សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ»
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ «មរតកតេជោ» និងជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ថ្នាក់ដឹកនាំ មន្ត្រីកីឡា និងកីឡាករ កីឡាការិនីជាច្រើនរូបផ្សេងទៀត។ ក្រៅពីការពិនិត្យ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីកីឡា និងកីឡាករ កីឡាការិនីហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏អញ្ជើញជាអធិបតីដំឡើងថាសកៅអីបេតុងចុងក្រោយ ដែលជានិមិត្តរូបនៃការលេចចេញជារូបរាងកីឡដ្ឋានធំនេះផងដែរ។
ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សំណង់អគារពហុកីឡដ្ឋានជាតិមរតកតេជោ ជាសំណង់ដ៏ធំរបស់កម្ពុជា កើតចេញពីកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលជាផ្នែកមួយនៃគម្រោងខ្សែក្រវាត់ និងផ្លូវ។ សម្តេច ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ និងលោក ថោង ខុន ដែលបានប្រឹងប្រែងយកចិត្តទុកដាក់ពិនិត្យលើដំណើរការសាងសង់ពហុកីឡដ្ឋាននេះឡើង។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅអ្នករិះគន់លើទំនាក់ទំនងរវាងកម្ពុជា-ចិនថា បើមិនមានទំនាក់ទំនងល្អជាមួយកម្ពុជា-ចិនទេ តើអាចលេចចេញរូបពហុកីឡដ្ឋាននេះដែរទេ? សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាមិនរើសអើងសម្រាប់ជំនួយរបស់ប្រទេសណាមួយនោះទេ។
ប៉ុន្តែមានប្រទេសណាខ្លះ ដែលចេញមុខមកជួយកម្ពុជាបែបនេះ។ សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៀតថា តើនរណាមកជួយបំពេញសេចក្តីត្រូវការរបស់កម្ពុជា ដូចជាការសាងសង់ស្ពានសេកុង និងឆ្លងទន្លេមេគង្គនៅក្នុងខេត្តស្ទឹងត្រែង ស្ពានព្រែកតាមាក់ ស្ទឹងត្រង់ និងក្រូចឆ្មារ និងការសិក្សាកសាងស្ពានមួយទៀតនៅក្រចេះ ដើម្បីតភ្ជាប់ក្រចេះទៅកំពង់ធំ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត ខេត្តបាត់ដំបង ទៅកាន់ខេត្តកោះកុង នឹងត្រូវបើកការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខនេះ។ សម្តេច បានថ្លែងទៅកាន់ក្រុមអ្នកវិភាគរិះគន់នោះទៀតថា បើមិនចង់ឱ្យកម្ពុជាងាកទៅរកចិនពេកទេ ទៅរកប្រទេសដទៃមកជួយកម្ពុជាមក។
ថ្លែងក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន ថា ពហុកីឡដ្ឋានជាតិមរតកតេជោ នៅមានតម្រូវការសាងសង់អគារជាច្រើនទៀត ហើយកម្ពុជាបើកឱ្យប្រទេសមានបំណងជួយចូលមកជួយ កុំឱ្យថាកម្ពុជាយកតែជំនួយពីចិន។ សម្តេចតេជោ ហ៊ុន សែន បានចោទសួរទៅអ្នកលើកឡើងថា មានមូលដ្ឋានទ័ពចិននៅសមុទ្ររាមមានចេតនាអ្វីឱ្យពិតប្រាកដ? សម្តេចតេជោ បានលើកឡើថា មុនឆ្នាំ១៩៧០ គេបាននិយាយពីវត្តមានកងទ័ពវៀតណាម នៅលើដីកម្ពុជា ក្រោយមកធ្វើរដ្ឋប្រហារទម្លាក់សម្តេចនរោត្តម សីហនុ។
