គ្រោះរញ្ជួយដីនៅម៉ារ៉ុកបានសម្លាប់មនុស្សជាងពីរ ពាន់នាក់ និងរាប់ពាន់នាក់រងរបួស
ម៉ារ៉ុក៖ នាថ្ងៃទី៩ ខែកញ្ញា កន្លងទៅ នៅម៉ោង៤:៤២រសៀល ប្រទេសម៉ារុកបានជួបគ្រោះរញ្ជួយដី ដ៏កាចសាហាវដែលមិនធ្លាប់មានគិតចាប់ពីឆ្នាំ ១៩៦០មក។ មកទល់ពេលនេះ មានមនុស្សចំនួន ជាងពីរពាន់នាក់ហើយដែលបានបាត់បង់ជីវិត ។រីឯប្រជាជនដែលនៅរស់រានមានជីវិតក៏កំពុងប្រមូល ផ្ដុំគ្នានៅទីសុវត្ថិភាព។
តាមរយៈរូបភាពពីកាមេរ៉ាតាមដងផ្លូវក្នុងទីក្រុង Marrakech ក្នុងពេលកើតហេតុ គេអាចមើលឃើញមនុស្សម្នាចាប់ផ្ដើមមានការភ្ញាក់ផ្អើល និងប្រញាប់រត់ទៅរកទីមានសុវត្ថិភាព ខណៈដែលផ្ទៃដីក្នុងតំបន់នោះចាប់ផ្ដើមរង្គើកាន់តែខ្លាំង ដែលធ្វើឱ្យធូលី កម្ទេចកម្ទី និងសម្ភារៈផ្សេងៗបានធ្លាក់បែកបាក់ជាបន្តបន្ទាប់។
គ្រោះរញ្ជួយដីនេះបានកើតឡើងនៅក្នុងទីក្រុង Marrakech ដែលជាទីក្រុងប្រវត្តិសាស្ត្រមួយរបស់ប្រទេសម៉ារ៉ុក និងដែលជាទីមានសំណង់អគារចាស់ៗជាច្រើន។ខណៈពេលនេះ ប្រជាជនដែលនៅរស់រានមានជីវិតក៏កំពុងតែមមាញឹកក្នុងការស្វែងរកប្រជាជនផ្សេងទៀតដែលអាចកប់នៅក្នុងគំនរដីតាមជម្រាលភ្នំ និងនៅតាមផ្ទះដែលរលំ បែកបាក់ជាដើម។
ក្រសួងមហាផ្ទៃរបស់ប្រទេសម៉ារុកបានបញ្ជាក់ថា មនុស្សចំនួន ២ ០១២ នាក់បានស្លាប់ និង២ ០៥៩ នាក់បានរងរបួស ។ក្នុងនោះមាន ១ ៤០៤នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិកបាននិយាយថា គ្រោះរញ្ជួយដីនេះ មានកម្រិត ៦.៨រ៉ិចទ័រ ដែលមានចំណុចកណ្តាលស្ថិតនៅចម្ងាយប្រហែល៧២គីឡូម៉ែត្រ (៤៥ម៉ាយ) ភាគនិរតីនៃទីក្រុង Marrakech។
ផ្ទះស្ទើរតែទាំងអស់នៅក្នុងតំបន់ Asni ដែលមានចម្ងាយប្រហែល ៤០ គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុង Marrakech បានរងការខូចខាត ខណៈដែលអ្នកភូមិកំពុងរៀបចំជម្លៀសខ្លួនចេញទៅស្នាក់នៅតំបន់មានសុវត្ថិភាពជាបណ្ដោះអាសន្នសិន។
ភូមិ Tansghart នៃតំបន់ Ansi ដែលស្ថិតនៅម្ខាងនៃជ្រលងភ្នំដែលផ្លូវពី Marrakech ក៏បានរងការវាយប្រហារដ៏អាក្រក់បំផុតផងដែរ។ សំណង់ អគារដ៏ស្រស់ស្អាតនៅក្នុងភូមិដែលធ្លាប់តែតោងជាប់នឹងជម្រាលភ្នំក៏ត្រូវបានធ្លាក់ចេញពីចង្កេះភ្នំ។ ក្នុងនោះវិហារឥស្លាមចំនួនពីរបានដួលរលំផងដែរ។
ជាមួយគ្នានេះ កងកម្លាំងប្រដាប់អាវុធម៉ារ៉ុកនឹងដាក់ពង្រាយក្រុមជួយសង្គ្រោះដើម្បីផ្តល់តំបន់រងគ្រោះជាមួយនឹងទឹកស្អាត ការផ្គត់ផ្គង់អាហារ តង់ និងភួយ។
ដោយឡែក ប្រទេសជិតខាងដូចជា តួកគី និងអាល់ហ្សេរី ក៏មិនបានអើពើចំពោះប្រទេសម៉ារុកដែលកំពុងតែជួបសោកនាដកម្មដ៏ធំនេះដែរ។ ពួកគេបានផ្ដល់ជំនួយជាសម្ភារៈ ព្រមទាំងបើកជើងហោះហើរសម្រាប់ប្រជាជនម៉ារុកភៀសខ្លួនជាបណ្ដោះអាសន្ន។
តាមរយៈហេតុការណ៍ដែលគួរឱ្យរន្ធត់នេះ ប្រទេសម៉ារ៉ុកបានប្រកាសកាន់ទុក្ខរយៈពេលបីថ្ងៃ ដោយទង់ជាតិនឹងត្រូវហូតត្រឹមពាក់កណ្ដាលនៅទូទាំងប្រទេស៕ ប្រែសម្រួល៖ កែវ បុស្បា