រដ្ឋមួយនៅឥណ្ឌាប្រកាសអាសន្ន បន្ទាប់ពីការផ្ទុះមេរោគ Nipah ដ៏កម្រ
ញូវដែលី៖ ឥណ្ឌាបានទប់ស្កាត់ការជួបជុំជាសាធារណៈ និងបិទសាលារៀនមួយចំនួន នៅ រដ្ឋ Kerala ភាគខាងត្បូងប្រទេស ដើម្បីទប់ស្កាត់ការផ្ទុះឡើងដ៏កម្រនៃជំងឺ នីប៉ះ (Nipah ) ជាមេរោគឆ្លងពីសត្វទៅមនុស្ស ដែលបណ្តាលឱ្យមានគ្រុនក្តៅឈានដល់ការបាត់បង់ជីវិត ជាមួយនឹងអត្រាមរណភាពខ្ពស់។
គួររម្លឹកថា ការផ្ទុះ Nipah លើកដំបូងត្រូវបានកត់ត្រា ក្នុងឆ្នាំ១៩៩៨ បន្ទាប់ពីវីរុសនេះបានរីករាលដាលក្នុងចំណោមអ្នកចិញ្ចឹមជ្រូក ក្នុងប្រទេសម៉ាឡេស៊ី។ ការផ្ទុះឡើងដំបូងចំនួន ពីរដង នៅក្នុងប្រទេសឥណ្ឌា បានសម្លាប់មនុស្សជាង៥០ នាក់ មុនពេល ជំងឺនេះត្រូវបានគ្រប់គ្រងវិញ។ ប៉ុន្តែរដ្ឋ Kerala ភាគខាងត្បូងទើប បានកត់ត្រាការស្លាប់ពីរនាក់ ដោយសារជំងឺ Nipah និងមានអ្នកឆ្លងវីរុសនេះបួនករណីផ្សេងទៀត ចាប់តាំងពីខែមុនមក។ អាជ្ញាធររដ្ឋ Kerala បានបិទសាលារៀនមួយចំនួន និងបានបង្កើតការធ្វើតេស្តទ្រង់ទ្រាយធំ។

ជាធម្មតា ជំងឺ Nipah ឆ្លងទៅមនុស្សពីសត្វ ឬតាមរយៈអាហារដែលមានមេរោគ ប៉ុន្តែវាក៏អាចឆ្លងដោយផ្ទាល់រវាងមនុស្សផងដែរ។ រោគសញ្ញារួមមានគ្រុនក្តៅខ្លាំង ក្អួត និងឆ្លងមេរោគផ្លូវដង្ហើម ប៉ុន្តែករណីធ្ងន់ធ្ងរអាចពាក់ព័ន្ធនឹងការប្រកាច់ និងរលាកខួរក្បាល ដែលបណ្តាលឱ្យសន្លប់ ហើយមិនមានវ៉ាក់សាំងសម្រាប់ ជំងឺNipah នេះទេ។
អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO បាននិយាយថា អ្នកជំងឺមានអត្រាមរណភាពចន្លោះពី ៤០ ទៅ ៧៥ ភាគរយ អាស្រ័យលើការឆ្លើយតបផ្នែកសុខភាពសាធារណៈ ចំពោះមេរោគ។

ជំងឺ Nipah ធ្លាប់បានសម្លាប់មនុស្សជាង ១០០ នាក់នៅម៉ាឡេស៊ី ហើយនាំឱ្យមានការសម្លាប់ជ្រូកមួយលានក្បាល ដើម្បីទប់ស្កាត់វីរុសនេះ កាលពីពេលផ្ទុះ ដំបូងនោះ។ វាក៏បានរីករាលដាលដល់ប្រទេសសិង្ហបុរីផងដែរ ដោយមាន១១ ករណី និងស្លាប់មនុស្សម្នាក់ ក្នុងចំណោមកម្មកររោងសត្តឃាត ដែលបានទាក់ទងជ្រូកនាំចូលពីប្រទេសម៉ាឡេស៊ី។
ចាប់តាំងពីពេលនោះមក ជំងឺនេះត្រូវបានកត់ត្រាជាចម្បងនៅក្នុងប្រទេសបង់ក្លាដែស និងឥណ្ឌា ដោយប្រទេសទាំងពីរបានរាយការណ៍ពីការផ្ទុះឡើង លើកដំបូងរបស់ពួកគេ ក្នុងឆ្នាំ ២០០១។ប្រទេសបង់ក្លាដែសបានរងគ្រោះយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានមនុស្សជាង១០០ នាក់បានស្លាប់ ដោយសារជំងឺនេះ Nipah ចាប់តាំងពីឆ្នាំ២០០១៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
