អាមេរិកគំរាមដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ប្រសិនបើប្រទេសនេះលក់អាវុធឱ្យរុស្ស៊ី
អាមេរិក៖ សហរដ្ឋអាមេរិកបានគំរាមរឹតបណ្ដឹងទណ្ឌកម្មលើកូរ៉េខាងជើងដែលមានស្រាប់ឱ្យកាន់តែធ្ងន់ធ្ងរ ប្រសិនបើប្រទេសនេះលក់អាវុធឱ្យរុស្ស៊ីដើម្បីយកទៅប្រើក្នុងសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន ស្របពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ត្រៀមជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកបន្តធ្វើឱ្យអ្នកដែលជួយរុស្ស៊ីក្នុងការឈ្លានពានអ៊ុយក្រែន ទទួលខុសត្រូវលើទង្វើដែលខ្លួនធ្វើ។ លោកថ្លែងយ៉ាងដូច្នេះប្រាប់អ្នកយកព័ត៌មានថា ៖ «ខ្ញុំនឹងរំឭកប្រទេសទាំងពីរថា ការផ្ទេរសព្វាវុធពីកូរ៉េខាងជើងទៅរុស្ស៊ី នឹងបំពានលើសេចក្ដីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។
លោកបន្តថា ៖ «ពិតណាស់ ពួកយើងបានអនុវត្តទណ្ឌកម្មរបស់យើងយ៉ាងចាស់ដៃប្រឆាំងនឹងអង្គភាពដែលផ្តល់មូលនិធិដល់កិច្ចខិតខំធ្វើសង្រ្គាមរបស់រុស្ស៊ី ហើយយើងនឹងបន្តអនុវត្តទណ្ឌកម្មទាំងនោះ ហើយនឹងមិនស្ទាក់ស្ទើរក្នុងការដាក់ទណ្ឌកម្មថ្មីនោះទេ ប្រសិនបើវាចាំបាច់»។
លោកមិនបានបញ្ជាក់ថា តើអាមេរិកនឹងដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ឬរុស្ស៊ី ឬក៏ទាំងពីរនោះទេ ដោយនិយាយថា អាមេរិកកំពុងតាមដានស្ថានការណ៍ ហើយនឹងរង់ចាំមើលលទ្ធផលនៃកិច្ចប្រជុំរវាងលោក ពូទីន និងលោក គីម មុននឹងធ្វើការសន្និដ្ឋាន។
គួរបញ្ជាក់ថា ទាំងរុស្ស៊ី និងកូរ៉េខាងជើង កំពុងស្ថិតនៅក្រោមទណ្ឌកម្មធ្ងន់ធ្ងររបស់អាមេរិករួចទៅហើយ។ ទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង បានបញ្ជាក់ថា មេដឹកនាំនៃប្រទេសពីរ គ្រោងនឹងជួបគ្នានៅប៉ុន្មានថ្ងៃខាងមុខនេះ។
សហរដ្ឋអាមេរិក ដែលម្ចាស់ជំនួយរាប់ពាន់លានដុល្លារដល់អ៊ុយក្រែន បានព្រមានដៃគូប្រកួតប្រជែង និងសត្រូវរបស់ខ្លួន រួមទាំងប្រទេសចិន ប្រឆាំងនឹងការជួយរុស្ស៊ីដើម្បីប្រយុទ្ធជាមួយអ៊ុយក្រែន។ ក្នុងរយៈពេល២សប្តាហ៍កន្លងមកនេះ ទីក្រុងវ៉ាស៊ីនតោនបានជំរុញក្រុងព្យុងយ៉ាងម្តងហើយម្តងទៀត កុំឱ្យលក់អាវុធទៅឱ្យក្រុងមូស្គូ។
នៅពេលសួរថា ហេតុអ្វីបានជាសហរដ្ឋអាមេរិកព្រួយបារម្ភថាកិច្ចប្រជុំលោក គីម និងលោក ពូទីន នឹងនិយាយអំពីកិច្ចព្រមព្រៀងអាវុធ លោក Miller បានថ្លែងថា «វាមិនមែនជាជំនួបបែបធម្មតានោះទេ»។
ជំនួបរបស់មេដឹកនាំទាំងពីរ គ្រោងធ្វើឡើងស្របពេលដែលគេមើលឃើញថា ទំនាក់ទំនងរវាងរុស្ស៊ី និងកូរ៉េខាងជើង មានសញ្ញាកាន់តែជិតស្និទ្ធក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ នេះមិនមែនជាលើកទី១ទេ ដែលអាមេរិកព្រួយបារម្ភពីការផ្គត់ផ្គង់អាវុធឱ្យរុស្ស៊ីពីកូរ៉េខាងជើង។
កាលពីឆ្នាំមុន សហរដ្ឋអាមេរិកក៏បានចោទប្រកាន់កូរ៉េខាងជើងផងដែរថា បានដឹកជញ្ជូនគ្រាប់កាំភ្លើងធំទៅរុស្ស៊ីដោយសម្ងាត់ ដែលជាការចោទប្រកាន់ក្រុងមូស្គូ និងក្រុងព្យុងយ៉ាង ច្រានចោល។
ដោយឡែក ការព្រមានរបស់អាមេរិកចុងក្រោយនេះ ក៏កើតមានផងដែរ ខណៈភាពតានតឹងរវាងក្រុងព្យុងយ៉ាង និងក្រុងវ៉ាស៊ីនតោន បាននិងកំពុងកើនឡើង ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង និងការបង្កើនការបាញ់សាកល្បងមីស៊ីល៕
ប្រែសម្រួល៖ហួន ឌីណា
ប្រភព៖ US threatens sanctions if North Korea sells arms to Russia