ក្រសួងវប្បធម៌កម្ពុជា សង្ស័យការធ្វើសំណង់ប្រាសាទបុរាណលើទឹកដីថៃ ជាការចម្លងពីគំរូរបស់ខ្មែរ (Video Inside)

ក្រសួងវប្បធម៌ នៃប្រទេសកម្ពុជា បានសង្ស័យការធ្វើសំណង់ប្រាសាទបុរាណមួយលើទឹកដី នៃប្រទេសថៃ គឺជាសំណង់លួចចម្លងពីប្រាសាទបុរាណខ្មែរ។

សំណង់តាមលំនាំប្រាសាទអង្គរវត្តរបស់កម្ពុជា ត្រូវបានគេឃើញកំពុងសាងសង់ក្នុងវត្តថៃ ឈ្មោះវត្តភូម៉ានហ្វា ស្ថិតក្នុងខេត្តបុរីរ៉ាម។

រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ស៊ុំ ម៉ាប់ បានថ្លែងនៅថ្ងៃទី២៦ កញ្ញានេះបញ្ជាក់ថា ក្រសួងបាន និងកំពុងតាមដានលើការកសាងសំណង់ប្រាសាទបុរាណ ដែលគេសង្ស័យថាយកលំនាំតាមប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា។ ការសាងសង់សំណង់ប្រាសាទអង្គរវត្តលើទឹកដីថៃនេះ ត្រូវគេរាយការណ៍ថាបានចាប់ផ្តើមធ្វើតាំងពីឆ្នាំ២០២១នោះមក។

រដ្ឋលេខាធិការក្រសួងវប្បធម៌លោក ស៊ុំ ម៉ាប់ បានថ្លែងថា «តាំងពីបញ្ហាហ្នឹងកើតមានឡើងដំបូងមក ក្រសួងវប្បធម៌មិនដែលព្រងើយកន្តើយឡើយ»។ លោកបានបញ្ជាក់ថា « យើងទាំងប្រព័ន្ធការទូត ដូចជាសកម្មភាពជំនាញ កំពុងត្រួតពិនិត្យថា តើសំណង់នោះមានការចម្លង ឬមិនចម្លង ហើយកម្ពុជាក៏បានបញ្ជូនអ្នកជំនាញរបស់ខ្លួន ទៅស្រាវជ្រាវនៅទីតាំងផ្ទាល់នោះដែរ»។ លោកបានថ្លែងថាក្រសួងវប្បធម៌បានប្រតិកម្មតាំងពីដើមទីមកម្ល៉េះ ហើយក៏មានកិច្ចសហការចូលរួមពីភាគីថៃផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ក្រសួងវប្បធម៌របស់កម្ពុជានៅមិនទាន់បានដាក់ពាក្យចោទប្រកាន់ ជុំវិញករណីសំណង់ប្រាសាទបុរាណនោះឡើយ គ្រាដែលមន្ត្រីវប្បធម៌បានថ្លែងថាវា «ជារឿងមួយដែលទាមទារទាំងបច្ចេកទេស ទាំងការទូត និងភាពច្បាស់លាស់នៅក្នុងការដោះស្រាយ»។

ads banner