ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អនុញ្ញាតឱ្យ ឯកអគ្គរាជទូតប្រទេសជប៉ុន ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំ កម្ពុជា កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នាទីស្តីការក្រសួង។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថាជំនួបនៅថ្ងៃនេះ ជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរយ៉ាងជិតស្និទ្ធ ដែលឆ្នាំ២០២៣នេះ ជាឆ្នាំនៃខួបអនុស្សាវរីយ៍ការទូតលើកទី៧០ ជាពិសេសគឺទំនាក់ទំនងនេះត្រូវបានតម្លើងជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ (Comprehensive Strategic Partnership)។

ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអំពីប្រវត្តិ បេសសកម្ម និងរចនាសម្ព័ន្ធរបស់ក្រសួង ព្រមទាំងបានជម្រាបជូន ឯកឧត្តមឯកអគ្គរាជទូត អំពីភាពចាំបាច់ក្នុងការប្តូរឈ្មោះ “ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច” ទៅជា “ក្រសួងអធិការកិច្ច” ក្នុងគោលដៅឆ្លើយតបនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត រីករាយស្វាគមន៍ចំពោះសំណើខាងលើ និងទទួលការពាំនាំយកសំណើភ្ជាប់ទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងអធិការកិច្ចរបស់កម្ពុជា ជាមួយស្ថាប័នពាក់ព័ន្ធនឹងវិស័យអធិការកិច្ចរបស់ប្រទេសជប៉ុន នាពេលខាងមុខ ។

ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវសារជូនពរពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សមេ្តចធិបតី ថ្វាយ និងគោរពជូន ព្រះចៅអធិរាជ និងឯកឧត្តមនាយករដ្ឋមន្រ្តី នៃប្រទេសជប៉ុន នូវព្រះរាជសុខភាព និងសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុ និងជន្មាយុយឺនយូរ ព្រមទាំងជូនពរ ឯកឧត្តមឯកអគ្គរាជទូត និងសហការី ទទួលបានជោគជ័យក្នុងបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ៕

ដោយ ហេង សម្បត្តិ+ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner