបអូសនៅក្នុងក្របខ័ណ្ឌ នៃប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងរបស់ក្រុមហ៊ុនលក់ដេញថ្លៃវត្ថុបុរាណមួយកន្លែង នៅទីក្រុងលីយ៉ុង កាលពីខែកុម្ភៈ ឆ្នាំ២០២០។

ភ្នាក់ងារគយបារាំង បានប្រគល់សម្បត្តិបេតិកភណ្ឌវប្បធម៌ ដែលបានរឹបអូសបាន ប្រគល់ជូនដល់កម្ពុជាវិញ តាមរយៈឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងលោក កេត សោផាន់។ លោកឯកអគ្គរាជទូតកម្ពុជា បានធ្វើដំណើរទីកាន់ក្រុងលីយ៉ុង កាលពីថ្ងៃទី៤កញ្ញា ដើម្បីទទួលយករូបចម្លាក់បុរាណខ្មែរនោះមកវិញ។

កម្ពុជាក្នុងអតីតកាលសម័យសង្គ្រាម, រូបចម្លាក់ ក្នុងប្រាសាទបុរាណខ្មែរ ត្រូវបានគេលួចចេញយកទៅលក់នៅក្រៅប្រទេស។ ក្រោយប្រទេសមានសុខសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន, រូបវត្ថុបុរាណខ្មែរ ដែលបាត់បង់ ត្រូវបានគេរកឃើញជាបន្តបន្ទាប់ និងបានប្រគល់មកកម្ពុជា ដែលជាសាមីប្រទេសដើមវិញ។

ads banner