ប្រទេសហត្ថលេខីទាំងអស់ អះអាងជាថ្មីអំពីការប្តេជ្ញាចិត្តដើម្បីស្រោចស្រង់កិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់
បរទេស៖ បណ្តាប្រទេសហត្ថលេខីនៃកិច្ចប្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ (JCPOA) បានអះអាងជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការស្រោចស្រង់កិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ២០១៥នេះ និងបានរិះគន់ចំៗលើសហរដ្ឋអាម៉េរិក ជុំវិញការដាក់ទណ្ឌកម្មឯកតោភាគីរបស់ខ្លួន កាលពីអំឡុងកិច្ចប្រជុំមួយនៅថ្ងៃ អាទិត្យ ម្សិលមិញ នេះបើតាមគណៈប្រតិភូចិន។
អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងសព្វាវុធនៃក្រសួងការបរទេសចិន លោក ហ៊្វូ កុង បានថ្លែងថា ក្នុងអំឡុងកិច្ចប្រជុំរួមគ្នាខាងលើនេះ ចំណុចដំបូង ភាគីហត្ថលេខីទំាងអស់បានសម្តែងពីការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការថែរក្សាការពារកិច្ចព្រមព្រៀង JCPOA ហើយនឹងបន្តអនុវត្តន៍តាមកិច្ចព្រមព្រៀងនេះ ក្នុងលក្ខណៈគោលបំណង និងមានតុល្យភាព។
លោកបានបន្ថែមទៀតថា ចំណុចទី២ ភាគីពាក់ព័ន្ធទាំងអស់បានបង្ហាញការប្រឆាំងរបស់ពួកគេ ទាក់ទិននឹងការដាក់ទណ្ឌកម្មជាលក្ខណៈឯកតោភាគីរបស់សហរដ្ឋអាម៉េរិកលើប្រទេសអ៊ីរ៉ង់ ហើយពួកគេក៏បានសម្តែងនូវការគំាទ្រ និងកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់ចិន ក្នុងការអនុវត្តកិច្ចព្រមព្រៀង JCPOA ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់ចិន ដើម្បីរក្សាទំនាក់ទំនងពាណិជ្ជកម្ម និងប្រេងជាធម្មតាជាមួយអ៊ីរ៉ង់៕ធ.ដ




