ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ កម្ពុជា ត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលអ្នកវិនិយោគជប៉ុនបន្តទៀត មកវិនិយោគនៅកម្ពុជា
(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានលើកឡើងថា ចំពោះកម្ពុជា យើងត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលអ្នកវិនិយោគជប៉ុនបន្តទៀត មកវិនិយោគនៅកម្ពុជា។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបន្តថា ក្នុងនោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានត្រៀមគិតគូររៀបចំដីសមស្របបង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់អ្នកវិនិយោគជប៉ុនបន្ថែមទៀត។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី គូសបញ្ជាក់ផងដែរថា សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយនឹង ឯកឧត្តម Shinzo Abe ធ្លាប់បានរៀបចំបង្កើតឱ្យមានគោលនយោបាយគ្រប់ជ្រុងជ្រោយរវាងជប៉ុន និងកម្ពុជា ហើយសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី នឹងបន្តជ្រោងអនុវត្តគោលនយោបាយនេះ។
ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានធ្វើការផ្តល់ជាយោបល់ដល់ ក្រុមហ៊ុន Mitsubishi ត្រូវមានការសម្រេចចិត្ត និងរៀបចំសំណើវិនិយោគច្បាស់លាស់ ដើម្បីក្រសួងអាចផ្តល់ការសម្របសម្រួលជូនប្រកបដោយប្រសិទ្ធភាព។
ការលើកឡើងរបស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយតំណាង ក្រុមហ៊ុន Mitsubishi ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ៕
ដោយ ង៉ាន់ ទិត្យ




