រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គាំទ្រគំនិតផ្តួចផ្តើមរបស់សមាគមជប៉ុន-កម្ពុជា ក្នុងការរៀបចំ កម្មវិធីនានា ដើម្បីអបអរ ខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន

(ភ្នំពេញ)៖ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ហៅកាត់ថា JCA ដឹកនាំប្រតិភូវិនិយោគិនជប៉ុន ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងអំពីសារៈសំខាន់នៃការអបអរសាទរខួប ៧០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងនោះ ឯកឧត្តមបានគាំទ្រចំពោះគំនិតផ្តួចផ្តើមផ្សេងៗរបស់សមាគមជប៉ុន-កម្ពុជា ក្នុងការរៀបចំនូវកម្មវិធីនានា ដើម្បីអបអរព្រឹត្តិការណ៍នៃទំនាក់ទំនងការទូតដ៏ថ្លៃថ្លានេះ ។

ឯកឧត្ដមអភិសន្តិបណ្ឌិត បានថ្លែងស្វាគមន៍ឯកឧត្តមប្រធាន និងប្រតិភូ JCA ដែលអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ជាថ្មីម្តងទៀត ថាពិតជាបង្ហាញឲ្យឃើញថែមទៀតនូវទំនាក់ទំនងយ៉ាងល្អប្រសើរ និងកក់ក្ដៅរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន ។

ជាការឆ្លើយតប ឯកឧត្ដម Takahashi Fumiaki បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយដែលទទួលបានឱកាសចូលជួបសម្តែងការគួរសមចំពោះឯកឧត្តមអភិសន្តិបណ្ឌិត។

ឯកឧត្ដម Takahashi បន្តថា បច្ចុប្បន្ន ឯកឧត្ដមបាននិងកំពុងខិតខំផ្សព្វផ្សាយកៀរគរវិនិយោគិនជប៉ុនមកស្វែងរកឱកាស ឱកាសវិនិយោគនៅកម្ពុជាតាមរយៈការរៀបចំឲ្យមានដំណើរទស្សនកិច្ចដូចពេលនេះ ។

ឯកឧត្ដម រម្លឹកថាកន្លងមក ឯកឧត្តមបានដឹកនាំប្រតិភូធុរកិច្ចជប៉ុនមកប្រទេសកម្ពុជា ជាបន្តបន្ទាប់ ហើយនៅក្នុងខែវិច្ឆិកាខាងមុខនេះ ឯកឧត្តម នឹងដឹកនាំប្រតិភូមួយក្រុមទៀតមកកាន់ប្រទេសកម្ពុជាដែលស្របនឹងការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក ។ ឯកឧត្តមបន្ថែមថាទស្សនកិច្ចខាងមុខនេះ ក៏ជាឱកាសដ៏ល្អមួយក្នុងការរៀបចំនូវព្រឹត្តិការណ៍អបអរខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។

ឯកឧត្តមអភិសន្តិបណ្ឌិត សង្ឃឹមជឿជាក់ថា តាមរយៈទស្សនកិច្ចនេះ សមាគមជប៉ុន-កម្ពុជា នឹងនៅតែបន្តគាំទ្រ និងជំរុញការខិតខំកៀរគរអ្នកវិនិយោគមកបន្តស្វែងរកឱកាស និងសក្ដានុពលនានា ដើម្បីវិនិយោគជួយបង្កើតការងារនៅក្នុងប្រទេសកម្ពុជាបានកាន់តែច្រើនឡើងថែមទៀត ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner