ប្រមុខការទូតជប៉ុនទៅអ៊ុយក្រែនលើកដំបូង ចាប់តាំងពីសង្គ្រាមផ្ទុះឡើង

កៀវ៖ ស្ថានទូតជប៉ុនបានឱ្យដឹងនៅថ្ងៃទី៩ ខែកញ្ញានេះថា រដ្ឋមន្រ្តីការបរទេសជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី បានធ្វើដំណើរទស្សនកិច្ចទៅដល់ប្រទេសអ៊ុយក្រែនហើយ ដើម្បីបង្ហាញការគាំទ្រប្រទេសដែលរងគ្រោះដោយសារសង្គ្រាមួយនេះ។

ស្ថានទូតជប៉ុនបានបង្ហោះវីដេអូនៅលើបណ្តាញសង្គមហ្វេសបុក ដែលបង្ហាញពីរដ្ឋមន្រ្តីការបរទេសជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី បានធ្វើដំណើរទៅដល់អ៊ុយក្រែន ហើយត្រូវបានស្វាគមន៍ដោយមន្រ្តីទីក្រុងកៀវនៅឯស្ថានីយរថភ្លើង។

ក្រសួងការបរទេសជប៉ុនបានបញ្ជាក់ថា លោក ហាយ៉ាស៊ី ដែលអមដំណើរការដោយតំណាងធុរកិច្ចជប៉ុនផងដែរនោះ នឹងធ្វើកិច្ចពិភាក្សាទៅលើការសាងសង់ និងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ ជាមួយសមភាគីអ៊ុយក្រែន លោក ឌីមីត្រូ ខូលេបា។ ក្រៅពីការចូលរួមជាមួយមហាអំណាចលោកខាងលិច ក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ី ជប៉ុនបានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងមនុស្សធម៌ដល់អ៊ុយក្រែនផងដែរ។

បន្ថែមលើនេះ ជប៉ុនក៏បានចាត់វិធានការដ៏កម្រក្នុងការបញ្ជូនឧបករណ៍ការពារ និងផ្តល់ជម្រកដល់អ្នកដែលភៀសខ្លួនចេញពីជម្លោះនៅអ៊ុយក្រែន។ យ៉ាងណាមិញ ជប៉ុនមិនបានផ្តល់ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែនទេ ដោយសារតែរដ្ឋធម្មនុញ្ញក្រោយសង្រ្គាមរបស់ប្រទេសជប៉ុន បានកំណត់សមត្ថភាពយោធារបស់ទីក្រុងតូក្យូ សម្រាប់វិធានការការពារខ្លួន៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner