អាជ្ញាធរផ្សព្វផ្សាយច្បាប់ចរាចរណ៍លើផ្លូវជាតិលេខ១ ដើម្បីចូលរួមកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះ បានផ្សព្វផ្សាយច្បាប់ចរាចរណ៍បន្ថែមទៀតដល់បងប្អូនប្រជាពលរដ្ឋ តាមបណ្តោយផ្លូវជាតិលេខ១ មុខវត្តនិរោធ ខណ្ឌច្បារអំពៅ។
លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ ថ្លែងថា គោលបំណងនៃការចុះផ្សព្វផ្សាយនេះ គឺ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ កាន់តែយល់ដឹងបន្ថែមទៀត ពីច្បាប់ចរាចរណ៍នៅកម្ពុជា ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា។
លោកបន្តថា អ្នកបើកបរគ្រប់រូប ត្រូវយល់ច្បាស់ពីច្បាប់ចរាចរណ៍ មិនត្រូវបើកបរហួសល្បឿនកំណត់ ពិសេសមិនត្រូវប្រើប្រាស់គ្រឿងញៀនជាដាច់ខាត ។ ទន្ទឹមនេះ អ្នកចូលរួមស្តាប់ការផ្សព្វផ្សាយនេះ បានប្តេជ្ញាអនុវត្តន៍តាមការណែនាំរបស់អាជ្ញាធរផងដែរ៕ធ.ដ






