រយៈពេល ប្រាំបីខែ ឆ្នាំ២០២៣ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ មានចំនួនជាងមួយពាន់នាក់
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្សមួយពាន់នាក់ បានស្លាប់ និងជាង ២ ៧០០នាក់ ផ្សេងទៀតបានរងរបួសធ្ងន់-ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល ប្រាំបីខែនៃឆ្នាំ២០២៣នេះ ។អត្រានេះថយចុះ៩ភាគរយបើធៀបនឹងរយៈពេលដូចគ្នានសឆ្នាំមុន។នេះជាការថ្លែងឡើងរបសឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីបើកយុទ្ធនាការ ជិះម៉ូតូពាក់មួកសុវត្ថិភាព នៅក្រុងសៀមរាប កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។
យោងតាមហ្វេសប៊ុកមន្ទីរព័ត៌មានខេត្តសៀមរាប ឯកឧត្តម ប៉េង ពោធិ៍នា បានថ្លែងឱ្យដឹងថា ៖ «ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣នេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតមានឡើងចំនួន ២ ១២៦លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ១ ០១៥នាក់ របួសធ្ងន់១ ៧៧៥នាក់ និង របួសស្រាល១០១៦ នាក់»។ ក្នុងចំណោមអ្នករងគ្រោះទាំងនោះ ភាគច្រើនជាអ្នកជិះម៉ូតូដែលមិនបានពាក់មួកសុវត្ថិភាព ហើយចំនួននៃអ្នករងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នេះ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២កន្លងទៅ មានការថយចុះ ៩ភាគរយ។

ឯកឧត្តម ប៉េង ពោធិ៍នា បានបញ្ជាក់ថា ៖ «គ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាសុខភាពសាធារណៈដែលទាមទារ ឱ្យមានការដោះស្រាយជាបន្ទាន់ ខណៈចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតែមានតួលេខខ្ពស់គួរឱ្យព្រួយបារម្ភ ដោយសារគ្រោះថ្នាក់ចរាចរណ៍ បានធ្វើឱ្យកម្ពុជាខាតបង់ថវិកាជាតិប្រមាណជាង ៤០០ លានដុល្លាអាមេរិក ក្នុងមួយឆ្នាំ ដោយមិនទាន់គិតពីផលវិបាកសង្គមនានាជាច្រើនទៀត»។
នាពិធីនោះដែរ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ក៏បានលើកឡើងដែរថា កត្តាកំណើនមធ្យោបាយយានយន្ត ការនិយមប្រើប្រាស់យានជំនិះផ្ទាល់ខ្លួនច្រើន ការប្រើប្រាស់ទ្រូងផ្លូវ ចិញ្ចើមផ្លូវ មិនទាន់បានត្រឹមត្រូវ គួបផ្សំកត្តាមួយចំនួនទៀត បានបង្កើតឱ្យជាបញ្ហាប្រឈម ដូចជាការកកស្ទះចរាចរណ៍ និងការកើតមានគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ។
លោកបន្តថា ការប្រារព្ធយុទ្ធនាជិះម៉ូតូពាក់មួកសុវត្ថិភាព នេះឡើង ក្នុងគោលបំណងសំខាន់បំផុត គឺដើម្បី ពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងឡាយ ឱ្យយល់ដឹងអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ និងត្រូវយកចិត្តទុកដាក់គោរពច្បាប់ស្តីពីចរាចារណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតទាប។
ទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី(AIP) ប្រចាំកម្ពុជា លោក គឹម បញ្ញា បានប្រាប់ឱ្យដឹងថា តួលេខនៃគ្រោះថ្នាក់ចរាចរណ៍ ទាំងអ្នកស្លាប់ និងអ្នករងរបួសនៅមានចំនួនខ្ពស់គួរឱ្យព្រួយបារម្ភ បើទោះបីជាការប្រៀបធៀបកាលពីឆ្នាំ២០២២មានសញ្ញាណថយចុះក៏ដោយ។
លោក គឹម បញ្ញា បានថ្លែងថា ៖ «វិធានការដែលយើងត្រូវធ្វើគឺត្រូវជំរុញធ្វើយ៉ាងណាឱ្យមានការចូលរួមពីអ្នកពាក់ព័ន្ធ ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ឱ្យបានតឹងរ៉ឹង ទូលំទូលាយ ឱ្យបានជាប់លាប់ទាំងថ្ងៃទាំងយប់ និងត្រូវអនុវត្តឱ្យបានស្មើភាព និងភាពត្រឹមត្រូវ និងត្រូវឱ្យមានការគាំទ្រពីប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្លូវផងដែរ»។
មន្រ្តីជំនាញរូបនេះបានបន្ថែមថា ការពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ មិនមែនចង់ឃើញប្រជាពលរដ្ឋត្រូវបានទទួលរងការផាកពិន័យនោះទេ តែលោកចង់ឃើញប្រជាពលរដ្ឋគោរពច្បាប់ដោយ អ្នកជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព ហើយជិះរថយន្តត្រូវពាក់ខ្សែក្រវាត់៕ ដោយ៖ នាង សុគន្ធា