សហគ្រាសធុនតូច និងមធ្យមជប៉ុន ចាប់អារម្មណ៍ការវិនិយោគ នៅកម្ពុជាលើវិស័យសំខាន់ៗពីរ
ភ្នំពេញ៖ សហគ្រាសធុនតូច និងមធ្យមជប៉ុន ចាប់អារម្មណ៍លើការ វិនិយោគនៅកម្ពុជា ចំពោះវិស័យសំខាន់ៗចំនួនពីរ គឺ-ការផលិតទំនិញ កែច្នៃ ដើម្បីផលិតជាផលសម្រេចសម្រាប់នាំចេញ និងការបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ ។ នេះបើយោងតាមខ្លឹមសារនៃជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ជាមួយឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រធាន សមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាល្ងាចថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ។

ប្រភពដដែលបញ្ជាក់ថា នៅក្នុងជំនួបនេះ សម្ដេចធិបតី និងឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានពិភាក្សាទៅលើកិច្ចសហប្រតិបត្តិការវាង កម្ពុជា-ជប៉ុន ជាពិសេស ក្នុងទិដ្ឋភាពនៃការធ្វើធុរកិច្ច និងឱកាស សម្រាប់ការវិនិយោគនៅកម្ពុជា។
សម្ដេចធិបតី បានជម្រាបជូនអំពីវឌ្ឍនភាពវិជ្ជមានជាច្រើន ដែលកម្ពុជា សម្រេចបាន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងនេះ។ ជាពិសេស ក្នុង នីតិកាល ទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ដែលកម្ពុជា បានដាក់ចេញនូវច្បាប់ ស្តីពីវិនិ យោគ នៃកម្ពុជា និងអនុក្រឹត្យសម្រាប់ការអនុវត្តច្បាប់នេះ ដែល បានចែងយ៉ាងច្បាស់អំពីយន្តការលើកទឹកចិត្តដ៏ទាក់ទាញ និងជាក់លាក់ ព្រមទាំងគោលនយោបាយអនុគ្រោះ និងកិច្ចសម្របសម្រួលផ្សេងៗ សម្រាប់ ការវិនិយោគក្នុងវិស័យអាទិភាព។

ជាមួយនឹងការកំណត់ក្របខ័ណ្ឌគតិយុត្ត និងយន្តការជាក់លាក់ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា វិនិយោគិនជប៉ុន ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) នឹងចាប់អារម្មណ៍លើការវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។

ទន្ទឹមនេះដែរ ឯកឧត្តម តាកាហាស៊ី បានជម្រាបជូនសម្ដេចធិបតី អំពី ចំណាប់អារម្មណ៍របស់ SMEs ជប៉ុន ចំពោះវិស័យសំខាន់ៗពីរ គឺ៖ (១.) ការផលិតទំនិញកែច្នៃ ដែលប្រើប្រាស់វត្ថុធាតុដើមកម្ពុជា និងបច្ចេកវិទ្យា ទំនើបជប៉ុន ដើម្បីផលិតជាផលិតផលសម្រេច សម្រាប់នាំចេញ និង (២.) ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដោយផ្តោតលើ៖ សេវា បដិសណ្ឋារកិច្ច, មេកានិក យានយន្ត (សេវាជួសជុល រថយន្តជប៉ុន), ការតុបតែង និងកែសម្ផស្ស, សេវាថែទាំអ្នកជំងឺ-មនុស្សចាស់ និងជំនាញបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល។

សម្ដេចធិបតី បានវាយតម្លៃខ្ពស់ ចំពោះចំណាប់អារម្មណ៍ នៃ ការវិនិយោគ ក្នុងវិស័យ ដែលកម្ពុជាកំពុងមានតម្រូវការ ហើយវិស័យ ទាំងនេះ ក៏មានសង្គតិភាពទៅនឹងក្របខ័ណ្ឌ គោលនយោបាយ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន ដូចជា យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ជាដើម។ ក្នុងន័យនេះ សម្ដេចធិបតី ជំរុញឱ្យ សមាគមធុរកិច្ចជប៉ុន សហការ និងបង្កើនទំនាក់ទំនងការងារ ជាមួយភាគីពាក់ព័ន្ធរបស់កម្ពុជា ដើម្បីសម្រេចឱ្យបាននូវវត្ថុបំណង ទាំងនេះ ។

សម្តេចធិបតី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោម ការ ដឹកនាំផ្ទាល់របស់សម្ដេចធិបតី បានត្រៀមខ្លួនរួចជាស្រេច ដើម្បី សម្របសម្រួល សហការ និងគាំទ្រធុរកិច្ចជប៉ុន តាមរយៈគោល នយោបាយ និងកញ្ចប់លើកទឹកចិត្តដ៏ទាក់ទាញ និងជាក់លាក់។

មុននឹងបញ្ចប់ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បាន ជម្រាបបន្ថែម អំពីគោលបំណង នៃការដឹកនាំគណៈប្រតិភូធុរកិច្ចជប៉ុន មកធ្វើ ទស្សនកិច្ច នៅកម្ពុជាជាថ្មីម្ដងទៀត នៅខែវិច្ឆិកាខាងមុខ និងបាន គោរពស្នើសុំការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ដើម្បីចូលជួប សម្តែងការគួរសម និងពិភាក្សាការងារ ។
សម្ដេចធិបតី បានស្វាគមន៍ដោយវិជ្ជមាន ចំពោះគោលបំណងនេះ ហើយសម្ដេចធិបតី នឹងទទួលជួបក្នុងករណីមិនមានបេសកកម្ម ក្រៅ ប្រទេស ហើយពេលវេលាសមស្រប៕ដោយ៖វណ្ណលុក