កម្ពុជា និងឥណ្ឌា បន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជាជាមួយគ្នាទៀត
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី១៩ ខែកញ្ញា បានជួបពិភាក្សាការងារជាមួយនឹងលោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ។ក្នុងជំនួបភាគីឥណ្ឌាប្រកាសបន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជាផងដែរ។
ប្រភពបានបញ្ជាក់ថា ក្នុងសវនាការភាគីទាំងពីរបានលើកឡើងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសឥណ្ឌា និងកម្ពុជា រួមមានវិស័យនយោបាយ ការពង្រឹង និងការតភ្ជាប់លទ្ធិប្រជាធិបតេយ្យ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការពារជាតិ ការអភិវឌ្ឍន៍ ធនធានមនុស្ស ទំនាក់ទំនងវប្បធម៌ និងការងារមនុស្សធម៌ជាដើម។

ក្នុងនាមសម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដែលបានផ្តល់នូវទឹកចិត្តប្រកបដោយសប្បុរសជួយសម្រាលបន្ទុក លុបបំបាត់ការភ័យខ្លាច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
តាមរយៈហ្វេសប៊ុកឯកឧត្តម លី ធុជ បានលើកឡើងថា ៖ «យើងសូមសរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវ និងសហការី ដែលបានស្វែងរកការគាំទ្រពីរដ្ឋាភិបាលឥណ្ឌា ក្នុងការចូលរួមជួយដល់ការបោសសម្អាតមីនមនុស្សធម៌ ដោយជ្រើសរើសយកខេត្តកោះកុងជាខេត្តអាទិភាពក្នុងការអនុវត្តគម្រោងដំបូងរបស់ខ្លួន»។

យោងតាមហ្វេសប៊ុកអាជ្ញាធរមីននោះដែរ លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានលើកឡើងថា ៖ «តាមរយៈគម្រោងផ្តល់ផលរហ័ស រដ្ឋាភិបាលឥណ្ឌាបានផ្តល់ការគាំទ្រថវិកាដល់អាជ្ញាធរមីនលើការអនុវត្តគម្រោងភូមិអស់មីននៅខេត្តកោះកុង និងការចូលរួមលើកកម្ពស់គុណភាពរស់នៅរបស់ជនមានពិការភាពនៅខេត្តបន្ទាយមានជ័យ តាមរយៈការផ្តល់នូវអវយវៈសិប្បនិម្មិតចំនួន ៥០០ ផងដែរ»។
ក្នុងឱកាសនោះដែរ លោកស្រីDevyani Khobragade ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ដែលផ្តល់ការគាំទ្រ និងផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ ក្នុងការអនុវត្តគម្រោងបោសសម្អាតមីន និងសម្របសម្រួលដល់ការចូលរួមការងារមនុស្សធម៌នៅកម្ពុជា។

សូមបញ្ជាក់ថា ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥២ កម្ពុជា និងឥណ្ឌាបានពង្រឹងភាពជាដៃគូដ៏រឹងមាំ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកគ្រប់កម្រិត មិនថាក្នុងកម្រិតទ្វេភាគី តំបន់ និងពហុភាគី ព្រមទាំងបានឈានដល់កម្រិតថ្មីមួយដូចដែលបានឆ្លុះបញ្ចាំង តាមរយៈការកើនឡើងនៃគណៈប្រតិភូផ្លូវការ ព្រមទាំងការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន វប្បធម៌ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច៕ ដោយ៖ នាង សុគន្ធា
