អគ្គនាយកពន្ធដារ ៖ រាជរដ្ឋាភិបាលថ្មី នឹងធ្វើឱ្យបរិយាកាស នៃការធ្វើធុរកិច្ចកាន់តែប្រសើរឡើង
(ភ្នំពេញ)៖ អគ្គនាយកពន្ធដារ បានលើកឡើងថា រាជរដ្ឋាភិបាលថ្មី នឹងធ្វើឱ្យបរិយាកាស នៃការធ្វើធុរកិច្ចកាន់តែប្រសើរឡើង ខណៈបញ្ចកោណទី៥ នឹងដើរតួនាទី ជាកាតាលីករថ្មីដ៏មានសារសំខាន់ ។ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងដូច្នេះក្នុងវេទិកាពន្ធដារ ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយសភាធុរកិច្ចម៉ាឡេស៊ីនៅកម្ពុជា (Malaysian Business Chamber of Cambodia-MBCC) កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ។

ឯកឧត្តម គង់ វិបុល បានលើកឡើងថា រាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ នៃរដ្ឋសភា នឹងដើរតាមគន្លងមាគ៌ានយោបាយដ៏ត្រឹមត្រូវពី អ្នកដឹកនាំជំនាន់មុន ក្នុងនោះការជំរុញកំណើន នៃការវិនិយោគ និងការលើកកម្ពស់បរិយាកាសធុរកិច្ចនៅកម្ពុជា គឺជាកិច្ចការចាំបាច់ដែលរាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់ខ្ពស់។
ឯកឧត្តម បានបន្តថា តាមការគ្រោងទុក អំឡុង ខែវិច្ឆិកា ខាងមុខ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន លើកទី១៩ ដើម្បីស្តាប់នូវមតិយោបល់ សំណូមពរ និងបញ្ហាប្រឈម ឈានទៅរកដំណោះស្រាយសមស្របសម្រាប់វិស័យឯកជន។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានបន្ថែមថា ដោយចាត់ទុកបច្ចេកវិទ្យាឌីជីថលជាកាតាលីករថ្មីដ៏មានសារសំខាន់ និងសក្តានុពលភាពរាជរដ្ឋាភិបាលបានកំណត់យក ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ជាបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ ក្នុងន័យនេះ បច្ចេកវិទ្យាឌីជីថលនឹងក្លាយជាផ្នែកមួយដ៏ សំខាន់នៃការជំរុញកំណើនផលិតភាពសេដ្ឋកិច្ច និងសង្គម ព្រមទាំងផ្តល់នូវកាលានុវត្តភាពថ្មីជាច្រើនក្នុង ការនាំមកនូវគំរូធុរកិច្ចថ្មីៗប្រកបដោយនវានុវត្តន៍ ការបង្កើនប្រសិទ្ធភាពនិងផលិតភាព និងការធ្វើឱ្យបរិយាកាសប្រកួតប្រជែងមានភាពកាន់តែប្រសើរឡើង ។

ឯកឧត្តមអគ្គនាយកពន្ធដារបានបន្ថែមថា ជាបទពិសោធន៍ជាក់ស្ដែងរបស់អគ្គនាយកដ្ឋាន ពន្ធដារ ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ចូលរួមយ៉ាងសំខាន់ក្នុងការកៀរគរប្រមូលចំណូលពន្ធឱ្យមានកំណើន ប្រកបដោយចីរភាពឧទាហរណ៍ ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (e-Filing) បានផ្តល់ភាពងាយស្រួលក្នុងការប្រកាសបង់ប្រាក់ពន្ធបានទាន់ពេលនៅគ្រប់កាលៈទេសៈ ទោះស្ថិតក្នុងអំឡុងពេលនៃការបិទខ្ទប់ពីការរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ ។ លើសពីនេះ អគ្គនាយកដ្ឋានពន្ធដារ ក៏បានប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានសម្រាប់ជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធផងដែរ ក្នុងនោះមាន មជ្ឈមណ្ឌលពិគ្រោះយោបល់ ១២៧៧ និងកម្មវិធីជជែកផ្ទាល់ជាមួយពន្ធដារ GDT Live Chat ជាដើម ៕





អត្ថបទ៖ វណ្ណលុក , រូបភាព៖ វ៉េង លីមហួត