សកម្មជននយោបាយជំរុញឱ្យនាយករដ្ឋមន្រ្តីថៃបញ្ជូនលោក ថាក់ស៊ីន ទៅពន្ធនាគារវិញ
ថៃ៖ សកម្មជននយោបាយថៃមួយក្រុមកាលពីថ្ងៃពុធបានអំពាវនាវឱ្យលោកនាយករដ្ឋមន្រ្តី ស្រេថា ថាវីស៊ីន ស្តារទំនុកចិត្តសាធារណៈឡើងវិញលើនីតិរដ្ឋ ដោយធានាបញ្ជូនអតីតនាយករដ្ឋមន្ត្រីដែលជាប់ទោស លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ទៅពន្ធនាគារវិញ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបាងកកប៉ុស្តិ៍។
លោក ថាក់ស៊ីន ដែលបានធ្វើមាតុភូមិនិវត្តន៍កាលពីចុងខែសីហាកន្លងទៅ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ៨ឆ្នាំពីបទរំលោភអំណាច និងទំនាស់ផលប្រយោជន៍។ លោកត្រូវបានបញ្ជូនទៅពន្ធនាគារក្រុងបាងកកឱ្យអនុវត្តទោសបានរយៈពេល ១៣ ម៉ោង មុនពេលគេបញ្ជូនលោកទៅមន្ទីរពេទ្យប៉ូលិសទូទៅថៃ ដោយសារតែបញ្ហាសុខភាព ហើយសម្រាកព្យាបាលនៅទីនោះ រហូតមកទល់ពេលនេះ។
ក្រុមនិស្សិតនិងអ្នកធ្វើយុទ្ធនាការកំណែទម្រង់ដឹកនាំដោយលោក ភីឈីត ឆៃមង្គល (Pichit Chaimongkol) បានដាក់ញត្តិទាមទារឱ្យលោក ថាក់ស៊ីល វិលចូលពន្ធនាគារវិញ នៅមជ្ឈមណ្ឌលពាក្យបណ្តឹងនៃវិមានរដ្ឋាភិបាល។ ញត្តិត្រូវបានទទួលដោយលោក សោមប៉ាស និលផាន (Sompas Nilphan) ទីប្រឹក្សាលេខាធិការអចិន្ត្រៃយ៍នៃការិយាល័យនាយករដ្ឋមន្ត្រី។
លោក ភីឈីត បានថ្លែងថា សាធារណជនមានការសង្ស័យលើការព្យាបាលសុខភាពរបស់លោក ថាក់ស៊ីន ខណៈមនុស្សជាច្រើនអាចជឿថា អាជ្ញាធរបានប្រើសិទ្ធិឯកជនភាពរបស់គាត់ក្នុងនាមជាអ្នកទោស ដើម្បីគេចពីសំណួរអំពីជំងឺរបស់លោក ។លោកបានបន្តថា មនុស្សជាច្រើនជឿថា បទប្បញ្ញត្តិរបស់នាយកដ្ឋានកែប្រែរងការបំពានដើម្បីផ្តល់ឯកសិទ្ធិដល់លោក ថាក់ស៊ីន។
ចំណែកនាយកដ្ឋានបានបដិសេធនាពេលកន្លងមកថា លោក ថាក់ស៊ីន មិនបានទទួលការអនុគ្រោះអ្វីនោះឡើយ ប៉ុន្តែលោកមានជំងឺជាប់កាយជាច្រើន រួមមានជំងឺលើសឈាម និងជំងឺបេះដូង ដែលអាចគំរាមកំហែងដល់អាយុជីវិត នាយកដ្ឋានខ្វះឧបករណ៍ព្យាបាល។
ទោះបីជាយ៉ាងនេះក៏ដោយ លោក ភីឈីត បានកត់សម្គាល់ថា គណបក្សភឿថៃបានប្រកាសការផ្សះផ្សាជាតិជាអាទិភាពកំពូល ហើយរដ្ឋាភិបាលដែលខ្លួនដឹកនាំ បានសន្យាថានឹងស្តារនីតិរដ្ឋនៅក្នុងសេចក្តីថ្លែងការណ៍គោលនយោបាយរបស់ខ្លួន ។ដូច្នេះ លោកបន្តថា រដ្ឋាភិបាលត្រូវតែធានាថា មនុស្សទាំងអស់ត្រូវប្រឈមមុខដោយស្មើភាពគ្នាក្រោមនីតិរដ្ឋហើយមិនមានអ្នកជាប់ឃុំណាទទួលបានការអនុគ្រោះឡើយ។
លោក ភីឈីត បាននិយាយថា ៖ «បណ្ដាញរបស់យើងទាមទារឱ្យនាយករដ្ឋមន្ត្រី បញ្ជាអាជ្ញាធរឱ្យនាំលោក ថាក់ស៊ីន ត្រឡប់ទៅពន្ធនាគារវិញ ដើម្បីអនុវត្តទោសរបស់លោក»។ លោកបន្តថា៖ «នាយករដ្ឋមន្ត្រីមិនអាចនៅឆ្ងាយពីបញ្ហានេះបានទេ ហើយបណ្តាញនឹងបន្តដាក់សម្ពាធឱ្យលោកអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការគ្រប់គ្រងយុត្តិធម៌»។
គួរបញ្ជាក់ថា ក្រោយការកាត់ទោសរបស់តុលាការកំពូល លោក ថាក់ស៊ីន បានទទួលការលើកលែងទោសពីព្រះមហាក្សត្រ មកត្រឹមរយៈពេលមួយឆ្នាំ៕ ប្រែសម្រួលដោយ៖ ហួន ឌីណា
ប្រភព៖ Srettha urged to send Thaksin back to jail