យន្តហោះមួយគ្រឿងធ្លាក់នៅរដ្ឋអាម៉ាហ្សូន បណ្ដាលឱ្យមនុស្ស១៤នាក់ស្លាប់
ប្រេស៊ីល៖ កាលពីពេលថ្មីៗនេះអភិបាលរដ្ឋអាម៉ាហ្សូន បាននិយាយថា ការធ្លាក់យន្តហោះកាលពីថ្ងៃសៅរ៍នៅក្នុងរដ្ឋរបស់ខ្លួន ដែលស្ថិតនៅភាគខាងជើងប្រទេសប្រេស៊ីល បានបណ្តាលឱ្យមនុស្សចំនួន ១៤ នាក់បានស្លាប់បាត់បង់ជីវិត។
ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងខេត្ត Barcelos ដែលមានចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រ (២៤៨ ម៉ាយ) ពីរដ្ឋធានី Manaus របស់រដ្ឋ។
លោក Wilson Lima អភិបាលរដ្ឋ Amazonas សរសេរនៅលើកម្មវិធី ធ្វីតធ័រ ដែលពីមុនត្រូវបានគេស្គាល់ថា Twitter ថា ៖ «ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំងចំពោះការស្លាប់របស់អ្នកដំណើរទាំង ១២ នាក់ និងសមាជិកនាវិកពីរនាក់ ដែលជាជនរងគ្រោះនៃឧបទ្ទវហេតុធ្លាក់យន្តហោះនៅទីក្រុង Barcelos កាលពីថ្ងៃសៅរ៍»។
លោក Wilson បន្តថា ៖ «ក្រុមការងាររុករករបស់យើងបានធ្វើការតាំងពីដើមដំបូង ដើម្បីផ្តល់ការគាំទ្រជាចាំបាច់។ យើងអាណិតអាសូរ ហើយខ្ញុំសូមចូលរួមរំលែកទុក្ខ របស់ខ្ញុំទៅកាន់ក្រុមគ្រួសារ និងមិត្តភក្តិរបស់ពួកគេ»។
ដោយឡែកក្រុមហ៊ុនអាកាសចរណ៍ Manaus Aerotaxi បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបញ្ជាក់ថា ខ្លួនកំពុងស៊ើបអង្កេតលើឧបទ្ទវហេតុមួយនេះ ក៏ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីការស្លាប់ ឬរបួសនោះទេ។
សេចក្តីថ្លែងការណ៍ដដែលបានឱ្យដឹងថា ៖ «យើងគោរពលើឯកជនភាពរបស់អ្នកដែលពាក់ព័ន្ធក្នុងគ្រាដ៏លំបាកនេះ ហើយយើងនឹងព្យាយាមផ្តល់ព័ត៌មាន និងបច្ចុប្បន្នភាពចាំបាច់ទាំងអស់ នៅពេលដែលការស៊ើបអង្កេតកំពុងដំណើរការ»។
ចំណែកប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលមួយចំនួនបានរាយការណ៍ថា ពលរដ្ឋអាមេរិកមួយចំនួនស្ថិតក្នុងចំណោមអ្នកស្លាប់នៃឧបទ្ទវហេតុធ្លាក់យន្តហោះនេះ៕ ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍនៈ