ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញ ស្នើសុំសម្តេចប្រធានរដ្ឋសភាកម្ពុជាគាំទ្រ កិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ និងរាជធានីភ្នំពេញ

អត្ថបទដោយ៖
Kien Sereyvuth

អនុលេខាបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោកជំទាវ ង្វៀន ធីឡិ បានស្នើសុំសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា គាំទ្រកិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ និងរាជធានីភ្នំពេញ ខណៈដែលទីក្រុងហូជីមិញបានត្រៀមលក្ខណៈសម្បត្តិគ្រប់ពេលវេលា ក្នុងការចែករំលែកបទពិសោធន៍ដល់រាជធានីភ្នំពេញ នៅក្នុងដំណាក់កាលដែលកម្ពុជាកំពុងអភិវឌ្ឍន៍។

លោកជំទាវ ង្វៀន ធីឡិ លើកឡើងបែបនេះ ក្នុងឱកាសដែលលោកជំទាវអញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន នាព្រឹកថ្ងៃទី២៩ កក្កដានេះ នៅវិមានរដ្ឋសភា សម្រាប់ដំណើរទស្សនកិច្ចនៅកម្ពុជា ដែលតាមការបញ្ជាក់របស់លោកជំទាវថា ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឲ្យរឹងមាំរវាងទីក្រុងហូជីមិញ និងរាជធានីភ្នំពេញ។

លោកជំទាវថា នៅក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវនឹងជួបពិភាក្សាជាមួយប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ដើម្បីជជែកពិភាក្សាលើគម្រោងកិច្ចសហប្រតិបត្តិមួយចំនួន នៅក្នុងនោះក៏មានការជំរុញឲ្យដំណើរកាន់តែប្រសើរឡើង នៃមន្ទីរពេទ្យចារៃភ្នំពេញផងដែរ។ ជាមួយគ្នានេះ លោកជំទាវ បានអបអរសាទរពីការអភិវឌ្ឍរបស់កម្ពុជា នៅក្រោមម្លប់ព្រះករុណា ព្រះមហាក្សត្រ និងការដឹកនាំរបស់ស្ថាប័នសភា និងរាជរដ្ឋាភិបាល។

ក្នុងជំនួបនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកោតសរសើរ និងគាំទ្រចំពោះកិច្ចសហប្រតិបត្តិការគ្រប់វិស័យយ៉ាងស្អិតរមួតរវាងរាជធានីភ្នំពេញ និងទីក្រុងហូជីមិញ។ សម្តេចបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធទាំងក្នុងក្របខ័ណ្ឌបក្ស រដ្ឋ និងរដ្ឋបាលគ្រប់ផ្នែក រួមទំាងការផ្លាស់ប្តូរទស្សនកិច្ច ចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក ដើម្បីវឌ្ឍនភាព និងការរីកចម្រើនទាំងសងខាង ស្របតាមពាក្យស្លោក “អ្នកភូមិផងល្អ មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យស្អិតរមួត និងយូរអង្វែង”។

សម្តេចបានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដ៏ធំធេង ដែលរដ្ឋាភិបាល និងប្រជាជនវៀតណាមសម្រេចបាន ក្នុងការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឆ្ពោះទៅរកវឌ្ឍនភាព ជឿនលឿនយ៉ាងឆាប់រហ័ស។ សម្តេចមានការជឿជាក់ថា ការរីកចម្រើនយ៉ាងខ្លំាងរបស់ទីក្រុងហូជីមិញ នឹងអាចធ្វើឲ្យទីក្រុងមួយនេះក្លាយជាទីក្រុងគុជមួយ នៅក្នុងតំបន់អាស៊ីអគ្នេយ៍នេះ ក្នុងពេលអនាគតយ៉ាងខ្លីខាងមុខ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner