សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុន SINOMACH Heavy Equipment Group

អត្ថបទដោយ៖
ឈឹម សុផល

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណចក្រកម្ពុជា បន្ទាប់ពីបានដឹកនាំគណៈប្រតិភូអញ្ជើញដល់រដ្ឋធានីប៉េកាំង និងបានអញ្ជើញដាក់ កម្រង ផ្កាគោរពវិញ្ញាណក្ខន្ធវិរបុរសចិន នៅស្តុបអនុស្សាវរីយ៍វិរបុរសចិន មហាទីលានធានអានមិន នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ក៏បានអញ្ជើញជួបជាមួយ លោក ហាន ស៊ាជុន (Han Xiaojun) ប្រធានក្រុមហ៊ុន SINOMACH Heavy Equipment Group ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីប៉េកាំង ។

សូមបញ្ជាក់ថា នេះគឺជាដំណើរបំពេញទស្សកិច្ចផ្លូវការ ក្រៅប្រទេសជាលើកដំបូង របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីសម្តេចធិបតី បានស្បថចូលកាន់មុខដំណែងជានាយករដ្ឋមន្រ្តី នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២២ ខែសីហាឆ្នាំ២០២៣ ក្រោយលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ថ្ងៃទី២៣កក្កដា ឆ្នាំ២០២៣។

តាមកម្មវិធីដែលបានគ្រោងទុក នៅក្នុងដំណើរបំពេញទស្សនកិច្ច ទៅកាន់រដ្ឋធានីប៉េកាំង ជាលើកដំបូងនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី និងអញ្ជើញជួបពិភាក្សាទ្វេភាគី និងជំនួបសំដែងការគួរសម ជាមួយមេដឹកនាំកំពូលៗរបស់ប្រទេសចិន ក្នុងនោះរួមមាន ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនចិន និងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្រ្តីចិន។

ជាមួយគ្នានេះសម្តេចធិបតី និងលោកជំទាវបណ្ឌិត និងអញ្ជើញចូលក្រាបបង្គុំគល់ ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីដែលព្រះអង្គទាំងទ្វេ គង់ប្រថាប់ពិនិត្យព្រះរាជសុខភាព នៅរដ្ឋធានីប៉េកាំង នាថ្ងៃទី១៥កញ្ញា។

បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួម ពិព័រណ៍អាស៊ាន-ចិន លើកទី២០ នៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណាននីងតំបន់ស្វយ័តក្វាងស៊ី ។

ក្នុងពេលបំពេញទស្សនកិច្ចនៅទីក្រុងណាននីង នៃតំបន់ស្វយ័តក្វាងស៊ី សម្ដេចធិបតីក៏មានកម្មវិធីបន្ថែមមួយចំនួនដោយសម្ដេចនាយករដ្ឋមន្ត្រី នឹងទទួលជួបសម្ដែងការគួរសម ឯកឧត្តម លី នីង អគ្គលេខាធិការបក្សតំបន់ស្វយ័ត្នជនជាតិជាំងក្វាងស៊ី ហើយនិងអញ្ជើញចូលរួមពិធីបើកពិព័រណ៍អាស៊ាន-ចិន លើកទី២០ ព្រមទាំងអញ្ជើញកាត់ខ្សែបូរណ៌សម្ពោធពន្លាជាតិកម្ពុជា និងសម្ពោធស្តង់ពិព័រណ៍កម្ពុជាផងដែរ។

បន្ថែមពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អមដោយគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក៏អញ្ជើញចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ (RCEP) លើកទី៣ ផងដែរ ៕

អត្ថបទ៖ វណ្ណលុក

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner