ដំណើរទស្សនកិច្ចរបស់ម្តេចធិបតី ហ៊ុន ម៉ាណែត នៅចិន ត្រូវបានមជ្ឈដ្ឋានទូទៅ ចាត់ទុកជាការលើកម្ពស់មុខមាត់រាជរដ្ឋាភិបាលកម្ពុជា លើឆាកអន្តរជាតិ និងជាការរឹតចំណងមិត្តភាពដែកថែបរវាងកម្ពុជា-ចិន

(ភ្នំពេញ)៖ ទស្សនកិច្ចផ្លូវការ នឹងចូលរួមពិព័រណ៌អាស៊ាន-ចិន លើកទី២០ នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤-១៧ ខែកញ្ញា ឆ្នាំ២០២៣ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានមជ្ឈដ្ឋានទូទៅ ចាត់ទុកចាត់ទុកជាការលើកម្ពស់មុខមាត់រាជរដ្ឋាភិបាលកម្ពុជា និងជាការរឹតចំណងមិត្តិភាពទ្វេភាគី មិត្តភាពដែកថែបរវាងកម្ពុជា-ចិន ។

ដំណើរទស្សនកិច្ចនេះ ត្រូវបានលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា នេះជាការបង្ហាញវត្តមានលើកទី២ របស់សម្ដេចនាយករដ្ឋមន្ត្រី ទៅកាន់បរទេស ហើយវាមានសារៈសំខាន់ជាប្រវត្តិសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ដោយសារសម្ដេចទើបឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបណ្ឌិត គិន ភា បន្តថា ដំណើរទស្សនកិច្ចនេះ មានសារៈសំខាន់ ដោយឆ្លុះបញ្ចាំងឲ្យឃើញពីការផ្ដល់តម្លៃខ្ពស់ និងសារៈសំខាន់ នៃទំនាក់ទំនងប្រទេសទាំងពីរ ហើយយើងអាចរំពឹងទុកថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ដែលកំពុងតែល្អស្រាប់ កាន់តែមានភាពរឹងមាំទ្វេរឡើងថែមទៀត ខណៈទំនាក់ទំនងប្រទេសទាំង២ មកដល់ពេលនេះ គឺស្ថិតក្នុងដំណាក់កាលខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដែលជាមិត្តភាពដែកថែប, ជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់គ្រងជ្រុងជ្រោយ, ជាប្រទេសពីរដែលមានសហគមន៍ជោគវាសនារួមគ្នា ហើយចុងក្រោយនេះ គឺយើងមានកិច្ចព្រមព្រៀងនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ ។ អញ្ចឹងដំណើរទស្សនកិច្ចរបស់សម្ដេចលើកនេះ នឹងជំរុញសន្ទស្សន៍ថ្មីថែមទៀត សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ចិន កាន់តែមានភាពប្រសើរឡើង និងអាចឆ្លុះបញ្ចាំងពីភាពរឹងមាំ ទាំងផ្នែកវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម វប្បធម៌ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន រវាងប្រទេស និងប្រទេសទាំងពីរ ។

ចំណែក លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានលើកឡើងថា ការអញ្ជើញសម្តេចធិបតី ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការនៅចិន ពីសំណាក់នាយករដ្ឋមន្ត្រីចិន គឺជាការលើកម្ពស់មុខមាត់រាជរដ្ឋាភិបាលកម្ពុជា នៅលើឆាកអន្តរជាតិ ហើយនឹងអាចមានកិច្ចពិភាក្សា ឬកិច្ចព្រមព្រៀងផ្សេងៗទៀត ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជន និងប្រជាជាតិកម្ពុជា ដែលមហាមិត្តចិន តែងតែផ្តល់ជាកាដូសម្រាប់រដ្ឋាភិបាលអាណត្តិថ្មីនេះ។

លោកបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅចិននេះ គឺជាព្រឹត្តិការណ៍អន្តរជាតិថ្មីមួយទៀត បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី អាណត្តិទី៧នេះ បន្ទាប់ពីសម្តេចធិបតី បានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅទីក្សុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ទទួលបានលទ្ធផលផ្លែផ្កាយ៉ាងជោគជ័យ ដែលសរបញ្ជាក់ឱ្យឃើញថា កម្រិតទំនាក់ទំនងអន្តរជាតិ ដើម្បីលើកកម្ពស់នូវការដឹកនាំ នៃគោលនយោបាយរាជរដ្ឋាភិបាលសម្រាប់កិច្ចការបរទេស អាណត្តិទី៧នេះ គឺសម្តេចធិបតី មានស្នាដៃ និងបានបង្ហាញលើកឆាកអន្តរជាតិ មើលឃើញពីសារៈសំខាន់ នៃតួនាទីរបស់កម្ពុជា ក្នុងឆាកអន្តរជាតិ ។

សូមជម្រាបថា ទាក់ទងនឹងពាណិជ្ជកម្មរវាងកម្ពុជា និងចិន នាពាក់កណ្ដាលឆ្នាំ២០២៣នេះ អ្នកជំនាញសេដ្ឋកិច្ច បានកត់សម្គាល់ថា កំពុងមានកំណើនវិជ្ជមានឡើងវិញគួរឲ្យកត់សម្គាល់ បើទោះបីជាវិបត្តិសាកល នៅតែជាបញ្ហាប្រឈមក្នុងការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិក្ដី។ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន មានកំណើននៅ៧ខែដើមឆ្នាំនេះ ដោយសារភាគីទាំង២ មានទំនាក់ទំនងល្អជាមួយគ្នាតាំងពីយូរយារមកហើយ។ ម្យ៉ាងវិញទៀត តាមរយៈការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយចំនួន ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ក៏ដូចជា កិច្ចព្រមព្រៀង RCEP ជាដើម ដែលបានធ្វើឲ្យការធ្វើពាណិជ្ជកម្មកម្ពុជា និងចិន នៅតែល្អប្រសើរ ។

ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសចិន មកដល់ពេលនេះ នៅតែបង្ហាញសញ្ញាណវិជ្ជមានគួរឲ្យកត់សម្គាល់។ ជាក់ស្ដែង រយៈពេល ៧ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានជាង ៧ពាន់លានដុល្លារ មានកំណើនជិត ២% បើធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំមុន។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិន សម្រេចបានទំហំទឹកប្រាក់ជាង ៨០០លានដុល្លារ កើនជាង១៦% ខណៈការនាំចូលពីចិនមកកាន់កម្ពុជាវិញ មានទំហំទឹកប្រាក់ជាង ៦ពាន់លានដុល្លារ កើន ០,១% ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner