សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធព្រលានយន្តហោះនៅសៀមរាប ចន្លោះខែវិច្ឆិកា និងខែធ្នូ ខាងមុខ

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធព្រលានយន្តហោះនៅសៀមរាប ចន្លោះខែវិច្ឆិកា និងខែធ្នូ ខាងមុខ ដែលជាព្រលានយន្តហោះថ្មី ដែលនឹងរួមចំណែកទាក់ទាញវិស័យទេសចរណ៍បន្ថែមទៀត ។

នេះជាការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ នៅសហរដ្ឋអាមេរិក និងកាណាដា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ២៥០០នាក់ នាថ្ងៃទី២៣ ខែកញ្ញា ២០២៣ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៤ព្រឹក នៅកម្ពុជា ។

ថ្លែងទាក់ទងទៅនឹងកិច្ចការបន្តអភិវឌ្ឍន៍ប្រទេសជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចន្លោះខែវិច្ឆិកា និងខែធ្នូ សម្តេចនឹងអញ្ជើញសម្ពោធព្រលានយន្តហោះនៅសៀមរាប ដែលជាព្រលានយន្តហោះថ្មី ដែលនឹងរួមចំណែកទាក់ទាញវិស័យទេសចរណ៍បន្ថែមទៀតនាពេលខាងមុខ ។

សម្ដេចបញ្ជាក់ថា នៅដើមឆ្នាំ២០២៤ សម្តេចនឹងអញ្ជើញសម្ពោធព្រលានយន្តហោះថ្មី នៅក្រុងតាខ្មៅ ផងដែរ ។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) បានរៀបចំ ជើងហោះ ហើរសាកល្បងមួយចំនួនតាមការចាំបាច់ ដែលមិនមានលក្ខណៈពាណិជ្ជកម្ម និងមិនរកប្រាក់ចំណេញ ចន្លោះខែតុលា ឆ្នាំ២០២៣។

អាកាសយានដ្ឋានអន្តរជាតិថ្មី ដែលមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវាល ឃុំតាយ៉ក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ឈ្មោះជាផ្លូវការ ៖ អាកាស យានដ្ឋាន អន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport) ។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាអាកាសយានដ្ឋានអន្តរជាតិលំដាប់ 4E ជាមួយផ្លូវបត់រត់ប្រវែង ៣,៦០០ ម៉ែត្រ មានសមត្ថភាពឲ្យយន្តហោះគ្រប់ប្រភេទចុះចតបាន ដោយបំពាក់បច្ចេកវិទ្យាថ្មីបំផុត សម្រាប់សុវត្ថិភាព និងសន្តិសុខ ដល់អ្នកដំណើរ។ អាកាសយានដ្ឋានមានចំណតយន្តហោះរហូតដល់ទៅ ៣៨ ដោយមានសមត្ថភាព ទទួលអ្នកដំណើរប្រមាណ ៧លាននាក់ក្នុងមួយឆ្នាំ។ នៅក្នុងដំណាក់កាលទី២ អាចទទួលអ្នកដំណើរដល់ ១០លាននាក់ ក្នុងមួយឆ្នាំ ហើយដំណាក់ កាលទី៣ អាចទទួលអ្នកដំណើរបានរហូតដល់ ២០លាននាក់នៅក្នុងមួយឆ្នាំ។

សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណជិត ១ពាន់លានដុល្លារ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner