សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នីតិកាលទី៧ នៃរដ្ឋសភា ជាចំណុចរបត់ លើកដំបូង ក្នុងប្រវត្តិសាស្ត្រកម្ពុជា មានការផ្លាស់ប្តូរអំណាចដោយសន្តិវិធី

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បានមានប្រសាសន៍ថា នីតិកាលទី៧ នៃរដ្ឋសភា ជាចំណុចរបត់ដ៏សំខាន់លើកដំបូងក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំ ដែលកម្ពុជា មានការផ្លាស់ប្តូរអំណាចដោយសន្តិវិធី និងប្រព្រឹត្តទៅដោយរលូន។ ព្រឹត្តិការណ៍នេះ គឺអាចធ្វើទៅបាន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់អតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូររៀបចំផែនការយ៉ាងប៉ិនប្រសប់ និងធ្វើការផ្លាស់ប្តូរអំណាចដោយរលូន ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកឡើងបែបនេះ ក្នុងឱកាសទទួលស្វាគមន៍ដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពរបស់ ឯកឧត្តម គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ និងលោកជំទាវ ព្រមទំាងសមាជិកគណៈប្រតិភូទំាងអស់ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បន្តថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមប្រធានរដ្ឋសភាកូរ៉េ នាពេលនេះ ជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ និងជាប្រវត្តិសាស្ត្រស្របពេលដែលរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ទើបបានបង្កើតឡើង និងដំណើរការបានជាងពីរសប្តាហ៍ ប៉ុណ្ណោះ ។

ឯកឧត្តម គីម ជីន ព្យូ បានលើកសរសើរពីការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃ កម្ពុជា ដែលជាគ្រឹះដ៏រឹងមាំដល់វឌ្ឍនភាព និងវិបុលភាព នៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកូរ៉េ-កម្ពុជា កាន់តែរីកចម្រើន នាពេលអនាគត ។ ជាមួយគ្នានេះ ឯកឧត្តមបានបង្ហាញនូវការជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលជាស្រ្តីដំបូងគេ កាន់តំណែងជាប្រធានរដ្ឋសភា ក្នុងប្រវត្តិសាស្រ្តកម្ពុជា នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការដឹកនាំកម្ពុជាឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់ខ្លួន។ រដ្ឋសភាកូរ៉េ ត្រៀមខ្លួនជាស្រេចនៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយ រាជរដ្ឋាភិបាល និងរដ្ឋសភាកម្ពុជា ។

សូមជម្រាបជូនថា ឯកឧត្តម គីម ជីន ព្យូ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាសាធារណរដ្ឋកូរ៉េ មកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅ កម្ពុជា រយៈពេលបួនថ្ងៃ គឺចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិ ក៏ដូចជាស្ថាប័ននីតិប្រតិបត្តិនៃប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំថែមទៀត។

នៅថ្ងៃទី៨ ខែកញ្ញាស្អែកនេះ ឯកឧត្តម គីម ជីន ព្យូ នឹងចូលជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ផងដែរ ៕

ដោយ ហេង សម្បត្តិ +ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner