ប្រមុខកងទ័ពមកពីប្រទេសចំនួន ៣០ ជួបគ្នានៅឥណ្ឌា ដើម្បីពិភាក្សាពីបញ្ហាប្រឈមនៅតំបន់អាស៊ីប៉ាស៊ីហ្វិក

ញូវដែលី៖ ប្រមុខកងទ័ព និងមន្ត្រីជាន់ខ្ពស់មកពីប្រទេសចំនួន ៣០ រួមទាំងសហរដ្ឋអាមេរិកបានជួបប្រជុំគ្នាក្នុងប្រទេសឥណ្ឌា នៅថ្ងៃទី២៦ ខែកញ្ញានេះ ដើម្បីពិភាក្សាអំពីការគំរាមកំហែងដែលកំពុងប្រឈមនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ថ្លែងប្រាប់អ្នកសារព័ត៌មានអមដោយសមភាគីឥណ្ឌា ប្រមុខកងទ័ពអាមេរិក លោក Randy George បាននិយាយថា តំបន់អាស៊ីប៉ាស៊ីហ្វិកមានសារៈសំខាន់ណាស់ ហើយបានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីរក្សាតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលសេរី និងបើកចំហ។

លោក George បាននិយាយយ៉ាងដូច្នេះថា ភាពជាដៃគូរវាងកងទ័ពឥណ្ឌា និងកងទ័ពអាមេរិក គឺមានសារៈសំខាន់ណាស់សម្រាប់ស្ថិរភាពនៅក្នុងតំបន់ ហើយទំនាក់ទំនងរវាងកងទ័ពរបស់យើងក៏មានភាពរឹងមាំ និងរីកចម្រើនកាន់តែខ្លាំងឡើងផងដែរ។

ជាមួយគ្នានេះ ប្រមុខកងទ័ពឥណ្ឌា លោក Manoj Pande បានគូសបញ្ជាក់ថា តំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងប្រឈមនឹងបញ្ហាទាំងនៅលើដីគោក និងផ្លូវសមុទ្រ ហើយថា បញ្ហាទាំងនេះ ក៏រួមមានទាំងការបង្កើតកោះសិប្បនិមិត្ត ដើម្បីទទួលបានទឹកដី និងបង្កើតមូលដ្ឋានយោធាផងដែរ។ លោក Pande បាននិយាយដោយប្រយោលទៅកាន់ប្រទេសចិន។

សូមបញ្ជាក់ថា បណ្តាប្រទេសដែលមានវត្តមាននៅក្នុងសន្និសីទប្រមុខកងទ័ពតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (IPACC) លើកទី ១៣ រយៈពេលពីរថ្ងៃនៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា មានដូចជាសហរដ្ឋអាមេរិក ជប៉ុន អូស្រ្តាលី វៀតណាម និងហ្វីលីពីន។ សន្និសីទនេះ បានបើកដំណើរការក្នុងឆ្នាំ ១៩៩៩ ដោយប្រមូលផ្តុំមេទ័ព និងមន្ត្រីកំពូលៗមកពី ៣០ប្រទេស៕

ប្រភព៖ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner