រាជរដ្ឋាភិបាល សម្រេចផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួន របស់រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកប្រកបអាជីវកម្ម មុខរបរតូចតាច
(ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានសម្រេចផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកប្រកបអាជីវកម្ម និងមុខរបរតូចតាច ។ នេះបើតាមសំណេររបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្ដាញសង្គមនៅព្រលប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ។
សម្ដេចអធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដោយភ្ជាប់ជាមួយនឹងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល នៅលើបណ្ដាញសង្គមដូច្នេះថា ថ្មីៗនេះ មានការផ្សព្វផ្សាយពត៌មានមួយចំនួន ពាក់ពន្ធ័នឹងការតម្រូវឱ្យស្នើសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម និងបន្តសុពលភាពអាជីវកម្ម នៅការិយាល័យច្រកចេញ-ចូលតែមួយ នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលការណ៍នេះ បានបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមប្រជាពលរដ្ឋ ដែលបាននិងកំពុងប្រកបអាជីវកម្ម, មុខរបរ និងការងារតូចតាចនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
សម្ដេចបន្តថា ក្រោយពីបានពិភាក្សាជាមួយឯឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខ្ញុំបានចេញសេចក្តីសម្រេច ផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹងការបំពេញបែបបទធ្វើអាជីវកម្ម ដូចមានចែងនៅក្នុងសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រី ខាងក្រោមនេះ ។
ទន្ទឹមនេះដែរ, សម្ដេចអធិបតីនាយករដ្ឋមន្ត្រី ក៏សូមឆ្លៀតយកឱកាសនេះបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់បំផុតចំពោះប្រជាពលរដ្ឋដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ដែលនឹងត្រូវឱ្យអនុវត្តក្នុងពេលឆាប់ៗខាងមុខ ដើម្បីបង្កលក្ខណៈងាយស្រួល, ព្រមទាំងផ្តល់ប្រយោជន៍, ថែបំប៉ន និងលើកកម្ពស់ការយល់ដឹងដល់អ្នកប្រកបអាជីវកម្ម, មុខរបរ និងការងារ ដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ៕



ដោយ ៖ វណ្ណលុក