កម្ពុជាធ្វើជាម្ចាស់ផ្ទះ​លើកដំបូងពីលំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិលើទីលានសកម្មភាពមីនមនុស្សធម៌​

អត្ថបទដោយ៖
CPA

ភ្នំុពេញ៖​ កម្ពុជា​ធ្វើជាម្ចាស់ផ្ទះ​លើក​ដំ​បូងពី​លំហាត់ហ្វឹកហ្វឺនប្រតិបត្តិការពហុជាតិ លើទីលានស​កម្មភាពមីនមនុស្សធម៌ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្រោមប្រធានបទ «មាតុភូមិដ៏បវរ-ឆ្នាំ២០២៣»កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣។ព្រឹត្តិការណ៍នេះក៏​ជាការបង្ហា​​​ញ​ឱ្យឃើញពី​សមត្ថភាព និងបទពិសោធន៍លើជំនាញសកម្មភាពមីនរបស់កម្ពុជាផងដែរ។

ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានថ្លែងក្នុង​ពិធីនោះថា  ​នៅក្នុងលំហាត់ហ្វឹកហ្វឹននេះ ​កម្ពុជា​ធ្វើ​ជា​សហប្រធានរៀបចំជាមួយក​ងទ័ពរំដោះប្រជាជនចិន និង​មាន​ការ​ចូល​រួម​កង​ទ័ព​បណ្តា​ប្រទេស​ចំនួន​១៤​ ក្នុង​តំបន់អាស៊ានបូក ចិន អាមេរិក អូស្ត្រាលី ឥណ្ឌា ជប៉ុន សាធារណរដ្ឋកូរ៉េ និង​សហព័ន្ធរុស្សីផងដែរ។

ឯកឧត្តម​បានបន្តថា ការហ្វឹកហ្វឺននេះ ធ្វើឡើង​ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការមនុស្សធម៌ផ្នែកយោ​ធា ផ្លាស់​ប្តូរ​បទ​ពិសោ​ធន៍​គ្នា​ទៅវិញទៅមក ការប្រើប្រាស់សម្ភារ​បច្ចេកវិទ្យាដោះមីនទំនើប និង​ការ​ធ្វើ​ន​វានុវត្តន៍​ដោះមីន ​និងការកម្ទេច​គ្រាប់​យុទ្ធភណ្ឌមិនទាន់ផ្ទុះ ហើយតាមរយៈ​លំហាត់​ហ្វឹកហ្វឺន​នេះក៏​នឹ​ង​រួម​ចំណែក​ក្នុងដំណើរឆ្ពោះទៅកាន់កម្ពុជាគ្មានមីន នាឆ្នាំ២០២៥។

ឯកឧត្តមមានប្រសាសន៍ថា ​​លំហាត់ហ្វឹកហ្វឺនលើកទី១នាពេលនេះ ​ជាការបង្ហាញឱ្យឃើញពីការទទួលស្គា​​​ល់ចំពោះសមត្ថភាព និងបទពិសោធន៍លើជំនាញសកម្មភាពមីនមនុស្សធម៌ និងដើម្បីជាឱកាសធ្វើការផ្លា​ស់ប្តូរបទពិសោធន៍រវាងគ្នាទៅវិញទៅមក ជាពិសេសបង្កើនចំណងសាមគ្គីភាព មិត្តភាពរវាងបណ្តាប្រ​ទេ​សក្នុងអាស៊ាន និងតំបន់ផងដែរ។

យោងតាម​សេចក្តី​ប្រកាសព័ត៌មាន​របស់​មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព គិតចាប់ពីការបង្កើ​តសាលាហ្វឹកហ្វឺននេះ កម្ពុជា​បានទទួលធ្វើជាម្ចាស់ផ្ទះលើលំហាត់ហ្វឹកហ្វឺនពហុសាសន៍រួមមាន លំហាត់ហ្វឹកហ្វឺនប្រតិបត្តិការរក្សាសន្តិភាពពហុជាតិ «ឆ្មាំអង្គរ»​ សរុបចំនួនបីលើក មានប្រទេសចូ​លរួមចំនួនប្រាំបួនប្រទេស ហ្វឹកហ្វឺនលើទីលាន និង២៣ប្រទេសហ្វឹកហ្វឺននៅទីបញ្ជាការ ដែលជាការឧបត្ថម្ភរ​បស់​គម្រោង GPOI។

​នាឱកាសនោះដែរ លោក យ៉ាង ពីនពីន (Yang Binbin) នាយរងសេនាធិការ សម្ព័ន្ធអង្គភាពទ័ពលេខ៧៥ នៃកងទ័ពរំដោះប្រជាជនចិន បាន​ថ្លែង​ថា ​លំហាត់ហ្វឹកហ្វឺននេះ ​គឺជាគំនិតផ្តួចផ្តើមមួយ​​ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យសន្តិសុខ ​​ដោះស្រាយបញ្ហាមីនក្នុងតំបន់ និងលើក
ក​ម្ពស់សុវត្ថិភាព​ និងសុខុមាលភាពរបស់ប្រជាជនក្នុងតំបន់ផងដែរ​។

លោកបន្តថា ៖«យើងសង្ឃឹមថានឹងធ្វើការជាមួយអាស៊ានដើម្បីលើកកម្ពស់ការអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខស​កល (GSI) ក្នុងការ​ខិតខំប្រឹងប្រែងរួមគ្នា លើការ​ដោះស្រាយបញ្ហាប្រឈមនៃគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ​និងរួមគ្នាកសាងរបាំងសន្តិសុខសម្រាប់តំបន់ទាំងមូល»។​​

សូមបញ្ជាក់ដែរ អំឡុងពេល១០ថ្ងៃ (១៣-២៣ ខែកញ្ញា) នៃវគ្គហ្វឹកហ្វឺននេះ សិក្ខាកាម នឹងមានដំណើរទ​ស្សនកិច្ចសិក្សាទៅកាន់តំបន់ទេសចរណ៍កំពុងមានសក្តានុពលនៅកម្ពុជា រួមទាំងធ្វើកិច្ចការមនុស្សធម៌ ប​ន្ថែមលើការហ្វឹកហាត់នៅទីលាន។ ជាមួយគ្នានោះ ក៏មានការសម្តែងសិល្បៈរវាងកម្ពុជា-ចិន ដើម្បីបង្ហាញនូវប្រពៃណី ទំនៀមទម្លាប់ផងដែរ៕​​

ដោយ៖ នាង សុគន្ធា

ads banner