គេចោទអ៊ីរ៉ាក់ថា មានអាវុធប្រល័យលោក តែចុងក្រោយអាវុធប្រល័យលោកនៅណា? សម្តេចថ្លែងថា សម្តេចទើបសម្រេចផ្តល់ថវិកា៤០លានដុល្លារបន្ថែម លើ២៩០លានដុល្លារកាលពីលើកមុន ដើម្បីទិញអាវុធពីចិន ដើម្បីពង្រឹងសមត្ថភាពកងទ័ពកម្ពុជា។ ជាមួយនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងខែកក្កដានេះ កម្ពុជាទទួលបានចំណូលពីគយ និងពន្ធដារ សរុបប្រមាណ ៥០០លានដុល្លារអាម៉េរិក។ សម្តេចថា សេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០១៩នេះ អាចមានក្នុងរង្វង់ប្រមាណ ៧,១ភាគរយ។ សម្តេច បានថ្លែងទៀតថា រាជរដ្ឋាភិបាលកម្ពុជាមិនមែនជារាជរដ្ឋាភិបាលអត់មាយាទនោះទេ ហើយថវិកាមិនមែនមានតែតួលេខនោះឡើយ គឺមានសាច់ប្រាក់ពិតប្រាកដ។
សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតយកឱកាសនេះ អំពាវនាវប្រជាពលរដ្ឋឱ្យបរិភោគសាច់ជ្រូកកុំបារម្ភពីបញ្ហាជំងឺប៉េស្តជ្រូកអាហ្វ្រិក។ សម្តេចតេជោ បានថ្លែងថា សម្តេចក៏ពិសាសាច់ជ្រូកផងដែរ។ ជាមួយនេះ សម្តេចតេជោ ហ៊ុន សែន បានព្រមានអ្នកប្រើហ្វេសប៊ុកឈ្មោះថា «សូរ សមយុទ្ធ» ឈ្មោះពិត «ឃន» ឱ្យឈប់ហៅសម្តេចក្រឡាហោម ស ខេង «អាត្នោត» និងហៅសម្តេចថា «អាមួយហ្នឹង»។ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅក្រុមអ្នកធ្វើនយោបាយរង់ចាំសម្តេចស្លាប់នោះឱ្យឈប់ទៅ ព្រោះសម្តេចត្រូវរស់នៅកម្ចាត់ក្រុមក្បត់ជាតិ រក្សាសន្តិភាព ៤០ឆ្នាំទៀត។ សម្តេចបន្ថែមថា អ្នកធ្វើនយោបាយរង់ចាំសម្តេចស្លាប់ គឺជាការធ្វើនយោបាយសំសាកបំផុត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា មានច្បាប់ជាច្រើនដែលអាម៉េរិកបានរៀបចំធ្វើដាក់ទណ្ឌកម្មលើវៀតណាម នាពេលកន្លងមក ប៉ុន្តែមិនដែលបានអនុម័តដាក់លើវៀតណាមឡើយ។ សម្តេចតេជោបានបញ្ជាក់ ប្រសិនច្បាប់អាម៉េរិក បានអនុម័តដាក់ទណ្ឌកម្មលើកម្ពុជាមែន យើងមិនខ្វល់នោះទេ គ្មានអ្វីប៉ះពាល់ដល់កម្ពុជានោះឡើយ។ សម្តេចតេជោ បានថ្លែងថា សម័យនេះបងប្អូនពលរដ្ឋខ្មែរ នាំយកលុយមករកស៊ីនៅស្រុកខ្មែរ មិនមែនដូចសម័យមុនយកលុយទៅក្រៅនោះទេ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចមិនជឿថារដ្ឋបាល ដូណាល់ ត្រាំ នឹងរុញឲ្យទំនាក់ទំនងរវាងកម្ពុជា និងអាម៉េរិកឲ្យមានបញ្ហានោះទេ។ សម្តេចថា បើមានទ្រព្យសម្បត្តិរបស់មន្រ្តីរបស់កម្ពុជា និងកូនៗរបស់សម្តេច ដែលមាននៅអាម៉េរិក សុំឲ្យរដ្ឋបាលអាម៉េរិកប្រញាប់ដកចេញទៅ កុំចាំយូរអី។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់ជាថ្មីថា ទោះបីអ្នកណាចង់មក ឬមិនចង់មក គ្មានទៅឈឺក្បាលនោះទេ មានអ្នកទោសប៉ុន្មាននាក់ចាប់តែប៉ុណ្ណឹង ទោះមកជាង១០០នាក់ក៏ដោយ ចាប់តែអ្នកមានទោសទេ។ សម្តេចតេជោ បានថ្លែងទៀតថា កម្ពុជា មិនអនុញ្ញាតឲ្យប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីប្រឆាំងប្រទេសថៃ ឬវៀតណាមនោះទេ ហើយនាយករដ្ឋមន្រ្តីប្រទេសថៃ ក៏ប្រកាសហើយដែរថា មិនឲ្យយកប្រទេសរបស់ខ្លួនប្រឆាំងប្រទេសកម្ពុជានោះដែរ។ ពាក់ព័ន្ធនឹងបញ្ហាសំណង់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាឲ្យឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ពិនិត្យមើលបញ្ហាសំណង់ឲ្យបានដិតដល់ ជៀសវាងបញ្ហាកើតឡើងបាក់អគារដូចនៅខេត្តព្រះសីហនុ៕ធ.ដ













