កងទ័ពចិន បង្ហាញជំនឿចិត្តថាសមយុទ្ធសុខា ភិបាលរួមគ្នារវាងកងទ័ពកម្ពុជា-ចិន លើកទី១ លើទឹកដីកម្ពុជា នឹងទទួលបានជោគជ័យ ១០០ភាគរយ
(ភ្នំពេញ)៖ ក្នុងឱកាសផ្តល់បទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន នៅទីតាំងព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកវរសេនីយ៍ឯក ចាំង អ៊ី បានថ្លែងយ៉ាងដូច្នេះថា៖ «នេះជាសមយុទ្ធលើកដំបូង ដែលកងទ័ពកម្ពុជា-ចិន រៀបចំសមយុទ្ធផ្នែកសុខាភិបាល ហើយនេះជាលើដំបូងដែលយន្តហោះ Y-19 ជាយន្តហោះសុខាភិបាលរបស់ចិន ចេញទៅបំពេញបេសកកម្មធ្វើសមយុទ្ធទេវតាសន្តិភាព»។

លោកវរសេនីយ៍ឯក ចាំង អ៊ី នាយរង នាយកដ្ឋានសុខាភិបាល នៃសាកលវិទ្យាល័យសុខាភិបាលកងទ័ពអាកាស និងជាប្រធានសុខាភិបាលក្នុងប្រតិបត្តិការសមយុទ្ធសុខាភិបាលរួមគ្នារវាងកងទ័ពកម្ពុជា-ចិន «ទេវតាសន្តិភាព-ឆ្នាំ២០២៣» បានបង្ហាញការសប្បាយរីករាយ ដែលបានដឹកនាំក្រុមការងារចូលរួមធ្វើសមយុទ្ធសុខាភិបាលរួមគ្នារវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន លើកទី១ នៅលើទឹកដីកម្ពុជា និងជឿជាក់ថានឹងទទួលបានជោគជ័យ១០០ភាគរយ។
លោកវរសេនីយ៍ឯក បានបន្ថែមថា សម្រាប់ការចូលរួមធ្វើសមយុទ្ធសុខាភិបាលរួមគ្នារវាងកងទ័ពកម្ពុជា-ចិន «ទេវតាសន្តិភាព-ឆ្នាំ២០២៣» គឺកងទ័ពចិន បានប្រើប្រាស់ជើងហោះហើរចំនួន ១២ជើង ដើម្បីដឹកជញ្ជូនកងកម្លាំង និងសម្ភារៈចូលរួមសមយុទ្ធផ្នែកសុខាភិបាលលើកទី១ ជាមួយកងទ័ពកម្ពុជា។

លោកវរសេនីយ៍ឯក ចាំង អ៊ី បានគូសបញ្ជាក់ថា៖ «កងទ័ពចិន មានសេចក្តីសោមនស្សរីករាយដែលបានរៀបចំធ្វើសមយុទ្ធសុខាភិបាលជាមួយកងទ័ពយោធពលខេមរភូមិន្ទ។ ភាគីចិន ជឿជាក់ថា សមយុទ្ធលើកទី១មួយនេះ ប្រាកដជាទទួលបានជោគជ័យ ១០០ភាគរយ ហើយជួយបង្កើន ពង្រីក និងពង្រីងចំណងមិត្តភាពរវាងកងទ័ព និងប្រជាជនទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត»។
គួរឱ្យដឹងថា កងទ័ពកម្ពុជា-ចិន បានធ្វើសមយុទ្ធរួមគ្នាចំនួន៥ លើករួចមកហើយ ដែលទំហំនៃសមយុទ្ធទាំងនោះកាន់តែមាន លក្ខណៈ ទំនើបទៅៗ និងធំឡើងៗ ជាលំដាប់ពាក់ព័ន្ធទៅនឹងសកម្មភាព ប្រឆាំង ភារវកម្ម ការងារសង្គ្រោះគ្រោះមហន្តរាយ ការងារមនុស្សធម៌ ដើម្បី សន្តិសុខក្នុងតំបន់ ៕







ដោយ ង៉ាន់ ទិត្យ