រដ្ឋាភិបាលសម្រេចផ្អាកការផ្តល់សេវារដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធការបំពេញបែបបទធ្វើអាជីវកម្មខ្នាតតូច
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកការផ្តល់សេវារដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួននៅរង្វង់ក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធការបំពេញបែបបទធ្វើអាជីវកម្មខ្នាតតូច ឬសំដៅលើសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីចូលរួមលើកកម្ពស់ និងសម្រួលបន្ទុកដល់ពលរដ្ឋដែលកំពុងប្រកបរបបនៅក្នុងវិស័យនេះ។
ការសម្រេចនេះដែរ ធ្វើឡើងបន្ទាប់ពីពលរដ្ឋដែលកំពុងប្រកបរបរក្នុងអាជីវកម្មខ្នាតតូច បានសម្តែងការព្រួយបារម្ភ ក្នុងករណីរដ្ឋតម្រូវឱ្យពួកគេចុះបញ្ជីប្រឈមការជាប់ពន្ធ ឬការចំណាយផ្សេងៗ ខណៈនៅតំបន់និងពិភពលោកកំពុងជួបវិបត្តិសេដ្ឋកិច្ចសកល។
ដើម្បីសម្រួលបន្ទុកនេះសម្ដេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចេញសេចក្តីសម្រេច ចុះថ្ងៃទី ១៣ខែកញ្ញា ឆ្នាំ ២០២៣ ស្តីពីការផ្អាកការផ្តល់សេវារដ្ឋបាលមួយចំនួនរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ពាក់ព័ន្ធនឹងការបំពេញបែបបទធ្វើអាជីវកម្ម ដែលកំណត់ដោយប្រកាសអន្តរក្រសួងលេខ ១៤៣៤២ ប្រក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦។
សេចក្តីសម្រេចបញ្ជាក់ថា អាជីវកម្មដែលត្រូវផ្អាកនោះមាននៅក្នុងវិស័យចំនួន៦រួមមាន វិស័យវប្បធម៌ និងវិចិត្រសិល្បៈ មានដូចជា ទីតាំងផលិត និងលក់ចម្លាក់ ពុម្ពស៊ីម៉ងតិ៍ ជាងគំនូរ និងអាជីវកម្មកាត់សក់ អ៊ុតសក់ លម្អក្រចក សម្អាងការ(ហាង)។ វិស័យអប់រំ យុវជន និងកីឡា គឺអាជីវកម្មលក់សម្ភារកីឡា រួមទាំងការធ្វើសុពលភាពឡើងវិញ។ វិស័យទេសចរណ៍ ភោជនីយដ្ឋាន និងអាហារដ្ឋានក្នុងស្រុក តូបលក់អាហារ ហាងគុយទាវ កាហ្វេ ម៉ូតូឌុបទេសចរណ៍ ម៉ូតូជួលទេសចរណ៍ រឺម៉កម៉ូតូដឹកទេសចរណ៍។
វិស័យឧសហ្សាកម្ម និងសិប្បកម្ម និងវិស័យរ៉ែ និងថាមពល ផលិតជើងតោង ពាង លូ ឥដ្ឋការ៉ូ ធ្វើទៀន ធូប, ថាមពល ផ្នែក ដំឡើងម៉ាស៊ីនអគ្គិសនីសម្រាប់សេវាកម្មបញ្ចូលអាគុយ ដែលមានកម្លាំងមិនលើសពី២៥គីឡូវ៉ាត់,សេវាកម្មផ្នែកជួសជុលគ្រឿងអគ្គិសនីអេឡិចត្រូនិក លាងរថយន្ត ម៉ូតូ។ វិស័យពាណិជ្ជកម្ម លិខិតអនុញ្ញាតធ្វើអាជីវកម្ម សេវាកម្មពាណិជ្ជកម្ម និងវិស័យកសិកម្ម លិខិតអនុញ្ញាតធ្វើអាជីវកម្មលក់ដុំ រាយ សម្ភារកសិកម្ម។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានសរសេរភ្ជាប់ជាមួយនឹងសេចក្តីសម្រេចតាមរយៈប្រព័ន្ធតេលេក្រាមផ្លូវការរបស់សម្ដេចថា នាពេលថ្មីៗមានការត្អូញត្អែរនិងការព្រួយបារម្ភពីរង្វង់ប្រជាពលរដ្ឋពាក់ព័ន្ធការស្នើសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្ម និងបន្តសុពលភាពអាជីវកម្ម នាចំណោមអាជីវកម្មខ្នាតតូច នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅការិយាល័យច្រកចេញ-ចូល តែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទើបរដ្ឋបាលសម្រេចផ្អាកការផ្តល់សេវានេះ។
