ចក្រភពអង់គ្លេស បង្ហាញឆន្ទៈបន្តជួយកម្ពុជាក្នុងសកម្មភាពមីន និងត្រៀមអនុម័តជំនួយថវិកាបន្ថែម
ភ្នំពេញ៖ ចក្រភពអង់គ្លេសតាមរយៈលោក ដូមីនិច វិល្លៀម(Dominic Williams )ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានបង្ហាញឆន្ទៈបន្តជួយកម្ពុជាក្នុងសកម្មភាពមីន ដោយអះអាងថារដ្ឋាភិបាលខ្លួនត្រៀមនឹងអនុម័តជំនួយថវិកាដល់កម្ពុជាសម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៥ នៅក្នុងខែវិច្ឆិកា ខាងមុខដោយបញ្ចូលក្នុងផែនការសកម្មភាពរបស់អង្គការដោះមីន HALO Trust និង MAG។
ការបង្ហាញឆន្ទៈរបស់ចក្រភពអង់គ្លេសដូច្នេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងលោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា នៅទីស្នាក់ការអាជ្ញាធរមីន នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសរបស់អាជ្ញាធរមីន។
ប្រភពដដែលបញ្ជាក់ថា នៅក្នុងជំនួបនេះ ឯកឧត្តម លី ធុជ បានលើកឡើងចំពោះទំនាក់ទំនងនិងកិច្ចសហប្រិតបត្តិការរវាងប្រទេសទាំង២ លើគ្រប់វិស័យ ទាំងផ្នែកពាណិជ្ជកម្ម ការបរទេស បរិស្ថាន ការអប់រំ និងសុខាភិបាលជាដដើម ជាពិសេសការគាំទ្រដល់សកម្មភាពបោសសម្អាតមីនមនុស្សធម៌។
លោកលី ធុជ ថ្លែងថា៖«ចក្រភពអង់គ្លេស បានចូលរួមជូយដល់កម្ពុជាចាប់តាំងពីឆ្នាំ១៩៩៨ ដែលរហូតមកដល់ពេលនេះ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមប្រមាណជាង ១៦០គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច ព្រមទាំងរកឃើញ និងកម្ទេចចោលគ្រាប់មីនចំនួន ៦៧ ៥៩០ គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀតចំនួន ៤៧ ៧៨៨ គ្រាប់»។
ចំណែក លោក Dominic Williams បានវាយតម្លៃខ្ពស់ចំពោះកិច្ចសប្រតិបត្តិការដែលអាជ្ញាធរមីនបានផ្តល់ជូនចក្រភពអង់គ្លេសសម្រាប់សកម្មភាពមីនមនុស្សនៅកម្ពុជា។លោកបញ្ជាក់បន្ថែមថា៖«ពាក់ព័ន្ធនឹងការចូលរួមរបស់ចក្រភពអង់គ្លេសក្នុងគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ អង់គ្លេស បានរៀបចំផែនការ និងត្រៀមកញ្ចប់ថវិការួចរាល់ហើយសម្រាប់ផែនការឆ្នាំ២០២៤ និងឆ្នាំ២០២៥ ក្នុងកិច្ចប្រតិបត្តិការសកម្មភាពមីន» ។
លោកគូសបព្ជាក់ថា ជំនួយសម្រាប់កម្ពុជានឹងដាក់បញ្ចូលក្នុងសកម្មភាពរបស់អង្គការដោះមីន HALO Trust និង MAG ខណៈកំពុងរង់ចាំការអនុម័តជាផ្លូវការពីសំណាក់រដ្ឋាភិបាលក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ស៊ឺន សម អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាលើកឡើងថា អង់គ្លេសផ្តល់តម្លៃដល់ការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសនានា តួយ៉ាងប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសក្នុងក្របខ័ណ្ឌជំនួយមនុស្សធម៌ ខណៈខ្លួនមិនមែននៅក្នុងក្របខណ្ឌសហភាពអឺរ៉ុបទៀតឡើយ។ លោកបន្តថា៖«រដ្ឋាភិបាល និងប្រជាជនកម្ពុជាមានអារម្មណ៍វិជ្ជមានជាមួយចក្រភពអង់គ្លេស ដោយហេតុជំនួយវិស័យអប់រំតួយ៉ាងកម្មវិធីសិក្សាភាសាអង់គ្លេសក្នុងកម្មវិធីសិក្សាក៏ជាជំនួយរបស់ចក្រភពអង់គ្លេសដែរ។ ដូច្នេះជំនួយដោះមីននេះ ជារឿងសំខាន់ ទាំងក្នុងវិស័យមនុស្សធម៌ផង និងឥរិយាបថពង្រឹងការទូតផង»។
លោកសង្កត់ធ្ងន់ថា ទំនាក់ទំនងទ្វេភាគីកម្ពុជា-អង់គ្លេស ជាទំនាក់ទំនងយូរលង់ណាស់មកហើយពោលគឺ រយៈពេល៧០ឆ្នាំ ដែលយូរជាងទំនាក់ទំនងជាមួយប្រទេសភាគច្រើនផង ទោះជាយ៉ាងណា ការទូតរវាងប្រទេសទាំង២ ក្នុងក្របខណ្ឌមនុស្សធម៌នោះទេដោយសារទំហំពាណិជ្ជកម្មទ្វេភាគីនៅមានកម្រិត ប៉ុន្តែជំនួយរបស់អង់គ្លេសនៅតែមានសារៈសំខាន់។
ដោយឡែក នៅខណៈនេះក្រុមការងារបោសសំអាតមីន ស៊ីម៉ាក់ (CMAC) ក៏កំពុងបោសសម្អាតសំណល់ជាតិផ្ទុះពីសម័យសង្គ្រាមដីព្រៃជាង ៥០០ហិកតា នៅក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប ដែលសព្វថ្ងៃបានបោសសម្អាតបានផ្ទៃដី២៥ភាគរយ ទៅហើយ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ ខាងមុខ។ នេះបើយោងតាមលោកលោក អ៊ាន សុធា ប្រធានកងឯកភាពកំចាត់មីនទី៤ ស៊ីម៉ាក់ (CMAC) ប្រចាំខេត្តសៀមរាប ថ្លែងក្នុងពិធីប្រគល់-ទទួល សម្ភារប្រើប្រាស់របស់មូលនិធិចិន Peace Land Foundation កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ៕
ដោយ៖ សំបាន ច័ន្ទដារ៉ា


