មេដឹកនាំកម្ពុជា-ហ្វីលីពីន ពិភាក្សាគ្នាលើវិស័យជាច្រើន ពិសេសការតភ្ជាប់លើគ្រប់រូបភាព ដើម្បីជាឧត្តមប្រយោជន៍នៃប្រជាជាតិទាំងពីរ
(ភ្នំពេញ)៖ នៅជំនួបពិភាក្សាការងារ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន បានជជែកគ្នាទៅលើវិស័យជាច្រើន ដែលមានសក្តានុពលសម្រាប់ជាកម្មវត្ថុនៃការពង្រឹង និងពង្រីកសហប្រតិបត្តិការបន្ថែមរវាងកម្ពុជា និងហ្វីលីពីន, និង ដើម្បីជាឧត្តមប្រយោជន៍នៃប្រជាជាតិទាំងពីរ។ វិស័យដែលមានសក្តានុពលទាំងនោះ រួមមាន៖ ពាណិជ្ជកម្ម ការអភិវឌ្ឍវិស័យឯកជន, ទេសចរណ៍, ការអប់រំ និងបណ្តុះបណ្តាល, សន្តិសុខ, ការពារជាតិ, និងការតភ្ជាប់លើគ្រប់រូបភាពរវាងប្រទេសទាំងពីរ។

ក្នុងជំនួបនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅចំពោះឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស និងបានថ្លែងអំណរគុណជូនចំពោះប្រជាជន និងប្រទេសហ្វីលីពីន ដែលបានគាំទ្រកម្ពុជា ក្នុងការបំពេញកាតព្វកិច្ចជាប្រធានអាស៊ាន នៅឆ្នាំ២០២២ និងចំពោះការចូលរួមរបស់កីឡាករហ្វីលីពីន នៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ កន្លងមក។ ឯកឧត្តមប្រធានាធិបតី បានឆ្លើយតបចំពោះការស្វាគមន៍នេះ និងបានសម្តែងនូវការអបអរសាទរចំពោះសម្តេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តមប្រធានាធិបតី ក៏បានផ្តាំផ្ញើនូវការអរគុណផងដែរជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលកន្លងមកតែងនាំមកនូវគំនិតផ្តួចផ្តើម, ទិសដៅនយោបាយ, និងគោលការណ៍នយោបាយ សម្រាប់អនុវត្តន៍នៅក្នុងក្របខ័ណ្ឌអាស៊ាន នាពេលដែលសម្តេចតេជោ នៅជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានបង្ហាញនូវទឹកចិត្តសោមនស្ស ចំពោះឱកាសផ្លាស់ប្តូរយោបល់ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគីនេះ ដែលជាយន្តការនៃកិច្ចសហប្រតិបត្តិការបន្ថែម លើយន្តការពហុភាគីនៃក្របខ័ណ្ឌអាស៊ាន ។ ថ្នាក់ដឹកនាំទាំងពីរ បានគោរពអញ្ជើញគ្នាទៅវិញទៅមក ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ក្នុងពេលសមស្របណាមួយ នាពេលអនាគត៕


ដោយ ៖ វណ្ណលុក