សម្ដេចធិបតីគូសបញ្ជាក់ថា៖«រាជរដ្ឋាភិបាលផ្តល់អាទិភាពខ្ពស់បំផុតចំពោះ ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក្នុងគោលដៅនេះ រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំ យុទ្ធសាស្ត្រជាតិដើម្បីបង្កលក្ខណៈងាយស្រួល ព្រមទាំងផ្តល់ប្រយោជន៍ ថែបំប៉ន និងលើកកម្ពស់ការយល់ដឹង ដល់អ្នកប្រកបអាជីវកម្ម មុខរបរ និងការងារ ដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា នៅក្នុងយន្តការគាំទ្រដល់អាជីវកម្មខ្នាតតូច នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធរដ្ឋាភិបាលកម្ពុជាក៏ត្រៀមដាក់ចេញទិសដៅដែលគ្រោងនឹងអនុវត្តឆាប់ៗខាងមុខ ពោលគឺ យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសាទរចំពោះវិធានការរបស់រដ្ឋាភិបាលសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានអន្តរាគមន៍ភ្លាមៗទៅនឹងក្តីបារម្ភ ក៏ដូចជាទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលប្រកបរបរតូចតាច ឬសេដ្ឋកិច្ចក្រៅប្រព័ន្ធ បន្ទាប់ពីទទួលបានការត្អូចត្អែរនានា។
លោក វន់ ពៅ យល់ថា៖«នេះជាវិធានការល្អខ្លាំងណាស់ គួបផ្សំនឹងស្ថានភាពចំណូលប្រជាពលរដ្ឋកំពុងធ្លាក់ចុះ ស្ថានការណ៍សេដ្ឋកិច្ចកំពុងធ្លាក់ចុះ ហើយកិច្ចអន្តរាគមន៍ វាត្រូវជួនចំពេលដែលប្រជាពលរដ្ឋចង់បាន មានន័យថា ឆ្លើយតបទាន់ពេលវេលា»។
ជាមួយគ្នានេះ លោកសំណូមពរឱ្យរដ្ឋាភិបាលថ្មីគិតគូរជួយសម្រាលទុក្ខលំបាក ក៏ដូចជារៀបចំប្រព័ន្ធគាំទ្រដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬអាជីវករតូចតាច ដោយមានការផ្តល់បណ្ណសុខភាព ប.ស.ស. ការរៀបចំចុះបញ្ជីក្នុងប្រព័ន្ធរបស់រដ្ឋមួយ ការរៀបចំឥណទានសម្រាប់ការពង្រីកមុខរបរ ក៏ដូចជារៀបចំវគ្គបណ្តុះបណ្តាលបន្ថែមៗនានាដល់អាជីវកម្មខ្នាតតូច។
ស្រដៀងគ្នានេះដែរ លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក បង្ហាញក្តីរីករាយចំពោះវិធានការរដ្ឋជួយសម្រាលបន្ទុកប្រជាពលរដ្ឋប្រកបរបរខ្នាតតូច ខណៈលោកថា ស្ថានភាពសេដ្ឋកិច្ចនិងសាកលកំពុងរងផលពិបាកផងនោះហើយប្រទេសមួយចំនួនក៏បានគិតគូរជួយសម្រាលបន្ទុកប្រជាពលដ្ឋគេផងដែរ។
អ្នកនាង ស៊ុន ស្រីចាន់ ដែលកំពុងប្រកបមុខរបរជាងអ៊ុតសក់ នៅរាជធានីភ្នំពេញ បានឱ្យដឹងថា ដំបូងឡើយរូបគាត់ព្រួយបារម្ភ បន្ទាប់ពីឃើញគេចែករំលែកតៗគ្នានៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលតម្រូវឱ្យអាជីវកម្មគាត់ចុះបញ្ជី។ប៉ុន្តែក្រោយពីទទួលបានដំណឹងថារដ្ឋាភិបាលផ្អាការចុះបញ្ជីអាជីវកម្មខ្នាតតូច រូបនាងសប្បាយចិត្ត និងថ្លែងអំណរគុណដល់រដ្ឋាភិបាលដែលបានគិតគូរលើបញ្ហានេះ។
អ្នកនាងបន្តថា “បច្ចុប្បន្នចំណូលអ៊ុតសក់ធ្លាក់ចុះច្រើនគួរសម បើប្រៀបធៀបពីមុន ហើយបើឱ្យយើងចុះបញ្ជីទៀត ខ្ញុំអត់មានលទ្ធភាពទេ។ ប៉ុន្តែខ្ញុំសប្បាយចិត្តពេលឭថារដ្ឋាភិបាលផ្អាកការផ្តល់សេវាទាំងនេះ”៕



ដោយ៖ សំបាន ច័ន្ទដារ៉ា