សមិទ្ធផលនៃវិស័យសុខាភិបាលរបស់កម្ពុជា ក្នុងសម័យក្រោយជំងឺកូវីដ-១៩ ត្រូវបានបង្ហាញក្នុងកិច្ចប្រជុំជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ

(ភ្នំពេញ)៖ ឯកឧត្តម អ៊ុច បូររិទ្ធ ទេសរដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំជាន់ខ្ពស់ នៃសម័យប្រជុំលើកទី ៧៨ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពី «ការធានារ៉ាប់រ៉ងសុខភាពជាសកល៖ ពង្រីកមហិច្ឆតារបស់យើង សម្រាប់សុខភាព និងសុខុមាលភាពនៅក្នុងពិភពលោកក្រោយជំងឺកូវីដ-១៩» នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣ នៅទីក្រុងញូវយ៉ក ។

នៅក្នុងសុន្ទរកថានោះ ឯកឧត្តម អ៊ុច បូររិទ្ធ បានបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួន របស់កម្ពុជា ចំពោះការធានារ៉ាប់រ៉ងសុខភាពជាសកល ដែលជាសសរស្តម្ភដ៏សំខាន់មួយ នៃការអភិវឌ្ឍដោយចីរភាព។ ឯកឧត្តម បានគូសបញ្ជាក់ពីការបោះជំហានចម្បងៗរបស់កម្ពុជា នៅក្នុងប្រព័ន្ធសុខាភិបាល រួមទាំងការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល យន្តការការពារហិរញ្ញវត្ថុសម្រាប់គ្រប់គ្នា និងការធ្វើឱ្យប្រសើរ នូវការថែទាំសុខភាពបឋម ដោយធានាថា ៨០% នៃប្រជាជនទាំងអស់ ទទួលបានសេវាថែទាំសុខភាពនៅក្នុងរង្វង់ ៥ គីឡូម៉ែត្រ។ គិតត្រឹមឆ្នាំ២០២៣ ប្រទេសកម្ពុជាមានមណ្ឌលសុខភាពចំនួន ១.១៣៦ និងមន្ទីរពេទ្យចំនួន ១២២។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជា នៅក្នុងការបង្ការ និងគ្រប់គ្រងជំងឺ ជាពិសេសការលុបបំបាត់ជំងឺគ្រុនចាញ់ នៅឆ្នាំ២០២០ និងការសម្រេចបាននូវវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ ក្នុងការកាត់បន្ថយអត្រានៃការឆ្លងមេរោគអេដស៍។ កម្ពុជា កំពុងពង្រឹងប្រព័ន្ធតាមដានជំងឺ ដើម្បីស្វែងរក និងឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះជំងឺនានាដែលបង្កឡើង ដោយការប្រែប្រួលអាកាសធាតុ។

ឯកឧត្តម អ៊ុច បូររិទ្ធ បានបញ្ជាក់សាជាថ្មីអំពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការសហការជាមួយបណ្តាប្រទេសជាសមាជិកអង្គការសហប្រជាជាតិ ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធនានា ដើម្បីឈានទៅរកគោលដៅសុខភាពជាសកលក្នុងពិភពលោកក្រោយពីជំងឺកូវីដ-១៩។ ឯកឧត្ដម បានគូសបញ្ជាក់ថា សុខភាពមិនត្រឹមតែជាគោលដៅប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមូលដ្ឋានគ្រឹះមួយ ដែលអនុញ្ញាតឱ្យយើងអាចកសាងពិភពលោកមួយ ប្រកបដោយភាពស្មើភាព និងវិបុលភាពជាងមុន៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner