ម៉ាលី នីហ្សេ និងបួរគីណាហ្វាសូ បង្កើតសម្ព័ន្ធសន្តិសុខតំបន់សាហែល នៅភាគខាងលិចអាហ្វ្រិក

ម៉ាលី៖ ប្រទេសម៉ាលី បួរគីណាហ្វាសូ និងប្រទេសនីហ្សេ បានចុះហត្ថលេខាលើកតិកាសញ្ញាការពារគ្នាទៅវិញទៅមក ខណៈប្រទេសនៅតំបន់សាហែលរបស់អាហ្វ្រិកដែលគ្រប់គ្រងដោយរបបយោធាទាំងបី មានបំណងជួយគ្នាទៅវិញទៅមកប្រឆាំងនឹងការគំរាមកំហែងដែលអាចកើតមានដោយការបះបោរប្រដាប់អាវុធ ឬការឈ្លានពានពីខាងក្រៅ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានផ្សេងៗរួមមានរ៉យទ័រ។

កតិកាសញ្ញាដែលគេឱ្យឈ្មោះថា សម្ព័ន្ធភាពនៃរដ្ឋនៅតំបន់សាហែល ត្រូវបានសម្រេចឡើងកាលពីថ្ងៃសៅរ៍ ដោយចងភាគីហត្ថលេខីឱ្យជួយគ្នាទៅវិញទៅមក រួមទាំងផ្នែកយោធា ក្នុងករណីបើមានការវាយប្រហារណាមួយកើតឡើងក្នុងចំណោមប្រទេសទាំង៣។

កតិកាសញ្ញានោះចែងថា ៖ «ការវាយប្រហារណាមួយលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ភាគីជាប់កិច្ចព្រមព្រៀងមួយ ឬលើសពីមួយ នឹងត្រូវបានចាត់ទុកថាជាការឈ្លានពានប្រឆាំងនឹងភាគីផ្សេងទៀត»។ វាក៏ចងប្រទេសទាំង៣ឱ្យធ្វើការទប់ស្កាត់ ឬដោះស្រាយការបះបោរប្រដាប់អាវុធផងដែរ។

មេដឹកនាំយោធាម៉ាលី លោក Assimi Goita បាននិយាយនៅលើបណ្ដាញសង្គម X (អតីតធ្វីតធឺរ) របស់លោកថា៖ «ថ្ងៃនេះ ខ្ញុំបានចុះហត្ថលេខាជាមួយប្រមុខរដ្ឋបួរគីណាហ្វាសូ និងនីហ្សេ លើកតិកសញ្ញា Liptako-Gourma ដែលបង្កើតសម្ព័ន្ធភាពនៃរដ្ឋនៅតំបន់សាហែល ក្នុងបំណងបង្កើតក្របខ័ណ្ឌការពាររួម និងជួយគ្នាទៅវិញទៅមក»។

Liptako-Gourma សំដៅលើតំបន់ព្រំដែនរួមរវាងម៉ាលី បួរគីណាហ្វាសូ និងនីហ្សេ ដែងរងការបំផ្លិចបំផ្លាញដោយការបះបោរប្រដាប់អាវុធក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

ចំណែកឯលោក Abdoulaye Diop រដ្ឋមន្ត្រីការពារជាតិម៉ាលីវិញ បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុង Bamako រដ្ឋធានីនៃប្រទេសម៉ាលីថា ៖ «សម្ព័ន្ធភាពនេះ នឹងក្លាយជាការរួមបញ្ចូលគ្នានៃកិច្ចខិតខំប្រឹងប្រែងយោធា និងសេដ្ឋកិច្ចរវាងប្រទេសទាំង៣»។

លោកបន្តថា៖ «អាទិភាពរបស់យើង គឺការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅក្នុងប្រទេសទាំង៣»។

គួរគូសបញ្ជាក់ថា ការបះបោរប្រដាប់អាវុធដែលបានផ្ទុះឡើងនៅភាគខាងជើងប្រទេសម៉ាលីក្នុងឆ្នាំ ២០១២ បានរាលដាលដល់ប្រទេសនីហ្សេ និងបួរគីណាហ្វាសូក្នុងឆ្នាំ ២០១៥។ រដ្ឋទាំង៣ គឺជាសមាជិកនៃកងកម្លាំងសម្ព័ន្ធភាពនៃក្រុមប្រទេសសាហែលទាំង៥ (G5 Sahel) ដែលគាំទ្រដោយបារាំងជាមួយប្រទេសឆាដ និងម៉ូរីតានី ដែលបានចាប់ផ្តើមនៅឆ្នាំ ២០១៧ ដើម្បីដោះស្រាយក្រុមប្រដាប់អាវុធដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងក្រុមរដ្ឋអ៊ិស្លាមអាយស៊ីស។

សម្ព័ន្ធភាពថ្មីនេះ បង្កើតឡើងខណៈប្រទេសទាំង៣ដដែល បានជួបប្រទះនូវរដ្ឋប្រហារដណ្ដើមអំណាចដោយក្រុមយោធា ដែលត្រូវបានគេមើលឃើញថា មានទំនោរទៅកាន់រុស្ស៊ី។ ចុងក្រោយគេបង្អស់ គឺនៅពេលដែលទាហាននីហ្សេ បានផ្ដួលរំលំរបស់រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Mohamed Bazoum ដែលបានសហការជាមួយលោកខាងលិច ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមប្រដាប់អាវុធនៅតំបន់សាហែល។

សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) បានគម្រាមធ្វើអន្តរាគមន៍ផ្នែកយោធាក្នុងប្រទេសនីហ្សេ ជុំវិញរដ្ឋប្រហារ ប៉ុន្តែប្លុកបានបន្ទន់នូវវោហាសាស្ត្រសង្គ្រាមរបស់ខ្លួនវិញ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗ។ ម៉ាលី និងបួរគីណាហ្វាសូ បានឆ្លើយតបយ៉ាងរហ័ស ដោយនិយាយថា ប្រតិបត្តិការបែបនេះនឹងត្រូវបានចាត់ទុកថាជា «ការប្រកាសសង្គ្រាម» ប្រឆាំងនឹងពួកគេ៕ ប្រែសម្រួល៖ ហួន ឌីណា

ads banner