សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ខ្មែរនៅក្រៅប្រទេស ជុំវិញគោលនយោបាយការបរទេសកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិក (Video Inside)
សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ពលរដ្ឋខ្មែរនៅក្រៅប្រទេស នូវជំហរគោលនយោបាយរបស់រាជរដ្ឋាភិបាលជាមួយនឹងសហរដ្ឋអាមេរិក។
ប្រសាសន៍បញ្ជាក់នេះ បានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល ជាមួយពលរដ្ឋខ្មែររស់នៅក្នុងសហរដ្ឋអាមេរិក និងប្រទេសកាណាដា ប្រមាណ ២ពាន់ ៥០០នាក់ ដែលបាននាំគ្នាមកទទួលស្វាគមន៍ដំណើររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអញ្ជើញចូលរួមកិច្ចប្រជុំមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ។
សម្តេចធិបតីបានលើកឡើងនូវការជួបជាមួយនឹងអនុរដ្ឋមន្ត្រីការបរទេសស្តីទីសហរដ្ឋអាមេរិក លោកស្រី វីកថូរៀ នូលែន Victoria Nuland ដែលបានបញ្ជាក់ការផ្តល់ជំនួយមកកម្ពុជាវិញ ចំនួន ១៨លានដុល្លារ និងសម្តេចធិបតីបានបញ្ជាក់នូវជំហររបស់រាជរដ្ឋាភិបាល ជុំវិញបញ្ហាឈូងសមុទ្ទរាម ដើម្បីបញ្ចៀសការភ័ន្តច្រឡំនានា ដោយសារតែក្រុមធ្វើនយោបាយប្រឆាំង តែងនិយាយលាបពណ៌មិនពិតអំពីជំហរម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាល។
សម្តេចធិបតីនៅបានលើកឡើងនូវការដាក់ចេញគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលទិសដៅ គឺដើម្បីការកាត់បន្ថយអត្រាអតិផរណា និងឈានដល់ការសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។ សម្តេចធិបតីបានប្រាប់ពលរដ្ឋខ្មែរនូវគោលដៅសំខាន់ នៃការនាំសេដ្ឋកិច្ចជាតិ ឱ្យមានការរីកចំរើន។
សម្តេចធិបតីក្នុងឱកាសសំណេះសំណាល នៅបានជម្រាបជូនពលរដ្ឋខ្មែររស់នៅបរទេស អំពីការវិវឌ្ឍន៍របស់ប្រទេសជាតិ ជាពិសេសអំពីលទ្ធផលការងារពេញមួយខែ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក៏ដូចជាអំពីបេសកកម្ម ចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។
សម្តេចធិបតីបានថ្លែងថាបេសកកម្មលើទឹកដីអាមេរិក ក៏ដូចជាដំណើរចេញក្រៅប្រទេស ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឥណ្ឌណេស៊ី និងដំណើរទស្សនកិច្ច ក្នុងប្រទេសចិន ដែលបានធ្វើនៅក្នុងខែកញ្ញានេះ គឺផ្តោតលើ ៣ចំណុចជាប្រយោជន៍ធំៗនោះ គឺការងារការទូត, ការងារនយោបាយ និងការងារសេដ្ឋកិច្ច។