លោក ត្រាំ ថា បើសិនជាប់ឆ្នោតម្តងទៀត លោកនឹងបញ្ជូនកងទ័ពទៅព្រំដែនអាមេរិក-ម៉ិកស៊ិក
វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី២០ ខែកញ្ញានេះ បាននិយាយថា ប្រសិនបើជាប់ឆ្នោតម្តងទៀត លោកនឹងផ្លាស់ប្តូរធនធានមនុស្សមកពីភ្នាក់ងារអនុវត្តច្បាប់សហព័ន្ធ ហើយបញ្ជូនកងទ័ពដែលមានមូលដ្ឋាននៅក្រៅប្រទេសរាប់ពាន់នាក់ ទៅកាន់ព្រំដែនអាមេរិក និងម៉ិកស៊ិក។
ថ្លែងនៅចំពោះមុខអ្នកគាំទ្រនៅរដ្ឋអាយអូវ៉ា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាថា នឹងពង្រីកការហាមឃាត់ការធ្វើដំណើរចូលមកកាន់ទឹកដីសហរដ្ឋអាមេរិក ដើម្បីរារាំងពលរដ្ឋមកពីប្រទេសមួយចំនួន ដែលមានជនជាតិម៉ូស្លីមភាគច្រើន ដូចកាលពីអំឡុងអាណត្តិប្រធានាធិបតីឆ្នាំ ២០១៧-២០២១ របស់គាត់។

នាឱកាសនោះដែរ លោក ត្រាំ បានហៅការឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិកខុសច្បាប់ ស្ថិតក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន ថា ជា “ការឈ្លានពាន” ដោយលោកបានស្វែងរកការស្តីបន្ទោសចំពោះបញ្ហានេះលើរដ្ឋបាលអាមេរិកបច្ចុប្បន្ន។
សូមបញ្ជាក់ថា លោក ចូ បៃដិន ដែលមកពីគណបក្សប្រជាធិបតេយ្យកំពុងឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសម្រាប់អាណត្តិថ្មី ហើយបើតាមការរំពឹងទុកនោះ គាត់អាចនឹងត្រូវប្រកួតប្រជែងជាមួយលោក ដូណាល់ ត្រាំ ដែលជាបេក្ខជននាំមុខគេមកពីគណបក្សសាធារណរដ្ឋ៕

ប្រភព៖ The Straits Times ប្រែសម្រួលដោយ៖ ឈឹម ទីណា